website_news:201703404

ថៃចោទពលករខ្មែរថាមានចេតនាឲ្យអាជ្ញាធរចាប់ដើម្បីបានមកស្រុកមិនអស់ថ្លៃធ្វើដំណើរ

http://vodhotnews.com ដោយ លោក ពៅ មេត្តា | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧

សារព័ត៌មានដែលល្បីឈ្មោះមួយរបស់ថៃបានចុះផ្សាយថា ពលករខ្មែរខុសច្បាប់រាប់រយនាក់ មានចេតនាចេញមុខជាសាធារណៈឲ្យអាជ្ញាធរថៃចាប់ខ្លួន ដើម្បីឲ្យពួកគេបានមកលេងស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំនៅពេលខាងមុខនេះ ដោយមិនអស់លុយលើការធ្វើដំណើរ។

សារព័ត៌មាន The Nation របស់ថៃចុះផ្សាយថា កាលពីថ្ងៃអាទិត្យម្សិលមិញពលករខ្មែរខុសច្បាប់ជាង២០០នាក់ បានធ្វើដំណើរជាសាធារណៈតាមរថភ្លើងពីបាងកកមកព្រំដែនកម្ពុជា-ថៃ ច្រកប៉ោយប៉ែត ប៉ុន្តែអ្នកទាំងនោះត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន។ សារព័ត៌មានដដែលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះ មានចេតនាឲ្យអាជ្ញាធរថៃចាប់ខ្លួន ដើម្បីបានធ្វើដំណើរដល់ព្រំដែនដោយមិនអស់លុយ ដោយរថយន្តសមត្ថកិច្ចជាអ្នកដឹកជញ្ជូន។

វីអូឌី មិនទាន់អាចទាក់ទងរដ្ឋាភិបាលកម្ពុជា ដើម្បីសាកសួរជុំវិញការចោទប្រកាន់ និង ឃាត់ខ្លួនពលរដ្ឋខ្មែរនេះបាននៅឡើយនៅព្រឹកនេះ។ តម្លៃធម្មតាបើគេជិះរថយន្តឈ្មួលពីព្រំដែនច្រកប៉ោយប៉ែតដល់បាងកកអស់ប្រមាណជាង២០០បាត ឬ ស្មើជិត៣០ ០០០រៀល ចំណែកការធ្វើដំណើរតាមរថភ្លើងអាចចំណាយតិចជាងនេះ។ ជាញឹកញាប់ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់វិញ ចំពោះអ្នកដែលទៅស្វែងរកការងារធ្វើមិនស្របច្បាប់។ របាយការណ៍ក្រសួងការងារថៃបង្ហាញថា បច្ចុប្បន្នពលរដ្ឋខ្មែរជាង១លាននាក់កំពុងធ្វើការស៊ីឈ្នួលនៅក្នុងប្រទេសថៃ៕

website_news/201703404.txt · Last modified: 2017/04/03 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki