website_news:2017030710

ថៃពន្យារពេលអនុវត្តច្បាប់ការងារថ្មីរយៈពេល១២០ថ្ងៃ បន្ទាប់ពីពលករចំណាកស្រុកបរទេសសម្រុកចាកចេញនាំអោយខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ

http://www.rasmei-kampuchea-news.html ដោយ ៖កញ្ញាដាលីស ថ្ងៃទី 1 កក្កដា 2017 ម៉ោង 02:38:PM

រដ្ឋាភិបាលយោធាថៃនិយាយថា ខ្លួននឹងពន្យារពេលចូលជាធរមាននូវច្បាប់ការងារថ្មី បន្ទាប់ពីពលករចំណាកស្រុករាប់ពាន់នាក់ ភៀសខ្លួនទៅស្រុកកំណើតក្នុងប្រទេសជិតខាងវិញក្នុងសប្តាហ៍នេះ ដោយបារម្ភថាត្រូវគេចាប់ខ្លួន និងផាកពិន័យធ្ងន់ធ្ងរ ក្រោមអនុក្រឹត្យថ្មីនេះ។ ភាពជ្រួលច្របល់បានកើតឡើងដោយសារតែកិច្ចប្រឹងប្រែងរបស់ថៃដើម្បីចេញច្បាប់គ្រប់គ្រងពលករបរទេសរាប់លាននាក់ ដែលរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ ជាមួយការងារជាច្រើនក្នុងរោងចក្រ ទូកនេសាទ និង ការងារប្រាក់កម្រៃទាបជាច្រើនទៀត។

របបយោធាបានដាក់ចេញយុទ្ធនាការជាច្រើន ក្នុងគោលបំណងចុះឈ្មោះពលករចំណាកស្រុក និង បង្ក្រាបលើបណ្តាញជួញដូរមនុស្សខុសច្បាប់ ប៉ុន្តែការប្រឹងប្រែងតែងមិនមានប្រសិទ្ធភាព និង អនុវត្តបានតែមួយឆាវៗ។ ជាលទ្ធផល ពលករចំណាកស្រុកជាច្រើននៅតែបន្តគ្មានឯកសារ និង ងាយរងគ្រោះចំពោះការកេងប្រវ័ញ្ចដោយក្រុមអ្នកជួញដូរមនុស្ស និង ថៅកែខិលខូច។

គិតត្រឹមថ្ងៃសុក្រទី ៣០ មិថុនា របបយោធានិយាយថា ខ្លួននឹងពន្យារពេលចំនួន ១២០ ថ្ងៃនូវការចូលជាធរមានផ្នែកខ្លះនៃច្បាប់ការងារថ្មីទាក់ទិនពលករបរទេស ដែលបានចូលជាធរមាននៅថ្ងៃទី ២៣ មិថុនា បន្ទាប់ពីច្បាប់ថ្មីនេះបង្កចលាចលក្នុងចំណោមពលករបរទេស និង ថៅកែរបស់ខ្លួន។ ឧបនាយករដ្ឋមន្ត្រី វីសានុ គ្រីង៉ាម បានប្រាប់អ្នកកាសែតថា “អំឡុងគ្រានេះ នឹងមិនមានការចាប់ខ្លួន ឬ បង្ក្រាបលើពលករខុសច្បាប់ទេ លើកលែងតែអ្នកដែលរំលោភច្បាប់ជួញដូរមនុស្ស”។

ការពន្យារពេលចូលជាធរមានច្បាប់នេះ កើតឡើង បន្ទាប់ពីពលកររាប់ពាន់នាក់បានចាកចេញទៅប្រទេសមីយ៉ាន់ម៉ា និង កម្ពុជាវិញ ដោយបារម្ភពីការចាប់ខ្លួន និង ផាកពិន័យក្រោមច្បាប់ថ្មី ដែលផាកពលករចំណាកស្រុករហូតដល់ទៅ ៣.០០០ ដុល្លារ ចំពោះការខ្វះខាតលិខិតអនុញ្ញាតការងារដែលមានសុពលភាព។ ក្រោមច្បាប់ថ្មីនេះ ថៅកែក៏អាចរងការផាកពិន័យដល់ទៅ ៨០០.០០០ បាតផងដែរ (២៤.០០០ ដុល្លារ) សម្រាប់ពលករគ្មានឯកសារម្នាក់ ដែលថៅកែនោះបានជួល៕

website_news/2017030710.txt · Last modified: 2017/07/02 12:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki