website_news:2017040402

ពលករខ្មែរសម្រុកឆ្លងដែនខុសច្បាប់ តាមច្រករបៀងទំនប់ដាច់

http://ann.com.kh/blog/detail ដោយ: សម្បត្តិ សីហាថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧

បន្ទាយមានជ័យ ៖ ច្រករបៀងទំនប់ដាច់ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាការពារព្រំដែន ក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានមហាជនចោទប្រកាន់ថា បើកឲ្យពលករខ្មែរចំណាកស្រុកទៅប្រទេសថៃ និងនាំទំនិញគេចពន្ធចូលកម្ពុជា ដោយខុសច្បាប់។

តាមប្រភពព័ត៍មាន បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានពលករខ្មែររាប់សិននាក់ ត្រូវបានមេខ្យល់នាំឆ្លងដែនចេញ ទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ដោយពុំមានការរារាំង ឬទប់ស្កាត់នោះទេ មានតែការរាប់មនុស្សយកលុយក្នុងមនុស្សម្នាក់ត្រូវបង់ឲ្យយោធាដែលប្រចាំការតាមច្រករបៀងខុសច្បាប់ ៥ពាន់រៀលតែប៉ុណ្ណោះ ដោយខាងយោធាមានទាំងកន្លែងសម្រាប់ជ្រក និងឃ្លាំងសម្រាប់លាក់បំពួនពលករផងដែរ ។

ដោយឡែកបើតាមសមត្ថកិច្ច ដែលធ្លាប់ទប់ស្កាត់ពលករ និងឃាត់ខ្លួនមេខ្យល់ បានឲ្យដឹងថា បច្ចុប្បន្នពលករខ្មែរដែលចេញទៅរកការងារនៅប្រទេសថៃ ភាគច្រើនមិនត្រូវបានចេញតាមរយៈមេខ្យល់ដែលយកលុយពីម្នាក់ ១៨០០បាត ទៅ២៥០០បាតនោះទេ ដោយពួកគាត់ច្រើនចេញដោយខ្លួនឯង និងរកការងារដោយខ្លួនឯង ព្រោះពួកគាត់បានស្គាល់ផ្លូវ និងទីតាំងការងារ ជាពិសេសទៅទៀតនោះ ឥឡូវនេះមានរថយន្តថៃ ចាំដឹកដល់ព្រំដែន ដោយគ្រាន់តែធ្វើយ៉ាងណាឲ្យតែពួកគាត់ត្រូវបានទាហ៊ានអនុញ្ញាតឲ្យឆ្លងដែនជាការស្រេច ។

ចំពោះការធ្វើដំណើរតាមរថយន្តថៃ ក្នុងម្នាក់ពី ៧០០ ទៅ៨០០បាត ដល់ទីក្រុងបាងកក ដែលការចំណាយនេះវាតិចជាងការឲ្យមេខ្យល់នាំផ្លូវ ។ ថ្វីតថ្បិតតែការចំណាកស្រុកបច្ចុប្បន្នមិនសូវតាមរយៈមេខ្យល់ពិតមែន តែវានៅតែជាការចំណាកស្រុកដោយខុសច្បាប់ តាមរយៈការបើកភ្លើងខៀវពីទាហ៊ាន វាផ្ទុយទៅនឹងច្បាប់ និងអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលធ្លាប់ប្រកាសឲ្យបិតច្រករបៀង ក្នុងការនាំចេញមនុស្ស និងទំនិញខុសច្បាប់ ។

ទាក់ទងនឹងបញ្ហានៃការរិះគន់ខាងលើ ភ្នាក់យើងមិនអាចសុំការបំភ្លឺពីលោក កែវ ណារិន ជាមេគ្រប់គ្រងច្រកទំនុបដាក់នេះបានទេ៕

website_news/2017040402.txt · Last modified: 2017/08/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki