website_news:2017040302

គ្រួសារ ១ រកលីកាដូ ឲ្យជួយបន្ទាប់ពីបាត់ដំណឹងកូន ៤ នាក់ឲ្យគេយកទៅចិញ្ចឹមនៅអ៊ីតាលី

http://www.postkhmer.com Fri, 3 March 2017 ផាក់ ស៊ាងលី

រតនគិរីៈ គ្រួសារកម្មករក្រីក្រមួយបានស្វះស្វែងរកអង្គការក្រៅរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ បន្ទាប់ពីកូនបួននាក់របស់ពួកគាត់ត្រូវបានគេសុំយកទៅចិញ្ចឹមនៅប្រទេសអ៊ីតាលីហើយមិនបានជួបកូនប្រមាណជា ៨ ឆ្នាំមកហើយ។

គ្រួសារកម្មករចម្ការកៅស៊ូរស់នៅក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវបានស្នើសុំអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តរតនគិរីកាលពីថ្ងៃម្សិលមិញដើម្បីឲ្យជួយរកកូនប្រុសស្រីចំនួន ៤ នាក់ដែលបានបែកគ្នាចាប់តាំងពីឆ្នាំ ២០០៨ មក។

ស្ត្រីឈ្មោះ អួន ញ៉ អាយុ ៤០ ឆ្នាំបានឲ្យដឹងថាដោយសារតែជីវភាពក្រីក្រ អ្នកស្រី និងប្តីឈ្មោះ ម៉េត ម៉ៅ អាយុ ៤៨ ឆ្នាំបានធ្វើដំណើរពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដើម្បីយកកូន ៤ នាក់ទៅផ្ញើនៅអង្គការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ (SPSDO) ដែលមានទីតាំងនៅម្តុំផ្សារដីហុយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីឆ្នាំ ២០០៨។ កូនទាំង ៤ នាក់មានឈ្មោះ ម៉េត ម៉េងជូ ភេទស្រីកាលនោះអាយុ ១០ ឆ្នាំ ម៉េត ណារិទ្ធ ភេទប្រុស អាយុ ៥ ឆ្នាំ ម៉េត ស្រីឃា ភេទ ស្រី អាយុ ៤ ឆ្នាំ និងឈ្មោះ ម៉េត រិទ្ធី ភេទប្រុស អាយុ ២ ឆ្នាំ។ អ្នកស្រីបន្តថាមួយឆ្នាំក្រោយមកមានគេសុំកូនយកទៅក្រៅប្រទេសហើយអង្គការនោះបានបញ្ជូនកូនទាំងបួននាក់ទៅតែម្តងទៅដោយសន្យាថា ១ ឆ្នាំគេឲ្យជួបកូនម្តង។ ប៉ុន្តែតាំងពីពេលនោះមកគ្រួសារអ្នកស្រីបានទទួលតែរូបថតពីកូនឈ្មោះ ម៉េងជូ និង រិទ្ធី ប៉ុណ្ណោះ។ រីឯកូន ២ នាក់ទៀតគឺបាត់ដំណឹងឈឹងតែម្តងដែលសូម្បីតែរូបថត ១ សន្លឹកក៏គ្មានគេផ្ញើឲ្យមើលដែរ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំក្រ ខ្ញុំជឿតាមគេ ទើបយកកូនទៅដាក់មណ្ឌលហ្នឹងបានរៀនសូត្រ។ តាំងពីដាក់នៅអង្គការហ្នឹងមក វា ៩ ឆ្នាំហើយ។ ខ្ញុំអត់បានជួបកូនទាំង ៤ នាក់នោះសោះ»។ អ្នកស្រីអះអាងថាគ្រួសារអ្នកស្រីបានទទួលដំណឹងកូនតាមតែរយៈប្រធានមណ្ឌល នៃអង្គការនោះឈ្មោះ លោក មាស យុទ្ធ ប៉ុណ្ណោះគឺមិនដែលបានជួបផ្ទាល់ ឬជួបតាមទូរស័ព្ទនោះទេ។ ប៉ុន្តែក្នុងរយៈពេល ៦ ខែចុងក្រោយនេះអ្នកស្រីទាក់ទងប្រធានមណ្ឌលលែងបានហើយឮថា អង្គការនោះក៏បានប្តូរទីតាំងហើយផងដែរ។

ស្ត្រីជាម្តាយរូបនេះបានថ្លែងថា៖ «ខ្ញុំនឹកកូនៗ និងបារម្ភខ្លាំងណាស់ព្រោះអត់ដំណឹងសោះ។ មិនដឹងគេសុខទុក្ខយ៉ាងម៉េចក៏មិនដឹងដែរ។ ខ្ញុំព្រមឲ្យកូនទៅព្រោះមណ្ឌលប្រាប់ថាមិនមែនឲ្យគេដាច់ទេ។ ដល់កូនអាយុ ១៨ ឆ្នាំគេឲ្យមកវិញហើយ។ ម៉ែឪចិញ្ចឹមហ្នឹង គ្មានសិទិ្ធហាមឃាត់ទេ។ តែបាត់រហូត»។អ្នកស្រីរំឭកថា កាលពីកូននៅមណ្ឌលម្តុំផ្សារដីហុយនោះគឺមានស្ថានភាពល្អប្រសើរដោយកូនៗបានរៀនសូត្រ និងមានម្ហូបអាហារគ្រប់គ្រាន់ហើយមុនពេលគេសុំទៅក្រៅប្រទេសនោះអ្នកស្រីក៏បានទៅលេងកូនញឹកញាប់ដែរដោយអង្គការនេះបានផ្តល់លុយថ្លៃធ្វើដំណើរខ្លះផង។ អ្នកស្រីថាអ្នកស្រីចង់ឡើងមកភ្នំពេញដើម្បីរកអង្គការនោះដែរ ប៉ុន្តែអត់មានលុយធ្វើដំណើរនោះទេ។

លោក សុវណ្ណ ប៊ុនថៃ អ្នកសម្របសម្រួលសហគមន៍របស់អង្គការលីកាដូប្រចាំខេត្តរតនគិរីបានឲ្យដឹងថានៅពេលយកកូនទៅផ្ញើនៅមណ្ឌល អ្នកស្រី អួន ញ៉ មានកិច្ចសន្យាត្រឹមត្រូវជាមួយនឹងអង្គការនេះដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរ។

អង្គការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញដោយទូរស័ព្ទជាច្រើនខ្សែមិនដំណើរការ។ លោក ឯម ចាន់មករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានសំណូមពរឲ្យគ្រួសារអ្នកស្រី អួន ញ៉ ដាក់ពាក្យបណ្តឹងមកក្រសួង ឬមន្ទីរសង្គមកិច្ចដើម្បីក្រសួងអន្តរាគមន៍ទៅមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងស្រាវជ្រាវរកកូនៗរបស់គាត់។

លោក សន សុផល បានថ្លែងថា៖ «បើគេចង់លាក់កូន ឬធ្វើបាបកូន អញ្ជឹងឲ្យគាត់មកជួបខ្ញុំមក ខ្ញុំជួយ។ ខ្ញុំនឹងស្នើឲ្យតាមខណ្ឌចុះស្រាវជ្រាវភ្លាម»។ ការសុំកូនទៅចិញ្ចឹមគឺជារឿងដ៏ចម្រូងចម្រាសមួយនាពេលកន្លងមកហើយរដ្ឋាភិបាលក៏ធ្លាប់បានប្រកាសផ្អាកដំណើរការផងដែរ។ ប៉ុន្តែកាលពីឆ្នាំ ២០១៥ កម្ពុជាបានប្រកាសបើកឲ្យដំណើរការការសុំកូនសាជាថ្មីឡើងវិញដោយប្រុងប្រយ័ត្នហើយប្រទេសអេស្ប៉ាញ និងអ៊ីតាលីក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងក្នុងការសុំកូនជាមួយនឹងភាគីកម្ពុជាផងដែរ៕

website_news/2017040302.txt · Last modified: 2017/08/24 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki