website_news:2017040501

ខែមេសា ពលករខ្មែរ៣២នាក់ដែលរងគ្រោះនៅបរទេស ត្រូវបានបញ្ជូនមកកម្ពុជាវិញ

http://www./thmeythmey.html 03, May 2017 , 8:39 pm ដោយ: ថ្មីៗ

ភ្នំពេញ៖ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ពលករ-ពលការិនីខ្មែរ ចំនួន ៣២នាក់ ដែលរងគ្រោះនៅតាមបណ្តាប្រទេសផ្សេងៗ ត្រូវបានក្រសួងការបរទេស ជួយសង្គ្រោះ និងរៀបចំបញ្ជូនមកកម្ពុជាវិញ។ នេះបើតាម ការបូកបញ្ចូលគ្នានូវតួលេខនីមួយៗ ក្នុងសេចក្តីប្រកាសព័ត៌មានចំនួន៥ ដែលក្រសួងការបរទេស បានចេញផ្សាយជាបន្តបន្ទាប់ ក្នុងខែមេសា ឆ្នាំ២០១៧ កន្លងមក។

សេចក្តីប្រកាសព័ត៌មានខាងលើ បានឲ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០១៧ ពលករ-ពលការិនីខ្មែរចំនួន ៣២នាក់ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងស្ថានទូតកម្ពុជានៅតាមប្រទេសនានា ជួយជ្រោមជ្រែងឲ្យបានមកកម្ពុជាវិញ។ ក្រសួងការបទេស និងស្ថានទូតកម្ពុជា បានជួយសង្គ្រោះពលករ ពលការិនីទាំងនោះ ពីបណ្តាប្រទេសចំនួន២ ដោយក្នុងនោះ រួមមាន ប្រទេសម៉ាឡេស៊ីចំនួន ៣១នាក់ និងប្រទេសចិនចំនួន ១នាក់។ បើផ្នែកលើសេចក្តីប្រកាសព័ត៌មាននោះ មុខរបរ ដែលពលករ-ពលករិនីខ្មែរ ទទួលបានពេលទៅដល់ប្រទេសម៉ាឡេងស៊ី មានដូចជា ការងារខាងបោសសម្អាត, ការងារតាមផ្ទះ, ការងារតាមរោងចក្រ, ការងារជាអ្នកបើករថយន្ត និង ការងារជាអ្នកលក់ដូរ ជាដើម។ សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្នុងអំឡុងនៃការបម្រើការងារក្នុងប្រទេសម៉ាឡេស៊ី ពលករ-ពលការិនីខ្មែរខាងលើ បានជួបការលំបាក និងរងគ្រោះដោយសារតែការធ្វើបាប ពីសំណាក់ថៅកែ និងនិយោជក។

ក្នុងចំណោមពលករ-ពលការិនីទាំងនោះ អ្នកខ្លះ មានលិខិតឆ្លងដែននិងទិដ្ឋាការត្រឹមត្រូវ ប៉ុន្តែ អ្នកខ្លះទៀត បានទៅរស់នៅនិងធ្វើការនៅក្នុងប្រទេសម៉ាឡេងស៊ី ដោយខុសច្បាប់តែម្តង។ ដោយឡែក ពលការិនីខ្នែរ១នាក់ បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិន ដោយសារតែមេខ្យល់ លួងលោមថា នាំទៅរៀបការជាមួយនឹងបុរសជាជនជាតិចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស ដដែល។ កន្លងមក ជុំវិញបញ្ហាចំណាកស្រុករបស់ពលករ ពលការិនីនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការ បានអំពាវនាវម្តងហើយម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីដែលងាយរងគ្រោះ គួរស្វែងរកការងារដែលមានស្រាប់ក្នុងស្រុក ជាជាងការចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ដើម្បីចៀសវាង ការឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងអាចជួបគ្រោះដោយការចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន។

សូមរម្លឹកថា ពលករ-ពលការិនីខ្មែរ ចំនួនជិត១ពាន់នាក់ ដែលរងគ្រោះនៅតាមបណ្តាប្រទេសផ្សេងៗ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងរៀបចំបញ្ជូនមកកម្ពុជាវិញ ក្នុងឆ្នាំ ២០១៦។ ចំណែកឯ កាលពីឆ្នាំ២០១៥ អាជ្ញាធរកម្ពុជា បានជួយសង្គ្រោះពលករ-ពលការិនី ប្រមាណ៦០០នាក់ ឲ្យបានវិលមកកម្ពុជាវិញ។ បើតាមរបាយការណ៍សរុប ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំបញ្ជូនពលរដ្ឋខ្មែរចំនួន៦០នាក់ មកកម្ពុជាវិញ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ។ សេចក្តីជូនព័ត៌មានក្រសួងការបរទេសកម្ពុជា បានភ្ជាប់នឹងការបញ្ជូនមកដល់កម្ពុជាវិញ របស់ពលរដ្ឋខ្មែរ២នាក់ នៅព្រឹកថ្ងៃទី៣ ខែឧសភា។ ក្រសួងបញ្ជាក់ថា ក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកធ្វើការនៅតាមផ្ទះ បានចាកចេញពីកម្ពុជានៅឆ្នាំ២០១៤ និងម្នាក់ទៀតជាអ្នកធ្វើការនៅក្នុងភោជនីយដ្ឋាន បានចាកចេញពីកម្ពុជានៅឆ្នាំ២០១៥ ៕

website_news/2017040501.txt · Last modified: 2017/05/04 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki