website_news:2017040301

"វិធីដោះស្រាយដែលឆ្លើយតបអំពើជួញដូរមនុស្សនិងការរំលោភបំពានជនចំណាកស្រុក"

http://www.rfa.org/khmer/news ដោយ សូត សុខប្រាថ្នា 2017-03-03

សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ចាម និងអង្គការដៃគូ បានរៀបចំសិក្ខាសាលាមួយស្ដីពី “ដំណោះស្រាយឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស ព្រមទាំងការរំលោភបំពានផ្សេងៗទៅលើជនចំណាកស្រុក។ សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីជួយដល់ជនរងគ្រោះ និងបញ្ចៀសការចំណាកស្រុកដោយប្រថុយប្រថាន។

រាល់ការលើកឡើងពីបញ្ហាប្រឈមផ្សេងៗ របស់ជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងអនុសាសន៍របស់អ្នកចូលរួមក្នុងសិក្ខាសាលាមួយថ្ងៃពេញ ខាងសមាគមការពារសិទ្ធិមនុស្សអាដហុក នឹងរៀបចំចងក្រងដើម្បីដាក់ជូនទៅស្ថាប័នរដ្ឋពាក់ព័ន្ធដើម្បីរួមគ្នាជួយដោះស្រាយ។

ប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា ការរៀបចំវេទិកានេះ ដើម្បីឱ្យអ្នកចូលរួមទាំងអស់ ពិសេសជនរងគ្រោះ និងអតីតជនរងគ្រោះលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនសម្រាប់ឈានទៅរកដំណោះស្រាយ។ លើសពីនេះ ជាការចែករំលែកបទពិសោធន៍ក្នុងការចំណាកស្រុក ដើម្បីគេចផុតពីការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគាត់ជាដើម៖ «គឺចង់ឱ្យគាត់មកដើម្បីធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ និងបញ្ហារបស់ពួកគាត់ដែលធ្លាប់កើតមានកន្លងមក ដើម្បីឱ្យអ្នកចូលរួម ក៏ដូចជាស្ថាប័នផ្សេងបានដឹងពីបញ្ហារបស់ពួកគាត់»។

នៅក្នុងសិក្ខាសាលាដែលមានអ្នកចូលរួមប្រមាណ ៧០នាក់ នៅថ្ងៃទី៣ ខែមីនា ក្នុងនោះមានអតីតជនរងគ្រោះដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស ក្រុមគ្រួសារជនចំណាកស្រុក តំណាងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

អតីតជនរងគ្រោះលើទូកនេសាទថៃ ដែលបានចេញទៅនេសាទនៅប្រទេសឥណ្ឌូនេស៊ី ម្នាក់ មកពីខេត្តកំពត បានចែករំលែកបទពិសោធន៍ដ៏ជូរចត់របស់ខ្លួន ដោយនិយាយថា ជីវិតរស់នៅជាកម្មករនៅលើទូកនេសាទ គឺមានបញ្ហាប្រឈមជាច្រើន ដូចជាសម្រាកមិនបានគ្រប់គ្រាន់ មិនបានស្គាល់ដីគោកឡើយ ដោយមេខ្យល់សន្យាថា បានកម្រៃមួយថ្ងៃ ៣៥០បាត ឬ ស្មើប្រមាណជិត ៤ម៉ឺនរៀល។

លោកបញ្ជាក់ថា គ្រាន់តែធ្វើដំណើរចេញពីច្រាំងសមុទ្រប្រទេសថៃ ទៅកាន់កន្លែងនេសាទ គឺប្រើរយៈពេលមួយខែ។ ធ្វើការជាកម្មករទូកនេសាទបាន ៨ខែ ដោយទ្រាំនឹងការលំបាកមិនបាន អតីតជនរងគ្រោះរូបនេះ និងកម្មករទូកនេសាទខ្មែរមួយចំនួនទៀត សម្រេចចិត្តលួចលោតឡើងទូកនេសាទធំមួយ ដែលតែងតែទៅទទួលយកត្រីពីទូកដែលពួកលោកនេសាទរាល់ថ្ងៃ។ ចំណែកប្រាក់កម្រៃវិញ គឺមិនបានសូម្បីតែមួយរៀល ហើយក៏សុំកិច្ចអន្តរាគមន៍ពីសមាគមអាដហុក ទើបបានត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារវិញ៖ «សំណូមពរឱ្យរាជរដ្ឋាភិបាលជួយកូនខ្មែរឱ្យមានការងារនៅក្នុងស្រុកខ្មែរមានប្រាក់ខែសមរម្យ។ បើថា ទៅធ្វើការចំណាកស្រុកសូមឱ្យមានប៉ាសស្ព័រ និងទិដ្ឋាការការងារស្របច្បាប់»។

ក្រៅពីអតីតជនរងគ្រោះលើទូកនេសាទថៃ រូបនេះ ក៏មានជនរងគ្រោះផ្សេងទៀត បានលើកឡើងពីបញ្ហាប្រឈម និងបទពិសោធន៍របស់ខ្លួនដែរ ហើយអ្នកខ្លះត្រូវជាប់ពន្ធនាគារនៅស្រុកគេថែមទៀត។

អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សថ្នាក់ខេត្ត អ្នកស្រី ស៊ី វណ្ណថា មានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្ត ព្រមទាំងថ្នាក់ជាតិ ខិតខំប្រយុទ្ធប្រឆាំងទៅលើការជួញដូរមនុស្ស និងការរំលោភបំពានទៅលើជនចំណាកស្រុក។ បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បានជួយអន្តរាគមន៍ឱ្យពលករចំណាកស្រុកដែលរងគ្រោះនៅក្រៅប្រទេស បានវិលត្រឡប់មកស្រុកកំណើតវិញ តាមរយៈក្រសួងការបរទេសកម្ពុជា។ ក្រៅពីនេះ អាជ្ញាធរខេត្តក៏បានចុះផ្សព្វផ្សាយដល់មូលដ្ឋានដើម្បីពន្យល់ពលរដ្ឋអំពីនីតិវិធីនៃការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងជៀសឱ្យផុតពីការចាញ់បោកមេខ្យល់ជាដើម៖ «គឺយើងនៅតែបន្តធ្វើរហូតដូចភ្លៀងរលឹមមិនបង្អង់ឡើយ បើទោះបីជាពលរដ្ឋបានយល់ដឹងក៏ដោយ ក៏យើងនៅតែធ្វើ នៅតែបន្ត»។

អ្នកស្រី ឆន សុគន្ធា បញ្ជាក់ថា ករណីជួញដូរមនុស្ស និងកម្លាំងពលកម្មនៅឆ្នាំ២០១៦ សមាគមអាដហុក ទទួលបានគឺមាន ១៣៣ករណី ហើយប្រមាណ ៣០ ទៅ ៤០ភាគរយ គឺខាងសមាគមអាដហុក សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ ជួយសង្គ្រោះ ហើយនាំពួកគាត់ត្រឡប់មកស្រុកកំណើតវិញ។ អ្នកស្រីបន្ថែមទៀតថា កន្លងមកក្រសួងការបរទេសខ្មែរ គឺបានយកចិត្តទុកដាក់ជួយដល់ពលករ ឬពលការិនីដែលរងគ្រោះនៅក្រៅប្រទេស។ ជាមួយគ្នានេះ មន្ត្រីសង្គមស៊ីវិលដដែលចង់ឱ្យរាជរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកា និងធនធានមនុស្សបន្ថែមទៀត សម្រាប់ជួយពលរដ្ឋទាំងនោះនៅពេលពួកគាត់មានបញ្ហាប្រឈមកើតឡើង និងដើម្បីបានវិលត្រឡប់មកស្រុកកំណើតឆាប់រហ័ស៕

website_news/2017040301.txt · Last modified: 2017/08/24 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki