website_news:2017030711

ប្រាយុទ្ធ បញ្ជាឲ្យកែបញ្ញត្តិគ្រប់គ្រងពលករបរទេសវិញ ព្រោះខ្លាចបាត់បង់កម្លាំងពលកម្ម

http://www.thmey-thmey-news.html 30, Jun 2017 ,  9:39 pm ដោយ: តន ចាន់រិទ្ធារ៉ា

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឲ្យក្រសួងការងារពិនិត្យក្រឹត្យរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងពលករបរទេសឡើងវិញ បន្ទាប់ពីលោករកឃើញថាបញ្ញត្តិថ្មីនេះមានលក្ខណៈតឹងតែងពេក ដែលបង្កការលំបាកដល់ក្រុមហ៊ុនក្នុងស្រុក។ ក្រឹត្យថ្មីនេះ ដែលចូលធរមានតាំងពីថ្ងៃទី ២៣ ខែមិថុនា បានចែងពីការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទាំងពលករបរទេសខុសច្បាប់ និងម្ចាស់ក្រុមហ៊ុនថៃ ពេលប្រព្រឹត្តខុស។ ក្រុមនិយោជកថៃខ្លះទៀតក៏រិះគន់ថា បញ្ញត្តិថ្មីនេះត្រូវរដ្ឋាភិបាលអនុវត្តលឿនពេក។

បណ្ដាក្រុមហ៊ុន និងសហគ្រាសនៅថៃ បានប្រតិកម្មយ៉ាងខ្លាំងនឹងការអនុវត្តក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការគ្រប់គ្រងពលករបរទេស ដែលមានគោលដៅរឹតបន្តឹងការជួលពលករបរទេសឲ្យបំពេញការងារផ្សេងៗ ហើយពួកគេព្រួយបារម្ភថាបញ្ហាកង្វះពលករនឹងកើតឡើងមិនខាន។ ទំនងដោយសារហេតុនេះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានបង្គាប់ឲ្យក្រសួងការងារចាត់វិធានការបន្ទាន់ដើម្បីបន្ធូរបន្ថយផលប៉ះពាល់កើតចេញពីការអនុវត្តបញ្ញត្តិថ្មីនេះ។ លោក Varanon Peetiwan មន្ត្រីនៅក្រសួងការងារនិយាយថា លោក ប្រាយុទ្ធ បានប្រាប់ឲ្យក្រសួងរកវិធីសាស្ត្រផ្សេងទៀតដើម្បីដោះស្រាយបញ្ហានេះ ព្រោះបញ្ញត្តិហាក់ដូចជាតឹងតែងពេកសម្រាប់ការអនុវត្ត។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ ក៏បានព្រមានមន្ត្រីអនុវត្តច្បាប់មិនឲ្យកេងចំណេញលើច្បាប់ថ្មីឡើយ ហើយក៏មិនត្រូវស្វែងរកផលប្រយោជន៍ពីការអនុវត្តបញ្ញតិនេះទេ ព្រោះពួកគេនឹងត្រូវរងពិន័យធ្ងន់ធ្ងរ ។

ក្រឹត្យស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឺង ដែលចូលជាធរមាននៅសប្ដាហ៍មុន មានគោលដៅត្រួតពិនិត្យចំនួនពលករចំណាកស្រុកនៅប្រទេសថៃ ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការខុសច្បាប់នៅថៃដែរ។ បញ្ញត្តិថ្មីនេះចែងថាជនជាតិថៃដែលជួលពលករបរទេសខុសច្បាប់ ត្រូវរងពិន័យជាប្រាក់ដល់ទៅជាង ២ម៉ឺន ៣ពាន់ដុល្លារសម្រាប់ពលករបរទេសម្នាក់ ចំណែកជនបរទេសធ្វើការដោយគ្មានច្បាប់អនុញ្ញាតអាចរងពិន័យដល់ទៅជិត៣ពាន់ដុល្លារ និងត្រូវជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ។

យ៉ាងណាក្ដី អំឡុងពេលបីបួនខែដំបូងនៃការអនុវត្តក្រឹត្យនេះ អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យពលករបរទេសខុសច្បាប់ទាំងអស់បំពេញឯកសារផ្លូវច្បាប់សិន។ បើតាមលោក Varanon និយោជកថៃត្រូវអនុញ្ញាតកម្មកររបស់ខ្លួនត្រឡប់ទៅស្រុកកំណើតរបស់ពួកគេដើម្បីយកលិខិតឆ្លងដែន ទិដ្ឋាការ និងចុះឈ្មោះឲ្យបានត្រឹមត្រូវ មុននឹងសុំច្បាប់អនុញ្ញាតស្វែងរកការងារនៅប្រទេសថៃដោយស្របច្បាប់។ ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ក៏បានកិច្ចព្រមព្រៀងលើដំណើរការចុះឈ្មោះនេះរួចហើយ។

អំឡុងពេលនេះ ក្រុមហ៊ុនថៃ ដែលមានបញ្ហាកង្វះពលករ អាចជួលជនជាតិថៃជំនួសពលករដែលត្រូវត្រឡប់ទៅស្រុកកំណើតបាន។ បើតាមរបាយការណ៍ក្រសួងការងារថៃ មានជនជាតិថៃចន្លោះពី៦ពាន់នាក់ ទៅ៧ពាន់នាក់ បានដាក់ពាក្យស្វែងរកការងារ។ ដូច្នេះ ក្រុមហ៊ុន ឬសហគ្រាសទាំងឡាយអាចជួលពួកគេបាន ទោះជាការងារទាំងនោះមិនមែនទុកសម្រាប់ជនជាតិថៃក៏ដោយចុះ។ បច្ចុប្បន្ននេះ ជនបរទេសជាងមួយលាននាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើការបណ្ដោះអាសន្ននៅលើទឹកដីថៃ តែពួកគេត្រូវចុះឈ្មោះដើម្បីសុំការអនុញ្ញាតដើម្បីអាចធ្វើការងារដោយស្របច្បាប់៕

website_news/2017030711.txt · Last modified: 2017/07/02 12:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki