website_news:2017031001

គ្រួសារសពពលករម្នាក់ ចោទប្រកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានស៊ីដាច់ប្រាក់ធានារ៉ាប់រង របស់សពពលករម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរនៅកម្ពុជា

http://www.cen.com.kh/local/ (ថ្ងៃទី 3 តុលា 2017, ម៉ោង 08:08:AM) | ដោយ: កូឡាប

កូរ៉េខាងត្បូង: ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរងនូវការចោទប្រកាន់ដែលលោកចាត់ទុកថា គ្មានមូលដ្ឋានច្បាស់លាស់ និងធ្ងន់ធ្ងរបំផុតនោះ ពាក់ព័ន្ធករណីប្រាក់ធានារ៉ាប់រង របស់សពពលករខ្មែរម្នាក់ ដោយចោទប្រកាន់ថា រូបលោកបានស៊ីដាច់ប្រាក់ទាំងនេះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺមួយ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ការចោទប្រកាន់មកលើរូបលោក បានបង្ហោះនៅតាមគណនី Facebook ឈ្មោះ Korng Thavy ដែលត្រូវជាភរិយារបស់សពពលករម្នាក់ ស្លាប់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលមកសាកសួរសុខទុក្ខក្រុមគ្រួសាររបស់ខ្លួន នៅប្រទេសកម្ពុជា។ នៅក្នុងសេចក្ដីបំភ្លឺនេះ លោក ឡុង ឌីម៉ង់ បានអះអាងថា ដើម្បីទទួលបានប្រាក់ធានារ៉ាប់រង តំណាង ឬក្រុមគ្រួសារសពអាចដាក់ពាក្យស្នើសុំប្រាក់ធានារ៉ាប់រង តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា, មជ្ឈមណ្ឌលគាំពារពលករបរទេស, មេធាវីកូរ៉េតំណាង ឬក្រុមគ្រួសារសព និងតំណាង ឬក្រុមគ្រួសារសពផ្ទាល់។

ស្ថានទូតសូមបញ្ជាក់បន្ថែមថា គិតមកត្រឹមថ្ងៃនេះ ក្រុមហ៊ុន Samsung Fir And Maritime Co,Ltd មិនទាន់បានសម្រេចផ្ទេរប្រាក់ធានារ៉ាប់រងសពពលករខាងលើ ទៅកាន់គណនីក្រុមគ្រួសារសពនៅឡើយទេ ដោយសារខ្វះខាតឯកសារមួយចំនួន រួមមាន ទី១ លិខិតផ្ទេរសិទ្ធិ ពីឪពុកម្ដាយក្មេក មកកូនប្រសារស្រី ទី២ អត្តសញ្ញាណបណ្ណឪពុកម្ដាយក្មេក និងកូនប្រសារស្រី ទី៣ សៀវភៅគ្រួសារឪពុកម្ដាយក្មេក និងទី៤ លិខិតមរណភាពចេញដោយមន្ទីរពេទ្យ។ កន្លងមក លោក ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូត ធ្លាប់បានទំនាក់ទំនង និងផ្ដល់ការសម្របសម្រួលជាច្រើនដង ទៅកាន់ឈ្មោះ Korng Thavy ឲ្យរៀបចំឯកសារដែលខ្វះខាត តែឈ្មោះ Korng Thavy នៅតែមិនអាចបំពេញលក្ខខណ្ឌរបស់ក្រុមហ៊ុនបាន ដោយសារតែបញ្ហាផ្ទៃក្នុងក្រុមគ្រួសារខ្លួនឯង ហើយស្ថានទូតក៏ពុំមានសិទ្ធិបញ្ជាឲ្យក្រុមហ៊ុនទទួលយកសំណើនោះដែរ។ លើសពីនេះទៅទៀត ដើម្បីចៀសវាងភាពមន្ទិល ក្រុមការងារស្ថានទូតបានស្នើឲ្យឈ្មោះ Korng Thavy ទំនាក់ទំនងសាកសួរព័ត៌មានអំពីដំណើរការរៀបចំឯកសារ និងផ្ញើឯកសារដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ ០២២ ២៦១៨៤០០ (សូមវាយបន្តទៅលេខ ១៥ ជ្រើសរើសភាសាខ្មែរ) និងទូរសារលេខ ០៥០ ៥១៦១១៤២១ ទៀតផង។

ជាថ្មីម្តងទៀត ស្ថានទូតសូមបញ្ជាក់ថា “ការបង្ហោះចោទប្រកាន់ជាសាធារណៈដោយពុំមានមូលដ្ឋានព័ត៌មានច្បាស់លាស់របស់ឈ្មោះ Korng Thavy បែបនេះ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរដល់ជីវិតឯកជន របស់ឯកឧត្តម ឡុង ឌីម៉ង់ ដោយផ្ទាល់ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលបច្ចុប្បនុ្ននេះ ឯកឧត្តម ឡុង ឌីម៉ង់ កំពុងពិចារណាប្តឹងតាមនីតិវិធីតុលាការ”៕

website_news/2017031001.txt · Last modified: 2017/10/03 10:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki