website_news:2017030716

ពលករខ្មែរតវ៉ារឿងទាហានសឹករងខេត្តបន្ទាយមានជ័យ បិទច្រកទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់

http://www.kungbunang.net/a-n-n-news.html ដោយ: សម្បត្តិ សីហា ថ្ងៃថ៍ន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧

បន្ទាយមានជ័យ៖ ពលករខ្មែរជាច្រើននាក់ បាននាំគ្នាតវ៉ានៅច្រករបៀងបឹងបេង ខណៈពេលទាហានសឹករងខេត្តបន្ទាយមានជ័យ បិទច្រកមិនឲ្យមានការចេញចូល។ ការតវ៉ានេះធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅច្រករបៀងបឹងបេង ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកមេបញ្ជាការកងអនុសេនាធំទី១ ផ្នែកសឹករងស្រុកម៉ាឡៃ បានឲ្យដឹងថា ដោយអនុវត្តន៍តាមផែនការណែនាំរបស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ លើកិច្ចការងារទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ កម្លាំងរបស់លោកបានធ្វើការបិទមិនឲ្យមានពលករឆ្លងដែននៅចំណុចខាងលើ មិនថាពលករដែលទៅព្រឹកវិលល្ងាចក៏ដោយ។ លោកបានបញ្ចាក់ឲ្យដឹងថា លោកបានណែនាំដល់ក្រុមពលករដែលឆ្លងដែនទៅព្រឹកវិលល្ងាចធ្វើការក្នុងទឹកដីថៃ ដែលក្នុង១ថ្ងៃៗចេញចូលប្រមាណជា១០០ ទៅ១៥០នាក់ ឲ្យបានដឹង និងយល់ តាំងពីថ្ងៃទី២៩ ខែមីថុនា ឆ្នាំ២០១៧មកម្លះ ហើយក្រុមពលករក៏បានយល់ដឹង ដោយមិនមានប្រត្តិកម្មអ្វីឡើយ តែមិនដឹងហេតុអ្វីបានជាថ្ងៃកើតហេតុនេះ ពួកគាត់បែរជានាំគ្នាមកតវ៉ា ដោយមានអ្នកខ្លះ ស្រវឹងស្រានិយាយគ្នាស្តាប់មិនបាន រហូតដល់ ក្លាយជាជម្លោះជាមួយកម្លាំងសមត្ថកិច្ចរបស់លោកទៀតផង។

លោកមេប៉ុស្តិ៍នគរបាលបឹងបេង ក៏បានឲ្យដឹងដែរថា ចំពោះការបិទមិនឲ្យពលករដែលឆ្លងដែនទៅព្រឹកវិលល្ងាចធ្វើការក្នុងទឹកដីថៃ គឺមានការសម្រេចតែខាងភាគីសឹករងតែប៉ុណ្ណោះ ដោយភាគីថៃមិនបានហាមឃាត់នោះទេ ហើយខាងនគរបាលក៏មិនបានហាមឃាត់ដែរ ម្យ៉ាងវិញទៀត រាល់ការបិតការចេញចូលរបស់ពលករតែងត្រូវបានជូនដំណឹងជាមុន និងមានការប្រជុំដោយលើកពីមូលហេតុច្បាស់លាស់ទើបសម្រេចទាំងអស់គ្នា តែលើកនេះខាងភាគីសឹករង មិនមានការប្រជុំលើកមូលហេតុឲ្យបានច្បាស់លាស់ ក៏សម្រេចបិតមិនឲ្យពលករចេញចូលតែម្តង ដោយគ្រាន់តែជូនដំណឹងទៅថ្នាក់លើរបស់លោក កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ តែប៉ុណ្ណោះ។

លោកមេប៉ុស្តិ៍ បញ្ចាក់ថា ការដែលក្រុមពលករមានគ្នាប្រមាណជា៦០០នាក់ នាំគ្នាមកតវ៉ានេះគឺដោយសារ ពួកគាត់ត្រូវទៅធ្វើការឲ្យថៅកែថៃ ដើម្បីឲ្យចប់ចុងចប់ដើម ទើបពួកគាត់អាចបើកលុយបាន បើមិនដូច្នោះថៅកែថៃនឹងមិនបើកលុយឲ្យពួកគាត់នោះទេ។ គួររំលឹកថា បន្ទាប់ពីថៃអនុវត្តន៍ច្បាប់ និងប្រកាសផ្តន្ទាទោស លើជនជាតិថៃណា ដែលទទួលពលករអន្តោរប្រវេសន៍ខុសច្បាប់ ឲ្យធ្វើការនៅកន្លែងរបស់ខ្លួន ដោយដាក់ពន្ធនាគារ និងពិន័យជាប្រាក់រាប់សែនបាតនោះ មានពលករខ្មែររាប់រយនាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ ក្នុង១ថ្ងៃៗ ៕

website_news/2017030716.txt · Last modified: 2017/07/03 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki