website_news:2017040702

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបមេបក្សស្មូម បញ្ជូនទៅតុលាការ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, 03 កក្កដា ២០១៧ 19:56 ដោយ: ដើមអម្ពិល ID:030

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនស្ត្រីម្នាក់ ឈ្មោះ ភួង ចន្នី អាយុ៥០ឆ្នាំទៅតុលាការក្រោមការចោទប្រកាន់ពីបទកេងប្រវ័ញ្ចពលកម្មលើកុមារនិងរក្សាទុកកុមារដោយខុសច្បាប់។

ស្ត្រីខាងលើរួមជាមួយស្ត្រីវ័យចំណាស់ម្នាក់ទៀតត្រូវបានមន្ត្រីជំនាញនៃការិយាល័យបង្ក្រាបបទល្មើស ជួញដូរមនុស្សកងរាជអាវុធហត្ថរាធានីភ្នំពេញ សហការណ៍ជាមួយ មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ អង្គការពន្លកថ្មី និងអង្គការ IJM ធ្វើការបង្ក្រាបជាក់ស្តែងកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២១ និង៣០នាទី នៅចំណុចមុខសណ្ឋាគារកាហ្សា ផ្លូវ៤៧ សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញខណៈដែលពួកគេបានបង្ខំឲ្យក្មេងៗដើរសុំទានហើយគេនៅមួយកន្លែងចាំយកលុយពីក្មេងៗព្រមគ្នានោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញរំដោះបានកុមាររងគ្រោះ៧នាក់(ក្នុងនោះមានទារក២នាក់)។ ក្រោយពេលឃាត់ខ្លួន ស្ត្រីជាមេក្លោងខាងលើ បានសារភាពថា រូបគេពិតជាបានប្រមូលក្មេងៗ ពីឳពុកម្តាយក្រីក្រនិងអ្នកសុំទានផ្សេងទៀត ឲ្យមកនៅជាមួយក្នុងនាមជាកូនចៅឬក្មួយ ដើម្បីឲ្យដើរសុំទាន ពិតប្រាកដមែន ហើយរូបគេធ្វើបែបនេះ ប្រហែល៧ទៅ៨ឆ្នាំមកហើយ។

ដោយឡែកតាមការរៀបរាប់របស់ក្មេងៗដែលអាវុធហត្ថរាជធានីភ្នំពេញរំដោះបានបានរៀបរាប់ថាពួកគេមិនបានរៀនសូត្រទេហើយទទួលទានអាហារក៏មិនគ្រប់គ្រាន់ដែរនិងត្រូវបានស្ត្រីដែលឲ្យពួកគេហៅថាម៉ែគម្រាមឲ្យដើរសុំទានគ្រប់ពេលវេលា ដោយមានបីកូនង៉ាតូចៗ ដែលមិនមែនជាប្អូនរបស់ខ្លួនជាប់ជាមួយផង ហើយពួកគេត្រូវដើរសុំទានទាំងយប់ទាំងថ្ងៃពិសេសកណ្តាលភ្លៀងធ្លាក់ផងដែរដើម្បីទាញក្តីអាណិតអាសូរ ពីអ្នកឲ្យទាន នៅតាមមាត់ទន្លេ រមណីយដ្ឋានវត្តភ្នំ មុខសណ្ឋាគារកាហ្សា មុខវត្ត មុខវាំង និងតាមស្តុបកែងផ្លូវផ្សេងៗ ក្នុងមួយថ្ងៃពួកគេត្រូវស្ត្រីខាងលើដេញឲ្យទៅដើរសុំទានឲ្យបានចន្លោះពី១ម៉ឺនទៅ៣ម៉ឺនរៀល បើសុំមិនបានឬបានតិចជាងចំនួនកំណត់ ពួកគេនឹងត្រូវទទួលពិន័យ ២០រំពាត់ឬខ្សែភ្លើងទូរស័ព្ទ រហូតមានស្នាមរបួសតាមខ្លួន ក្បាល និងមុខ។

បច្ចុប្បន្ន ក្មេងៗទាំង៧នាក់នោះ នៅមិនទាន់អាចរកឪពុកម្តាយពិតប្រាកដពួកគេឃើញនៅឡើយទេ ហើយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយមន្ទីរសង្គមកិច្ចបានយកពួកគេប្រគល់ឲ្យអង្គការពន្លកថ្មី ដើម្បីចឹញ្ចឹមបីបាច់ មើលថែរក្សា និងចូលសាលារៀនសូត្រផងដែរ។ ចំណែកស្ត្រីម្នាក់ទៀតដែលអាវុធហត្ថឃាត់មកជាមួយគ្នា គ្រាន់តែជួយពរកូនង៉ារឲ្យគេនិងមានសុខភាពទន់ខ្សោយព្រោះកើតជម្ងឺអេដស៍ធ្ងន់ធ្ងរផងនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕

website_news/2017040702.txt · Last modified: 2017/07/04 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki