website_news:2017030812

ថៃ គ្មានគោលនយោបាយច្បាស់លាស់សម្រាប់ពលករបរទេសខុសច្បាប់

http://www.postkhmer.com/ Wed, 2 August 2017

ក្រសួងការងាររបស់ប្រទេសថៃកំពុងព្យាយាមធ្វើការគ្រប់គ្រងការខូចខាតមួយចំនួនដោយក្នុងនោះរួមមានទាំងការបង្កើតការិយាល័យចុះឈ្មោះបណ្តោះអាសន្នសម្រាប់ពលករបរទេសខុសច្បាប់ចំនួន ២ លាននាក់។ ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលគិតគូរឲ្យបានហ្មត់ចត់អំពីវិធានការថ្មី (ច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់) និងធ្វើការណែនាំគោលនយោបាយសមស្របជំនួសវិញនោះ ប្រហែលជាក្រសួងការងារថៃមិនស្ថិតនៅក្នុងស្ថានភាពលំបាកវឹកវរដូចពេលនេះទេ។ ក្រសួងការងារថៃបានបង្កើតការិយាល័យចុះឈ្មោះបណ្ដោះអាសន្នយ៉ាងប្រញាប់ប្រញាល់ចំនួន ១០១ កន្លែងនៅទូទាំងប្រទេសថៃជាកន្លែងដែលពលករធ្វើការខុសច្បាប់អាចទៅចុះឈ្មោះនៅទីតាំងទាំងអស់នោះបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍។

រដ្ឋមន្ត្រីក្រសួងការងារថៃលោក ស៊ីរីឆៃ ឌីថាគល់ (Sirichai Dithakul) បានថ្លែងថា៖ «យើងជឿថាយើងនឹងអាចធ្វើការចុះឈ្មោះពលករបរទេសខុសច្បាប់ចំនួន ២ លាននាក់ឲ្យបានធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃក្នុងរយៈពេល ១៥ ថ្ងៃ»។ ពលករមកពីប្រទេសមីយ៉ាន់ម៉ាជាពលករបរទេសដែលធ្វើការនៅក្នុងប្រទេសថៃច្រើនជាងគេដែលត្រូវចុះឈ្មោះនៅថ្ងៃដំបូង បន្ទាប់មកគឺចុះឈ្មោះសម្រាប់ពលករកម្ពុជា និងឡាវ។ ជាផ្លូវការ ការិយាល័យចុះឈ្មោះទាំងនោះគឺធ្វើឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់នៃព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងពលករបរទេសនៅក្នុងប្រទេសដែលបានអនុម័តនៅក្នុងឆ្នាំ ២០១៧ ។ ច្បាប់ដ៏ចម្រូងចម្រាសនេះនឹងធ្វើការផាកពិន័យជាប្រាក់ចាប់ពី ៤ សែនបាតទៅ ៨ សែនបាត (ប្រហែល ១២០០០ ដុល្លារទៅ ២៤០០០ ដុល្លារអាមេរិក) សម្រាប់និយោជកណាដែលជួលពលករបរទេសធ្វើការដោយគ្មានប័ណ្ណអនុញ្ញាតការងារ។ ចាប់តាំងពីច្បាប់នោះបានចូលជាធរមានកាលពីខែមុននិយោជកជាច្រើនដែលជួលពលករបរទេសធ្វើការដោយខុសច្បាប់ឈប់ទទួលពួកគេឲ្យធ្វើការទៀតដោយសារខ្លាចរងការផាកពិន័យដ៏ធ្ងន់ធ្ងរនៅក្រោមច្បាប់ថ្មីនេះ។

ពលករចំណាកស្រុកខុសច្បាប់រាប់ម៉ឺននាក់បានសម្រេចចិត្តវិលត្រលប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញដែលនាំឱ្យខ្វះកម្លាំងពលកម្មភ្លាមៗនៅក្នុងវិស័យមួយចំនួន។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលថៃតម្រូវឱ្យមានការពិនិត្យបន្ថែមទៀត។ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានប្រើអំណាចពិសេសរបស់លោកក្រោមមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្នឱ្យផ្អាកការផាកពិន័យនេះរហូតដល់ចុងឆ្នាំនេះ ត្រង់បទប្បញ្ញត្តិសំខាន់ៗចំនួនបួនទាក់ទងនឹងការពិន័យដ៏ធ្ងន់ធ្ងរនេះ។ រឿងដ៏ចម្រូងចម្រាសបែបនេះ ប្រហែលជាមិនបានកើតឡើងទេប្រសិនបើអ្នកបង្កើតគោលនយោបាយបានបំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវតាំងពីដំបូងនោះ។ វាហាក់ដូចជាថាក្រុមឧត្តមសេនីយ៍បង្កើត និងអនុម័តគោលនយោបាយភ្លាមៗ ដោយមិនគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។

ក្រោយមកទើបពួកគេងាកទៅសុំយោបល់ពីមន្ត្រីរាជការ ដែលមានវិជ្ជាជីវៈ ប៉ុន្តែ នៅតែមានចម្ងល់ចោទឡើងថា តើពួកគេស្តាប់តាមការណែនាំនោះ ឬមួយក៏អត់ ហើយវាក៏សមស្របផងដែរ ដែលសួរថាតើពួកគេហ៊ានផ្តល់អនុសាសន៍ទៅឧត្តមសេនីយ៍ទាំងនោះដោយស្មោះត្រង់ដែរឬទេគ្រែងលោវាប្រឆាំងទៅនឹងការជឿជាក់របស់ពួកគេ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនេះ។ ប៉ុន្តែ នេះមិនមែនមានន័យថាពួកយោធាគ្មានផែនការធំដុំនោះទេគឺពួកគេមានហើយផែនការធំនោះគឺការរក្សាអំណាចឱ្យបានយូរតាមអ្វីដែលគេអាចធ្វើទៅបាន។ ប្រសិនបើពួកឧត្តមសេនីយ៍ពិតជាគិតគូរប្រាកដមែននៅក្នុងការបំពេញតម្រូវការ និងផលប្រយោជន៍របស់ប្រទេសជាតិនោះ នោះពួកគេត្រូវបង្កើតច្បាប់ដែលធានាឲ្យមាននូវនិរន្តរភាព។ ទាំងអស់នេះគឺរួមបញ្ចូលទាំងការគោរពចំពោះពលករបរទេស និងការធានាឱ្យពួកគេនូវសិទ្ធិ និងសេវាកម្មផ្សេងៗដែលពួកគេសមនឹងទទួលបានផងដែរ។ គ្មាននរណាម្នាក់អាចបំភ្លេចបានទេថាដោយសារតែញើសឈាម និងកម្លាំងពលកម្មដែលមានតម្លៃថោករបស់ពលករបរទេសទាំងអស់នេះហើយដែលប្រទេសថៃបានក្លាយជាប្រទេសដ៏រឹងមាំដូចសព្វថ្ងៃនេះ។

ប្រទេស មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេស ថៃ ប៉ុន្តែមិនមែនមានន័យថាពលករទាំងនោះអាចធ្វើដំណើរមកប្រទេសថៃបានដោយងាយស្រួលនោះទេ។ ពលករជាច្រើនត្រូវរង់ចាំឱកាសរបស់ពួកគេ ខណៈដែលមន្ត្រីនៅតាមព្រំដែន ជាញឹកញាប់គឺមិនមានការស្ទាក់ស្ទើរក្នុងការកេងផលប្រយោជន៍ពីពួកគេនោះទេ។ ពាក្យបណ្ដឹងណាមួយអំពីពលករបរទេសដែលមិនគោរពច្បាប់របស់ថៃគឺពួកគេត្រូវបានតាមសង្កេត ខណៈដែលជាញឹកញាប់ប្រជាពលរដ្ឋថៃបានបំពានច្បាប់របស់ខ្លួនឯង។ យើងធ្វើដូច្នេះរាល់ពេលវេលាហើយយើងតែងតែទាមទារនេះទាមទារនោះ ឬប្រាក់សំណូក។ វាគឺជាការបង្ហាញរួមមួយនៃការមិនគោរពគ្នាចំពោះសង្គមរបស់យើង និងសម្រាប់ជំហរជាអន្ដរជាតិរបស់ប្រទេសថៃ និងការប្រមាថដល់ប្រទេសជិតខាងរបស់យើងដែលប្រជាជនរបស់គេត្រូវបានយើងធ្វើបាប៕ NS

website_news/2017030812.txt · Last modified: 2017/09/07 17:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki