website_news:2017040401

ភាគីថៃបញ្ជូនពលករខ្មែរខុសច្បាប់មួយថ្ងៃជិត១.០០០នាក់

https://kohsantepheapdaily.com.kh ៖ ប៊ុន ធឿន ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧ ម៉ោង ២៣:៥៣

ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់១ថ្ងៃប្រហែល១.០០០នាក់ ជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ មន្ត្រីគណៈកម្មការទទួលពលករចំណាកស្រុកបានប្រាប់ថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតមកដល់ឃើញភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃប្រមាណជាង៩ទៅ១០ឡានទ្រុងដែលមានប្រមាណ៧០០ទៅ៨០០នាក់។

មន្ត្រីរូបនោះបានបញ្ជាក់ថា បើប្រៀបធៀបនៅចុងខែមីនា ឆ្នាំ២០១៧នេះ ភាគីថៃចាប់បញ្ជូនពលករចំណាកស្រុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃ ប្រមាណជា២០០ទៅ៣០០នាក់។ តែនៅដើមខែមេសា ឆ្នាំ២០១៧នេះ ដោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតមកដល់ផងឃើញភាគីចាប់បញ្ជូនពលករខ្មែរ១ថ្ងៃជិត១.០០០នាក់។ តាមសម្ដីពលករខ្មែរចាប់បញ្ជូនមកបានបញ្ជាក់ថា មូលហេតុភាគីថៃចាប់បញ្ជូនពលករខ្មែរច្រើនគឺបណ្តាលពីពលករខ្មែរជិតចូលឆ្នាំប្រពៃណីខ្មែរបាននាំគ្នាត្រលប់មកស្រុកទេសវិញ ហើយត្រូវបានសមត្ថកិច្ចថៃចាប់តាមចំណតរថយន្ត និងស្ថានីយរថយភ្លើងដែលជាពលករខ្មែរខុសច្បាប់។

ពលករខ្មែរមួយចំនួនដែលខុសច្បាប់នៅពេលធ្វើការបានប្រាក់កាក់ផ្ញើមកស្រុកកំណើត ហើយទុកលុយបន្តិចបន្តួចដើរឲ្យយប៉ូលីសថៃចាប់ដាក់រថយន្តបញ្ជូនមកស្រុកខ្មែរវិញរួចថ្លៃឡាន។ ពលករចំណាកស្រុករូបនោះបានបញ្ជាក់ថា ពួកគាត់មិនចង់ទៅធ្វើការចំណាកស្រុកខុសច្បាប់នោះជួបការលំបាក រត់គេចពីសមត្ថកិច្ចធ្វើការភ័យខ្លាចភ្នែកលើចិញ្ចើម។ ព្រោះថា គ្មានលុយធ្វើលិខិតឆ្លងដែន និងពិបាកទៅធ្វើនៅភ្នំពេញអស់សោហ៊ុយទៅមក និងថ្លៃវីសាទើបនាំគ្នាសម្រេចចិត្តទៅចំណាកខុសច្បាប់តាមរយៈមេខ្យល់។

ពួកគាត់សំណូមពរសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយផ្តល់តម្លៃ លិខិតឆ្លងដែន និងតម្លៃវីសាឲ្យដូចប្រទេសជិតខាង និងកន្លែងទីតាំងធ្វើលិខិតឆ្លងដែន មាននៅខេត្តជាប់ជាយដែនងាយស្រួល ហើយប្រជាពលរដ្ឋពិតនាំគ្នាទៅធ្វើការងារដោយស្របច្បាប់។ មន្ត្រីគណៈកម្មការទទួលពលករចំណាកស្រុកបានសំណូមពរសុំឲ្យពលករខ្មែរបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់និងចាញ់បោកមេខ្យល់នាំទៅធ្វើការងារដោយស្របច្បាប់ និងការពារសុវត្ថិភាព។

តាមព័ត៌មានបានឲ្យដឹងថា នៅពេលដែលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់នោះនោះ តាមបន្ទាត់ព្រំដែនមានស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក ដែលជាប់ព្រំប្រទល់ថៃ គឺមានច្រករបៀងខុសច្បាប់ជាច្រើន ដែលពលករចំណាកស្រុកឆ្លងកាត់តាមរយៈមេខ្យល់ខុសច្បាប់ ដែលបង់លុយឲ្យកម្លាំងឈរជើងការពារព្រំដែនម្នាក់៤០០ទៅ៥០០បាត ស្មើ៤ទៅ៥ម៉ឺនរៀលចូលមកកម្ពុជា១ថ្ងៃជាច្រើនពាន់នាក់៕

website_news/2017040401.txt · Last modified: 2017/08/24 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki