website_news:2017030714

ការជឿដោយមិនពិចារណា ងាយនឹងចាញ់បោកជនសង្ស័យ!

http://www.daem-ampil-news.html អាទិត្យ, 02 កក្កដា ២០១៧ 21:01 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ទើបតែសម្រេចឃុំខ្លួន បុរសម្នាក់ មានសញ្ជាតិខ្មែរអាមេរិកកាំង ឈ្មោះ វ័ន្ត យ៉េនវីលៀម អាយុ៤៧ឆ្នាំ ជាប្រធានអង្គការមិត្តភាពកម្ពុជា ជប៉ុនផង និងជាប្រធានអង្គការខ្មែរជួយខ្មែរផង។ ជនសង្ស័យខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមបណ្តឹង របស់ជនរងគ្រោះចំនួន១០នាក់ ពាក់ព័ន្ធករណីបោកលុយពួកគាត់ថា ជួយរត់ការឲ្យពួកគាត់បានទៅប្រទេសអូរស្ត្រាលី ក្នុងរយៈពេល៥ខែ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា រូបគេបានចេញទៅអាមេរិកក្នុងឆ្នាំ១៩៩៧ ហើយទទួលបានសញ្ជាតិខ្មែរអាមេរិក ក្នុងឆ្នាំ២០០១ ក្រោយមកចេញចូលប្រទេសកម្ពុជា ជាបន្តបន្ទាប់ និងបានបើកអង្គការខ្មែរជួយខ្មែរនៅឆ្នាំ២០១៤ ក្នុងគោលបំណងប្រមូលមូលនិធិសប្បុរសជន ពីក្រៅប្រទេស ក្រោមលេសយកមកជួយកុមារកំព្រាកម្ពុជា ហើយក្នុងអំឡុងពេលនោះ ជនល្មើសក៏បានធ្វើការជ្រើសរើស មនុស្សទៅធ្វើការនៅប្រទេសអូស្រ្តាលី ដោយគ្មានអជ្ញាប័ណ្ណអនុញ្ញាតផងដែរ ដោយយកកម្រៃជើងសារក្នុងតម្លៃ ១ម៉ឺន ទៅ២ម៉ឺនដុល្លារអាមេរិក តែក្រោយពេលទទួលបានកម្រៃជើងសារហើយ ជនល្មើសតែងយកលេសដោះសារ គេចពីជនរងគ្រោះដោយមិនបាន រត់ការតាមការសន្យា និងបានប្តូរទីតាំងអង្គការ ពីកន្លែងមួយទៅកន្លែងមួយ។ រហូតដល់ឆ្នាំ២០១៥ ជនល្មើសបានបើកអង្គការថែមមួយទៀត ឈ្មោះថា អង្គការមិត្តភាពកម្ពុជា ជប៉ុន និងបានលើកស្លាកយីហោ មជ្ឈមណ្ឌលអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រខ្មែរ ដោយក្នុងមជ្ឈមណ្ឌលនេះ ជនល្មើសបានទទួលជ្រើសរើស មនុស្សសម្រាប់ចេញទៅប្រទេសអូស្ត្រាលី ដោយគ្មានអជ្ញាប័ណ្ណអនុញ្ញាតជាបន្តទៀត ក្រោយមកដោយជនរងគ្រោះតាមសួរខ្លាំងពេក ជនល្មើសក៏គេចខ្លួនទៅប្រទេសអូរស្ត្រាលីមួយរយៈសិន រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ជនល្មើសក៏បានលួចចូលមកស្រុកខ្មែរវិញ ហើយត្រូវបានជនរងគ្រោះប្រទះឃើញ ដាក់ពាក្យបណ្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបានក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

លើសពីនេះទៀត ក្រៅពីបោកប្រាស់ យកកម្រៃជើងសារក្នុងការរត់ការ ទៅប្រទេសអូរស្ត្រាលីនោះ ជនសង្ស័យ ក៏បានលួងលោមបៀតបៀនផ្លូវភេទ ជនរងគ្រោះដែលជានារីវ័យក្មេង មួយចំនួនផងដែរ ជាថ្នូរនឹងការសន្យាជួយ រត់ការឲ្យបានចេញក្រៅប្រទេសលឿនបំផុត សរុបមកដល់ថ្ងៃឃាត់ខ្លួន ជនសង្ស័យធ្លាប់បានទទួលលុយ ដើម្បីរត់ការចេញក្រៅប្រទេស ពីជនរងគ្រោះជាង៣០នាក់មកហើយ៕

website_news/2017030714.txt · Last modified: 2017/07/03 13:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki