website_news:201703406

ពលករខ្មែរត្រូវថៃបញ្ជួនមកវិញតាមរថយន្តទ្រុងដូចអ្នកទោស

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៤:៣២

ខេត្តបន្ទាយមានជ័យ ៖ ថៃបានធ្វើការបញ្ជូនពលករតាមរថយន្តទ្រុងជាច្រើននាក់មកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗនៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៧ ខណៈចំនួនពលករខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនក្នុងខែមីនាមានជិត៩.០០០នាក់ ។ តាមរបាយការណ៍ពីមន្ត្រីបំរើការងារនៅទីតាំងទទួលពលករក្នុងភូមិ និងសង្កាត់ប៉ោយប៉ែតប្រាប់ថា នៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៧ នេះពលករបញ្ជូនពីថៃដោយរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់មានការកើនឡើង ហើយថ្ងៃខ្លះមានរហូតជាង១០រថយន្តទ្រុង ឬជាង៧០០នាក់ ។

មន្ត្រីដដែលបន្តថា ចំនួនពលករថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានចំនួន៣៣៦នាក់, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មាន៤០១នាក់, ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ មាន៦៣៥នាក់ និងថ្ងៃទី២ខែមេសា ឆ្នាំ២០១៧ មានចំនួន៧១២នាក់ ។

ដោយឡែកពលករសរុបក្នុងខែមីនា ឆ្នាំ២០១៧ មានចំនួន៨.៧៨៤នាក់ ក្នុងនោះស្រីចំនួន៣.១៧៥នាក់ និងកុមារ៨៩៥នាក់ ។ មន្ត្រីខាងលើប្រាប់ថា ពលករបញ្ជូនត្រឡប់មកកម្ពុជាវិញនៅដើមខែមីនា ឆ្នាំ២០១៧ មួយចំនួនធំទើបចេញពីកម្ពុជា ខណៈពលករបញ្ជូនត្រឡប់ក្នុងចុងខែមីនា និងដើមខែមេសា សុទ្ធតែជាពលករវិលត្រឡប់ពីតាមបណ្តាខេត្តក្រុងក្នុងប្រទេសថៃ តែត្រូវបានសមត្ថកិច្ចថៃចាប់ពេលឆែករកឯកសារចេញចូលប្រទេសរបស់គេហើយចោទថា គ្មានច្បាប់ត្រឹមត្រូវ ៕

website_news/201703406.txt · Last modified: 2017/08/24 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki