website_news:2017040306

នារីម្នាក់ធ្វើការតាមផ្ទះគេយូរហើយមិនដឹង ដល់ពេលនេះទើបភ្ញាក់ផ្អើល ដោយដឹងថា...

https://kohsantepheapdaily.com.kh ដោយ ៖ ម៉ុក សេង ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៩:១១

កាសែត «Daily Telegraph» កាលពីថ្ងៃទី២៨ កុម្ភៈ ២០១៧ ផ្សាយថា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌូណេស៊ី នាង Sri Rabitah អាយុ២៥ឆ្នាំ ឱ្យដឹងថា នាងទើបតែដឹងបាត់ក្រលៀន កាលពីដើមឆ្នាំ២០១៧ នេះ ក្រោយពីចូលទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យពីអាការឈឺចាប់រ៉ាំរ៉ៃ ។ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលគ្រូពេទ្យបញ្ជាក់ប្រាប់ថា ក្រលៀនទាំងសងខាងរបស់នាងបាត់ទៅហើយ ។

លោក មូហាម៉ាត់ អ៊ិកបាល មន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីបញ្ជាក់ថា រឿងក្តីរបស់នាង Sri Rabitah គឺជាការលួចលក់អវៈយវៈក្នុងរាងកាយ ដូច្នេះត្រូវស៊ើបអង្កេតជាបន្ទាន់ ។ ជោគជតាកម្មរបស់នាង Sri កើតឡើងតាំងពីឆ្នាំ២០១៤ នៅពេលនាងបម្រើការងារតាមផ្ទះនៅបរទេសតាមរយៈអ្នករកកម្រៃជើងសា ។ នាង Sri Rabitah ឱ្យដឹងថា នាងត្រូវគេបញ្ជូនទៅធ្វើការឱ្យក្រុមគ្រួសារមួយនៅក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែបែរជាបញ្ជូននាងទៅឱ្យជនជាតិប៉ាឡេស្ទីន ក្នុងទីក្រុងដូហា ប្រទេសកាតាទៅវិញ ។

តាមការរៀបរាប់របស់នារីរងគ្រោះឱ្យដឹងថា មេផ្ទះជាជនប៉ាឡេស្ទីនបាននាំនាងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ហើយត្រូវគេដាក់ថ្នាំសណ្តំ ។ ក្រោយមកនាងត្រូវគេបញ្ជូនទៅបន្ទប់មួយក្នុងមន្ទីរពេទ្យ ដោយមានគ្រឿងបរិក្ខារពេទ្យជាច្រើន ។ នៅពេលដឹងខ្លួនឡើងវិញនាងដឹងថា ខ្លួនប្រាណមានស្នាមវះកាត់ ។

នាង Sri បានប្រកាសទាមទាររកយុត្តិធម៌ឱ្យខាងតែបាន ដោយនិយាយថា «ខ្ញុំចង់ឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីប្តឹងចំពោះអ្នកនៅពីក្រោយនៃការលួចក្រលៀនរបស់ខ្ញុំ » ៕

website_news/2017040306.txt · Last modified: 2017/03/04 16:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki