website_news:2017030801

កម្ពុជាបង្ហាញបទពិសោធន៍ ក្នុងការគ្រប់គ្រងពលករ ធ្វើការក្រៅប្រទេស ដល់ប្រទេសអនុតំបន់ទន្លេមេគង្គ

http://www.daem-ampil-news.html ថ្ងៃពុធ, 02 សីហា ២០១៧ 13:31 ដោយ: ខា ដា ID:039

ភ្នំពេញ៖ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ បានលើកបង្ហាញបទពិសោធន៍របស់ កម្ពុជា ក្នុងការគ្រប់គ្រងការបញ្ជូន ពលករទេសន្តប្រវេសន៍ទៅ ធ្វើការក្រៅប្រទេស ដល់ប្រទេសអនុតំបន់ទន្លេមេគង្គ ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ សីហានេះ បានឲ្យដឹងថា លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ បានដឹកនាំគណៈប្រតិភូចូលរួម សន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ នៃប្រទេសទាំង៥ ដោយបានលើកយកប្រធានបទស្តីពី “ការលើកកម្ពស់ការ អភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់ ពលករទេសន្តរប្រវេសន៍” នៅទីក្រុងដាណាង ប្រទេសវៀតណាម ។

ថ្លែងក្នុងសន្និសីទ នាទីក្រុងដាណាង លោក ម៉ម វណ្ណៈ បានលើកឡើងពីសារៈសំខាន់ ដែលពលករទេសន្តប្រវេសន៍ បានចូលរួមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដែលផលប្រយោជន៍ទាំងនេះ សុទ្ធតែទទួលបានទាំងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ ។ ក្នុងឱកាសនោះដែរ លោកបានថ្លែងថា “កម្ពុជាបានចែករំលែក បទពិសោធន៍របស់ ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងការបញ្ជូន ពលករទេសន្តប្រវេសន៍ទៅ ធ្វើការប្រទេសថៃ ម៉ាឡេស៊ី សាធារណៈរដ្ឋកូរ៉េ សិង្ហបុរី និងជប៉ុន ដោយបានផ្តោតលើគោលនយោបាយ ច្បាប់ និងបទដ្ឋាននានា នីតិវិធី និងយន្តការសម្រាប់ ផ្តល់ការគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ ពលករទេសន្តប្រវេសន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្តក្នុងការធានាការពារដល់ពលករ ទេសន្តរប្រវេសន៍កម្ពុជា ទាំងការជ្រើសរើស ពលករប្រកបដោយប្រសិទ្ធិភាព កម្មវិធីតំរង់ទិសមុនការចេញដំណើរ និងក្រោយការត្រឡប់មកវិញ កិច្ចសហប្រតិបត្តការ ក្នុងការអភិវឌ្ឍជំនាញ និងបញ្ហាវិស័យការងារផ្សេងៗទៀត រួមមានការងារបន្ត និងកិច្ចសហប្រតិបត្តិការ នាពេលអនាគត”។

ជាមួយគ្នានោះ លោកក៏បានស្នើសុំឲ្យប្រទេសទាំង៥ ខិតខំថែមទៀត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងការធ្វើទេសន្តរប្រវេសន៍ ការងារដោយខុសច្បាប់ ជាពិសេសប្រទេសបញ្ជូន និងប្រទេសទទួលពលករ ហើយការអនុវត្តច្បាប់ ដ៏តឹងរ៉ឹងចំពោះមេខ្យល់ និងនិយោជក ដែលជ្រើសរើស បញ្ជូន និងប្រើប្រាស់ កម្លាំងពលកម្មខុសច្បាប់ គឺជាការចាំបាច់ ។

សូមបញ្ជាក់ថា សន្និសីទនេះរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តង តាមតួរអក្សរព្យញ្ជនៈ នៃប្រទេសនីមួយៗ ហើយប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុង ការរៀបចំសន្និសីទនេះនៅ ក្នុងឆ្នាំ២០១៩ ៕

website_news/2017030801.txt · Last modified: 2017/09/07 16:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki