website_news:2017030806

ក្រសួងកិច្ចការនារីបដិសេធថាកម្ពុជាមិនមានម្ដាយលក់កូនស្រីឲ្យបម្រើផ្លូវភេទទេ

http://www.v-o-d-news.html ដោយ កញ្ញា ខាន់ លក្ខិណា ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ ម៉ោង 4:45 PM

ក្រសួងកិច្ចការនារី បដិសេធលើភាពយន្តឯកសារអង្គការមួយរបស់អាមេរិកនៅកម្ពុជាដែលបានចុះផ្សាយថា កេ្មងស្រីកម្ពុជាត្រូវបានម្ដាយយកទៅលក់ឲ្យបម្រើផ្លូវភេទ ដោយក្រសួងនេះហៅការផ្សាយនោះថាបានធ្វើប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រីខ្មែរ។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បញ្ជាឲ្យបិទអង្គការ AIM ដោយថា អង្គការនោះបាននិយាយបង្ខូចឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ទាក់ទិននឹងការជួញដូរមនុស្ស។ ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារីឲ្យដឹងថា វប្បធម៌ប្រពៃណីខ្មែរមិនមានទម្លាប់លក់កូនទេ ទោះបីជួបប្រទះភាពក្រីក្រយ៉ាងណាក៏ដោយ។

ក្រសួងឲ្យដឹងបន្តថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចក្នុងភាពយន្តឯកសារខ្លីនោះ ជនរងគ្រោះនិងម្ដាយជាជនបទេសរស់នៅក្នុងប្រទេសកម្ពុជាដែលវប្បធម៌ ប្រពៃណីរបស់គេខុសពីវប្បធម៌ប្រពៃណីខ្មែរ។ ក្រសួង ចោទថា អង្គការ AIM បានបំភ្លៃរឿង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការរកថវិកាទ្រទ្រង់សកម្មភាពរបស់ខ្លួន ហើយអង្គការនេះមិនបានគោរពតាមលក្ខន្តិកនៃការអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្រសួងថា «នេះជាកំហុសឆ្គងធ្ងន់ធ្ងររបស់អង្គការ AIM ដែលតម្រូវឲ្យមានវិធានការតាមផ្លូវច្បាប់ទៅលើអង្គការនិងបុគ្គលដឹកនាំ។ រឿងនេះជាការបរិហាកេរ្តិ៍ទៅលើកិត្តិយសរបស់ស្ត្រីខ្មែរនិងប្រទេសកម្ពុជាទាំងមូលដែលយើងខ្ញុំជាតំណាងស្ត្រីខ្មែរមិនអាចទទួលយកបាន»។

នាយិកាអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) លោកស្រី រស់ សុភាព មានប្រសាសន៍ថា អាចមានករណីម្ដាយលក់កូនពិតមែន ប៉ុន្តែមិនសំដៅទៅលើម្ដាយទាំងអស់នោះទេ។ លោកស្រីបន្តថា ប្រសិនបើទូរទស្សន៍ CNN ចុះផ្សាយបែបនេះ ហើយរដ្ឋាភិបាលបញ្ជាឲ្យបិទអង្គការនោះ លោកស្រីថា មិនសមហេតុផលឡើយ។ លោកស្រីឲ្យរដ្ឋាភិបាលធ្វើពិចារណាចំពោះរឿងនេះឡើងវិញ។

លោកស្រីថា «កំហុសឆ្គងផ្នែកបច្ចេកទេស ខ្ញុំគិតថាមិនមែនអង្គការចង់ឲ្យ CNN ផ្សាយចឹងទេ តែគាត់គ្រាន់តែ ថា នៅពេលដែលគាត់ធ្វើការងារនេះ គាត់មានតួនាទីអាចប្រាប់គេថា វាមានករណីកើតឡើងចឹង ដល់យកទៅផ្សាយវាជាកំហុសបច្ចេកទេសរបស់ CNN។ ចឹងគាត់មិនមែនបង្គាប់បញ្ជាឲ្យ CNN ធ្វើចឹងទេតាមខ្ញុំយល់។ ជាទូទៅយើងអ្នកជាផ្ដល់ព័ត៌មាន មិនមែនមានន័យថា អាចទៅប្រាប់គេថាឲ្យចុះអញ្ចេះអញ្ចុះនោះទេ ព្រោះអ្នកព័ត៌មានគេមានបច្ចេកទេសរបស់គេក្នុងការចុះផ្សាយ។ ចឹងបើ CNN គាត់ចុះផ្សព្វផ្សាយអញ្ចឹងហើយឈានទៅបិទអង្គការខ្ញុំគិតថាមិនទាន់គ្រាន់ក្នុងការបិទទេ»។

អង្គការមេត្រីអន្តរជាតិដែលធ្វើការផ្តោតលើការជួញដូរមនុស្សនោះ (Agape International Missions) បាននិយាយប្រាប់ ទូរទស្សន៍ CNN ថា «ពេលពួកគេចុះជួបស្ត្រីមួយចំនួនរកស៊ីផ្លូវភេទនៅតំបន់ស្វាយប៉ាកកន្លងទៅ ដើម្បីជួបជាមួយក្មេងស្រីៗ ដែលត្រូវបានលក់ឲ្យបម្រើផ្លូវភេទ ជួនកាលត្រូវបានលក់ដោយឪពុកម្តាយរបស់ពួកគេតែម្តង» ហើយនៅថ្ងៃទី២៥ ខែកក្កដា កន្លងទៅ ទូរទស្សន៍ CNN បានចុះផ្សាយរបាយការណ៍នោះដោយដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» ដោយដាក់បញ្ចូលរបាយការណ៍របស់អង្គការមេត្រីអន្តរជាតិ និងបានសម្ភាសន៍ស្ត្រីជាជនជាតិវៀតណាមរស់នៅកម្ពុជាមួយចំនួនផងដែរ៕

website_news/2017030806.txt · Last modified: 2017/09/07 17:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki