website_news:2017030724

អាជ្ញាធរថៃ នៅតែបន្តចាប់បញ្ជូនពលករខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេស ថៃ ដោយខុសច្បាប់មកស្រុកវិញ

http://www.phnompenh-post-news.html Mon, 3 July 2017

ភ្នំពេញ: ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ប្រមាណជាជិតមួយពាន់នាក់ត្រូវបានក្រុមមានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញបន្ថែមទៀតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីរដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្ដីអំពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេសឆ្នាំ ២០១៧ គឺគោលបំណងបន្ថែមទម្ងន់ទោសដល់និយោជកដែលប្រើប្រាស់ពលករបរទេសដែលពុំទាន់មានឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេសមកធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់តែប៉ុណ្ណោះ។

លោក ស៊ិន ណាំយៀង នគរបាលប៉ុស្តិ៍ព្រំដែន កម្ពុជា-ថៃ ផ្នែកទទួលពលករខ្មែរបានឲ្យដឹងកាលពីម្សិលមិញថា៖ «ខ្ញុំទទួលពលករខ្មែរយើងជាង ៩០០ នាក់កាលពីថ្ងៃសុក្រជាង ៨០០ នាក់កាលពីថ្ងៃសៅរ៍ និងថ្ងៃនេះជាថ្ងៃអាទិត្យប្រមាណជា ៥០០ នាក់»។ លោក ណាំយៀង បានអះអាងថាពលករដែលបានវិលត្រឡប់មកដល់មាតុភូមិរបស់គេវិញបានរាយការណ៍ឲ្យដឹងថាសម្រាប់ពលករដែលមិនមានឯកសារគ្រប់គ្រាន់ និងពេញលេញ ពួកគេត្រូវបានប្រាប់ឲ្យត្រឡប់មកប្រទេសវិញពីថ្ងៃទី ១ ខែកក្កដារហូតដល់ថ្ងៃទី ២៨ ខែកក្កដាដើម្បីបំពេញបន្ថែមឯកសារផ្ទាល់ខ្លួនរបស់គេឲ្យស្របទៅតាមច្បាប់ដែលបានកំណត់។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡងដ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍បានអំពាវនាវដល់ពលករកម្ពុជាទាំងអស់ឲ្យរក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡងដ៍ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាកំពុងតែពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជាដែលពុំមានឯកសារគ្រប់គ្រាន់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

លោក ណាំយៀង ថ្លែងថាអាជ្ញាធរមានសមត្ថកិច្ចនៅតែបន្តដឹកជញ្ជូនពលករខ្មែរចេញពីប្រទេសថៃស្ទើរតែរាល់ថ្ងៃ។ លោក ណាំយៀង ថ្លែងថា៖ «ខ្ញុំមិនបានដឹងឮអ្វីដែលទាក់ទងនឹងការព្យួរការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចថៃទេ ប៉ុន្តែអ្វីដែលខ្ញុំដឹង និងឃើញគឺពលករខ្មែរកាន់តែច្រើនឡើងៗត្រូវបានដឹកជញ្ជូនត្រឡប់មកវិញ»។

ពលករខ្មែរក្នុងចំនួនដ៏ច្រើនបានគេចខ្លួន ឬត្រូវបានតម្រួតថៃចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញចាប់តាំងពីចុងសប្ដាហ៍មុនដែលជាផ្នែកមួយនៃការប៉ុនប៉ងរបស់អាជ្ញាធរថៃដើម្បីគ្រប់គ្រងពលករបរទេសខុសច្បាប់។

ទន្ទឹមគ្នានេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ៣០ ខែមិថុនាបានចេញសេចក្ដីថ្លែងការណ៍ដោយបានអំពាវនាវដល់ក្រសួងព័ត៌មាន ជួយមានវិធានការក្នុងការទប់ស្ដាត់បន្ទាន់នូវរាល់ការជួលម៉ោងផ្សាយ និងការផ្សាយបន្តផ្ទាល់ទៅតាមវិទ្យុរាជធានី ខេត្តនានាអំពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេសដែលគ្មានលិខិតអនុញ្ញាតចេញពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សេចក្ដីថ្លែងការណ៍នេះថ្លែងថា៖ «មានក្រុមហ៊ុន និងក្រុមជនខិលខូចមួយចំនួនបានប្រើល្បិចបោកប្រាស់បងប្អូនប្រជាពលរដ្ឋខ្មែរដោយយកការឃោសនាផ្សព្វផ្សាយព័ត៌មានអំពីជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេសដោយពុំមានភាពស្មោះត្រង់ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពិសេសអ្នកនៅតាមបណ្ដាខេត្តមួយចំនួនយល់ខុស និងចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនមិនស្របច្បាប់»។

លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារថ្លែងថា ក្រុមហ៊ុនត្រូវតែសុំច្បាប់ក្រសួងក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាមវិទ្យុហើយក្រសួងក៏បានផ្ញើលិខិតទៅក្រសួងព័ត៌មានហើយដែរ ដើម្បីការពារផលប្រយោជន៍ពលករដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស។

ពលករកម្ពុជាដែលកំពុងតែធ្វើការនៅថៃឈ្មោះ គីម ធា បានថ្លែងគាំទ្រការអនុវត្តច្បាប់របស់អាជ្ញាធរថៃដែលនេះធ្វើឲ្យជនចំណាកស្រុកត្រូវបំពេញបែបបទធ្វើការតាមច្បាប់។ គាត់និយាយថា៖ «នៅប្រទេសថៃគេអនុវត្តច្បាប់ ចឹងគឺត្រឹមត្រូវហើយ ដោយសារកម្មករត្រូវត្រឡប់មកបំពេញបែបបទធ្វើឯកសារស្របច្បាប់។ ខ្ញុំទៅស្របច្បាប់តែបានចំណាយលុយអស់ជាង ៤ ម៉ឺនបាតសម្រាប់លិខិតឆ្លងដែន លិខិតអនុញ្ញាតការងារ និងទិដ្ឋការងារ ប៉ុន្តែវាចំណាយលុយច្រើន។

លោក មាស នី អ្នកវិភាគសង្គមមកពីអង្គការសង្គមស៊ីវិលថ្លែងថាវាជារឿងធម្មតារបស់ប្រទេសនីមួយៗដែលត្រូវអនុវត្តច្បាប់របស់ប្រទេសគេ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជា វាគឺជាបទពិសោធលើកទីពីរហើយដែលរដ្ឋាភិបាលថៃអនុវត្តច្បាប់ក្នុងការចាប់បញ្ជូនពលករខ្មែរត្រឡប់មកប្រទេសវិញដោយសារតែខុសច្បាប់ ឬឯកសារក្លែងក្លាយមិនត្រឹមត្រូវដែលប្រព្រឹត្តដោយក្រុមហ៊ុនឯកជនមួយចំនួនរកស៊ីកេងប្រវ័ញ្ចយកតម្លៃឯកសារខ្ពស់ព្រមទាំងមិនស្របច្បាប់ពីពលករខ្មែរ។ លោក នី ថ្លែងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាគួរតែគិតឡើងវិញ ឬត្រួតពិនិត្យឡើងវិញក្នុងការផ្ដល់ឯកសារស្របច្បាប់តាមតម្រូវការរបស់ប្រទេសថៃហើយពិនិត្យតម្លៃឯកសារឲ្យបានត្រឹមត្រូវតាមនយោបាយរបស់រដ្ឋាភិបាលកុំឲ្យក្រុមហ៊ុនឯកជនចេះតែរកស៊ីតាមចិត្ត»។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថារដ្ឋាភិបាលថៃបានព្យួរការអនុវត្តព្រះរាជក្រឹត្យនោះរយៈពេល ២០ ថ្ងៃ។ ឧបនាយករដ្ឋមន្ត្រី Wissanu Kreangam ត្រូវបានស្រង់សម្តីថា៖ «[ក្នុងអំឡុងពេលនេះ] មិនមានការចាប់ខ្លួន ឬការបង្ក្រាបទៅលើពលករខុសច្បាប់នោះទេ លើកលែងតែអ្នកដែលបំពានច្បាប់ជួញដូរមនុស្ស»។ ប៉ុន្តែអ្នកស្រាវជ្រាវផ្នែកទេសន្តរប្រវេសន៍លោកស្រី Maryann Bylander បានថ្លែងតាមអ៊ីមែលមកកាសែត ភ្នំពេញ ប៉ុស្ដិ៍កាលពីម្សិលមិញថានេះមានទំហំតិចតួចក្នុងការដោះស្រាយបញ្ហាចម្បង។ លោកស្រីបន្តថា៖ «នៅចំណុចនេះការព្យួរនេះចំពោះខ្ញុំមើលទៅអាចដោះស្រាយបញ្ហាបានតិចតួចជាមួយនឹងព្រះរាជក្រឹត្យថ្មី»។ «ទាំងកម្ពុជា និងថៃមានការពឹងផ្អែកទៅលើពលករចំណាកស្រុកហើយពលករជាច្រើននៅមិនមានឯកសារត្រឹមត្រូវ។ វាមិនច្បាស់ថារដ្ឋាភិបាលរំពឹងថានឹងផ្លាស់ប្តូរអ្វីទាំងនេះក្នុងរយៈពេល ១២០ ថ្ងៃទៀតឬអត់នោះទេ»។

ទោះយ៉ាងណាក្តីលោក Dy The Hoya អង្គការ Central ដែលជាអង្គការសិទ្ធិការងារបានថ្លែងថាការនិរទេសគឺនៅតែប្រសើរជាងការប្រឈមមុខនឹងតុលាការ ជោគវាសនារបស់ពលករជាង ១០០ នាក់ដែលប្រឈមមុខចាប់តាំងពីការអនុវត្តច្បាប់ថ្មីនេះ។ លោកបានថ្លែងបន្តថាទាំងការនិរទេស និងច្បាប់គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបង្ហាញកម្លាំង។ លោកបន្តទៀតថា៖ «ពួកគេចង់បង្ហាញសហគមន៍អន្តរជាតិថា [ប្រទេសថៃ] មិនមែនជាកន្លែងសម្រាប់ការជួញដូរនោះទេ ដូច្នេះពួកគេត្រូវបង្ហាញថាពួកគេកំពុងចាត់វិធានការខ្លាំងក្លា»។

លោកស្រី Preeda Tongchumnum សមាជិកក្រុមការងារចំណាកស្រុកក្នុងប្រទេសថៃកាលពីម្សិលមិញបានថ្លែងថាស្ថានភាពនេះគឺអាចប្រៀបធៀបបានទៅនឹងការបង្ក្រាបឆ្នាំ២០១៤ទៅលើពលករចំណាកស្រុកមិនទៀងទាត់ក្នុងប្រទេសថៃ។ លោកស្រីបន្តថា៖ «រឿងដែលបានកើតឡើងបួនឆ្នាំមុនឥឡូវនេះត្រឡប់មកវិញជាថ្មី»៕ PS

website_news/2017030724.txt · Last modified: 2017/07/03 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki