website_news:2017031006

ចាប់ខ្លួនដាក់ឡានផ្អើលពេញភូមិ... រឿងនាំពលករ

http://www.kaoh-santiphap-news.html ដោយ ៖ ហួត សុងហាក់ ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០១៧

ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលពេញភូមិ បន្ទាប់ពីបុរសចំណាស់ម្នាក់អាយុជាង៦០ឆ្នាំ ត្រូវបានកម្លាំងមានឯកសណ្ឋានប៉េអឹម និងប្រដាប់ដោយអាវុធជាច្រើននាក់ បានចុះទៅចាប់ខ្លួនដល់លំនៅឋានរបស់គាត់ រួចដាក់ខ្នោះដៃរុញចូលក្នុងរថយន្តយ៉ាងប្រញាប់ប្រញាល់ រួចត្រឡប់ទៅវិញ ដោយពុំបានបង្ហាញដីកាចាប់ ឬនាំខ្លួនឱ្យសាមីខ្លួនបានដឹងឡើយ ។

ការឆ្មក់ចាប់ខ្លួនបុរសចំណាស់ខាងលើ បានធ្វើឡើងនៅចំណុចភូមិអូរក្រូច ឃុំតតោក ស្រុកសំឡូត ខេត្តបាត់ដំបង កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ កញ្ញា ។ បន្ទាប់ពីចាប់ខ្លួនបុរសចំណាស់រូបនោះបានកន្លះម៉ោង ប្រពន្ធរបស់គាត់ ក៏បានជួលម៉ូតូជិះដេញតាមរថយន្តរបស់សមត្ថកិច្ច ដើម្បីចង់ដឹងថា សមត្ថកិច្ចនាំខ្លួនប្តីរបស់គាត់យកទៅណា តែតាមមិនទាន់ ប៉ុន្តែអស់រយៈពេលជាង៣ម៉ោងក្រោយមក ទើបរូបគាត់បានទទួលដំណឹងពីប្តីគាត់តាមទូរស័ព្ទយ៉ាងខ្លីថា រូបគាត់ (ប្តី) ត្រូវបានគេឃុំខ្លួននៅក្នុងទីបញ្ជាការដ្ឋានប៉េអឹមខេត្តបន្ទាយមានជ័យ ។

ក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ពួកគាត់នៅមិនទាន់ដឹងពីមូលហេតុនៃការចាប់ប្តី និងឪពុករបស់គាត់ច្បាស់លាស់ឡើយទេ មកដល់ត្រឹមរសៀលថ្ងៃទី០២ តុលា ហើយសមត្ថកិច្ចនៅតែបន្តឃុំខ្លួនដដែល ។ ពួកគាត់បញ្ជាក់ទៀតថា រយៈពេលឃុំខ្លួនប្តី និងឪពុករបស់គាត់លើស៤៨ម៉ោងហើយ គិតត្រឹមម៉ោង១រសៀលថ្ងៃទី០២ តុលា នេះ ។ ពួកគាត់សំណុមពរឱ្យស្ថាប័នសារព័ត៌មានទាំងអស់ មេត្តាជួយតាមឃ្លាំមើលរឿងអយុត្តិធម៌នេះផង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ថា ការចាប់ខ្លួនកញ្ឆក់កណ្តៀតបែបនេះ គឺពាក់ព័ន្ធរឿងនាំពលករខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ។ គាត់ជាមេខ្យលនៃរឿងនេះ ។

website_news/2017031006.txt · Last modified: 2017/10/03 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki