website_news:2017030810

តុលាការកំពូលបដិសេធបណ្ដឹងទាស់ ជនជាតិអង់គ្លេស ជាប់ចោទចាប់រំលោភកុមារី

http://www.postkhmer.com/ Thu, 3 August 2017 គឹម សារុំ

ភ្នំពេញ: តុលាការកំពូលពីថ្ងៃម្សិលមិញបានប្រកាសសាលដីកាសម្រេចមិនពិចារណាលើបណ្តឹងជំទាស់នឹងសាលដីការបស់តុលាការថ្នាក់ក្រោមរបស់បុរសជនជាតិអង់គ្លេសម្នាក់បន្ទាប់ពីបានជំនុំជម្រះកាលពីថ្ងៃទី ២៦ ខែកក្កដា ខណៈជននេះត្រូវតុលាការថ្នាក់ក្រោមផ្ដន្ទាទោសនៅខែឧសភាឆ្នាំ ២០១១ ដាក់គុក ១០ ឆ្នាំពាក់ព័ន្ធអំពើរំលោភកុមារីវ័យ ១៦ ឆ្នាំម្នាក់។

លោកស្រីចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាថាសំណុំរឿងដែលមានជនជាប់ចោទឈ្មោះ David John Fletcher អាយុ ៦៩ ឆ្នាំក្រោយពីក្រុមប្រឹក្សាបានសួរដេញដោលជនជាប់ចោទ និងក្រោយពីបានពិភាក្សាមកយល់ឃើញថា រឿងនេះជនជាប់ចោទមិនសុខចិត្តនឹងដីកាជំទាស់របស់សាលាដំបូងរាជធានីភ្នំពេញដែលជំទាស់នឹងសាលក្រមស្ថាពរដែលសម្រេចផ្តន្ទាទោសឲ្យជនជាប់ចោទជាប់គុក ១០ ឆ្នាំ «ការជំទាស់បែបនេះដោយសារពាក្យបណ្តឹងរបស់ជនជាប់ចោទធ្វើឡើងហួសកាលកំណត់រយៈពេល ២៤៩ ថ្ងៃ។ លោកស្រីចៅក្រមបន្តថាតុលាការយល់ឃើញថាតាមអង្គហេតុតុលាការថ្នាក់ក្រោមកាលពីពេលជម្រះមិនបានស្តាប់ចម្លើយរបស់ជនជាប់ចោទពិតមែនហើយ ហើយពេលសួរចម្លើយក៏គ្មានអ្នកបកប្រែដែរ។ តែទោះយ៉ាងណាពាក្យបណ្តឹងរបស់ជនជាប់ចោទដែលជំទាស់នឹងដីកាតុលាការថ្នាក់ក្រោមនោះតុលាការកំពូលក៏មិនសម្រេចពិចារណាលើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទដែរ»។

តាមអង្គហេតុជនជាប់ចោទដែលជាអតីតម្ចាស់ភោជនីយដ្ឋានមួយក្នុងក្រុងភ្នំពេញ។ ជនល្មើសរូបនេះបានចាប់នារីវ័យ ១៦ ឆ្នាំម្នាក់រំលោភនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០០៩ និងអំឡុងខែឧសភាឆ្នាំ ២០១០ បន្ទាប់មកបានគេចខ្លួនទៅប្រទេសថៃមួយរយៈហើយក្រោយមកត្រូវបានតម្រួតថៃចាប់ខ្លួនបានហើយបានធ្វើបត្យាប័នមកកាន់កម្ពុជាដើម្បីកាត់ទោស៕

website_news/2017030810.txt · Last modified: 2017/09/07 17:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki