website_news:2017030804

អ្នករាយការណ៍ពិសេស អ.ស.ប នឹងផ្ដោតសំខាន់លើការជួញដូរកុមារ ក្នុងដំណើរទស្សនកិច្ចលើកទីបួនមកកាន់កម្ពុជា

http://www.v-o-a-news.html 03 សីហា 2017 ហ៊ុល រស្មី

ភ្នំពេញ៖ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទីបួនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែល VOA ទទួលបាននារសៀល ថ្ងៃពុធនេះ។

សេចក្ដីប្រកាសព័ត៌មាននេះ បានដកស្រង់សម្ដីអ្នកស្រី ស្មីត ក្នុងន័យដើមថា៖ «នៅក្នុងដំណើរបេសកកម្មរបស់ខ្ញុំលើកនេះ ខ្ញុំនឹងផ្ដោតលើសិទ្ធិកុមារ ដែលជាផ្នែកមួយនៃការងារដែលខ្ញុំកំពុងធ្វើលើវិស័យនៃការរើសអើង និងក្រុមដែលងាយរងគ្រោះ»។ អ្នកស្រីបាននិយាយបន្តថា៖ «ខ្ញុំមានបំណងស្វែងយល់ជាពិសេសអំពីការជួញដូរ និងកេងប្រវ័ញ្ចលើកុមារ រួមទាំងគោលជំហរក្នុងការមើលថែកុមារ»។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់អ្នកស្រី ស្មីត មកកាន់កម្ពុជា អ្នករាយការណ៍ពិសេសរូបនេះ នឹងជួបប្រជុំជាមួយក្រុម និងមន្ត្រីជាច្រើន រួមមាន សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកនៃសហគមន៍ការទូត។ ដំណើរទស្សនកិច្ចមកកម្ពុជារបស់អ្នកស្រី រ៉ូណា ស្មីត កើតមានឡើង ក្រោយការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងដំណើរទស្សនកិច្ចលើកទី៣រយៈពេល១០ថ្ងៃនៅកម្ពុជាកាលពីខែតុលាឆ្នាំ២០១៦ អ្នកស្រី រ៉ូណា ស្មីត លើកឡើងថា ការមិនចុះសម្រុងនៅក្នុងចំណោមគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ និងភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការនៅកម្ពុជា គឺជាឧបសគ្គចម្បងក្នុងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រី ស្មីត ក៏បង្ហាញការមិនសប្បាយចិត្តចំពោះការណ៍ដែលរដ្ឋាភិបាលកម្ពុជាមិនបានរាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានត្រឹមត្រូវ ដែលជាកាតព្វកិច្ចមួយនៃប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស៕

website_news/2017030804.txt · Last modified: 2017/09/07 17:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki