website_news:201703403

លោក ហ៊ុន សែន ចុះហត្ថលេខាអនុម័តគោលការណ៍បណ្តោះអាសន្នសម្រាប់ទារកដែលគេជួលឲ្យម្តាយកម្ពុជាពពោះ

http://www.cambodiadailykhmer.com ដោយ ផាន់ ស៊ូមី | ថ្ងៃច័ន្ទ ទី 3 ខែមេសា ឆ្នាំ2017

ជិត៦ខែ បន្ទាប់ពីក្រសួងសុខាភិបាលបានហាមមិនឲ្យមានការពពោះជំនួស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តយល់ព្រមលើគោលការណ៍បណ្តោះអាសន្នមួយដោយអនុញ្ញាតឲ្យយកទារកកើតចេញពីផ្ទៃម្តាយស៊ីឈ្នួលពពោះជំនួសកម្ពុជាចេញពីប្រទេសកម្ពុជាបាន។  ចំណាត់ការនេះបានបញ្ចប់ក្តីទន្ទឹងរង់ចាំជាយូរមកហើយរបស់ប្តីប្រពន្ធបរទេស ដែលក្នុងនោះមានមួយចំនួនបានព្យាយាមយកកូនៗរបស់ពួកគេចេញពីប្រទេសកម្ពុជាតាមរយៈប្រទេសវៀតណាម ពេលពួកគេស្ថិតក្នុងស្ថានភាពលំបាកមិនដឹងត្រូវដំណោះស្រាយតាមរបៀបណា នេះបើយោងតាមអ្នកជំនាញម្នាក់។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានបញ្ជាក់កាលពីម្សិលមិញថា លោក ហ៊ុន សែន បានចុះហត្ថលេខាលើគោលការណ៍ នេះហើយ ពោលគឺជាង១ខែបន្ទាប់ពីវាត្រូវបានដាក់ជូនដើម្បីស្នើសុំការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី។ លោកស្រីបានមានប្រសាសន៍ថា “ចា៎ គាត់ ទម្លាក់មកវិញហើយ គាត់ឯកភាពហើយ” ។ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា គោលការណ៍នេះនឹងជាវិធានការបណ្តោះអាសន្នដើម្បីអនុញ្ញាតឲ្យឪពុកម្តាយបរទេសអាចយកកូនៗរបស់ពួកគេដែលកើតចេញពីផ្ទៃម្តាយស៊ីឈ្នួលពពោះជំនួសកម្ពុជាចេញពីប្រទេសកម្ពុជាបាន។ វានឹងអនុវត្តចំពោះទារកកើតរួចហើយ ឬទារកកំពុងស្ថិតក្នុងផ្ទៃម្តាយកម្ពុជា។

ប្តីប្រពន្ធបរទេសរាប់សិបគូកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកផ្នែកផ្លូវច្បាប់ ដោយមិនដឹងច្បាស់លាស់ថា តើពេលណា ឬថាតើពួកគេអាចបានជួបជុំជាមួយកូនៗរបស់ខ្លួនឬក៏អត់ ចាប់តាំងពីរដ្ឋាភិបាលបានដាក់បម្រាមលើអាជីវកម្មផ្តល់សេវាពពោះជំនួសកាលពីខែតុលាមក។ ដោយធុញថប់ចំពោះការពន្យារពេលរបស់រដ្ឋាភិបាលក្នុងការអនុម័តយល់ព្រមលើគោលការណ៍បណ្តោះអាសន្ននេះឪពុកម្តាយបរទេសមួយចំនួនបាននិងកំពុងព្យាយាមយកកូនៗរបស់ពួកគេចេញតាមរយៈប្រទេសវៀត ណាម នេះបើយោងតាមអ្នកជំនាញម្នាក់។

អ្នកជំនាញរូបនេះដែលសូមមិនបញ្ចេញឈ្មោះបានសរសេរនៅក្នុងអីុម៉េលមួយថា “បច្ចុប្បន្នឪពុកម្តាយចេញតាមរយៈប្រទេសវៀតណាមជំនួសវិញ”។ អ្នកជំនាញរូបនេះបានលើកឡើងទៀតថា ទារកត្រូវបាននាំយកទៅកាន់ប្រទេសវៀតណាមក្រោយពេលកើតនៅក្នុងប្រទេសកម្ពុជា។ ”ទំនងជាទារកកើតនៅកម្ពុជា បន្ទាប់មកគេទទួលបានលិខិតឆ្លងដែនកម្ពុជា[សម្រាប់ទារកនេះ ហើយម្តាយស៊ីឈ្នួលពពោះជំនួសបានធ្វើដំណើរទៅប្រទេសវៀត ណាមជាមួយកូនទើបកើត និងជាមួយឪពុកម្តាយដែលជួលឲ្យគេពពោះជំនួស”។

កាលពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង បានបដិសេធមិនរៀបរាប់លម្អិតពាក់ព័ន្ធនឹងគោលការណ៍នេះឡើយ ដោយលើកឡើងថា រដ្ឋាភិបាលនឹងចេញសេចក្តីប្រកាសជាផ្លូវការ។ ទោះជាយ៉ាងណា លោកស្រីបានលើកឡើងថា ដំណើរការនេះនឹងមានជាប់ពាក់ព័ន្ធនីតិវិធីតុលាការទេ។ បច្ចុប្បន្ន ក្រមរដ្ឋប្បវេណីកម្ពុជាទទួលស្គាល់ស្ត្រីណាដែលពពោះកូន មិនខ្វល់ថានរណាជាឪពុកម្តាយបង្កើតនោះទេ។ លោកស្រីបានថ្លែងថា “ត្រូវជាមួយច្បាប់ខ្មែរ តែគេផ្សាយចេញទៅមានសព្វគ្រប់ហើយអូនប្រហែលជាថ្ងៃច័ន្ទនេះគេដាក់ចេញហើយ ព្រោះសម្តេចចុះហត្ថលេខាផ្សព្វផ្សាយហើយ”។ លោកស្រីបានបន្ថែមថាគោលការណ៍នេះនឹងត្រូវអនុវត្តជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយវានឹងដោះស្រាយតែចំពោះករណីស៊ីឈ្នួលដែលមានស្រាប់ប៉ុណ្ណោះ។ លោកស្រីបានមានប្រសាសន៍ថា “យើងបានដាក់កម្មវិធីហ្នឹងសម្រាប់ដោះស្រាយចំពោះអ្នកដែលបាន និងកំពុងតែមានផ្ទៃពោះ ឬមួយក៏កើតហើយ”។ លោកស្រីបានបន្តថា “ដំណោះស្រាយនេះគឺជាដំណោះស្រាយនៅក្នុងរឿងករណីដែលមានស្រាប់ទេ”។ លោកស្រី ជូ ប៊ុនអេង បានលើកឡើងបន្តទៀតថា នឹងមានការកំណត់ពេលវេលាសម្រាប់ឪពុកម្តាយនៅក្នុងការអនុវត្តតាមគោលការណ៍នេះ។លោកស្រីបានថ្លែងថា “យើងត្រូវធ្វើការប្រកាសផ្សព្វផ្សាយមួយសិន។ យើងធ្វើចាប់តាំងពីថ្ងៃប្រកាសផ្សាយហ្នឹងទៅយើងកំណត់ពេលវេលា”។

លោកស្រីបានថ្លែងបន្ថែមថា “យើងគិតថា បញ្ចប់ត្រឹមក្រោយហ្នឹងរយៈពេល៩ខែ១០ថ្ងៃក្រោយពេលប្រកាស…បើបន្ទាប់ពីបានទទួលការផ្សព្វផ្សាយហើយ ហើយបើនៅតែមានទៀតអាហ្នឹងយើងត្រូវមានវិធានការណ៍ថ្មីទៀត”។ លោកស្រី ជូ ប៊ុនអេង បានព្រមានថា ឪពុកម្តាយដែលមិនព្រមចេញមកអនុវត្តតាមគោលការណ៍បណ្តោះអាសន្ននេះនោះនឹងប្រឈមផលលំបាកធ្ងន់ធ្ងរ។ លោកស្រីបានលើកឡើងថា “ប្រសិនបើជាលាក់ គឺគាត់គ្មានសិទ្ធិក្នុងការយកកូនហ្នឹងចេញ ហើយបើគាត់ប្រាប់យើងអាហ្នឹងគាត់មានសិទ្ធិ។ យើងចង់ថា ច្បាប់នេះគឺតម្រូវឲ្យពួកកាត់អាចយកទៅបាន”។ លោកស្រីបានលើកឡើងទៀតថា រដ្ឋាភិបាលមិនដឹងថា មានឪពុកម្តាយដែលជួលឲ្យគេពពោះជំនួសបានព្យាយាមយកកូនៗរបស់ខ្លួនចេញពីប្រទសកម្ពុជាតាមរយៈប្រទេសវៀតណាមនោះឡើយ។ ទោះជាយ៉ាងណាលោកស្រីបានសង្កត់ថា ប្រសិនបើចាប់បានពួកគេអាចប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌ។ ច្បាប់ថ្មីស្តីពីអាជីវកម្មផ្តល់សេវាពពោះជំនួសកំពុងស្ថិតក្នុងដំណាក់កាលធ្វើសេចក្តីព្រាងនៅឡើយ។

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោក ផុន ពុទ្ធបុរី បានលើកឡើងថា ច្បាប់ស្តីពីការពពោះជំនួសនេះដែលក្រសួងកំពុងតែធ្វើការលើដោយមានជំនួយពីក្រសួងពាក់ព័ន្ធផ្សេងៗនោះទំនងជានឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។

មិនដល់មួយខែផងបន្ទាប់ពីមានការចេញបម្រាម ស្ត្រីដែលបើកកន្លែងផ្តល់សេវាពពោះជំនួសជនជាតិអូស្ត្រាលីឈ្មោះ Tammy Davis-Charles ត្រូវបាននគរបាលប្រឆាំងការជួយដូរមនុស្សចាប់ខ្លួនកាលពីខែវិច្ឆិកា ជាមួយនឹងគូកនជនជាតិកម្ពុជាពីរនាក់ ដោយសារបានបើកគ្លីនិកផ្តល់សេវាពពោះជំនួស ។

លោក ឈាង សោភ័ណ មេធាវីតំណាងឲ្យស្ត្រីជនជាតិអូស្ត្រាលីរូបនេះ ដែលកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនោះ បានលើកឡើងថា លោកមានគម្រោងជំរុញឲ្យការបើកសវនាការជំនុំជម្រះក្តីរបស់ស្ត្រីអូស្ត្រាលីរូបនេះកើតមានឡើងនៅចុងខែនេះ។

លោក Sam Everingham ប្រធានអង្គការ Families Through Surrogacy ជាអង្គការតស៊ូមតិមានមូលដ្ឋាននៅអូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានពន្យារពេលយូរពេកនៅក្នុងដាក់ចេញនូវគោលការណ៍នេះសម្រាប់ ថា តើប្តីប្រពន្ធបរទេសអាចនាំកូនៗរបស់ពួកគេចេញពីប្រទេសកម្ពុជាបានដែរ ឬអត់។ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជាពន្យារពេលយូរពេកក្នុងការដាក់ចេញសារាចរដ៏ច្បាស់លាស់មួយស្តីពីគោលការណ៍បណ្តោះអាសន្នសម្រាប់ករណីពពោះជំនួសកើតមានស្រាប់ ដោយធ្វើឲ្យមានការធុញថប់យ៉ាងខ្លាំងចំពោះស្ត្រីស៊ីឈ្នួលពពោះជំនួសកម្ពុជា និងឪពុកម្តាយដែលជួលឲ្យគេពពោះជំនួស”៕ស៊ុយឈាង

website_news/201703403.txt · Last modified: 2017/04/03 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki