website_news:2017040703

បញ្ជូនបុរសជនជាតិចិន និងប្រពន្ធជនជាតិវៀតណាម ពាក់ព័ន្ធសញ្ចារកម្ម មកតុលាការ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, 03 កក្កដា ២០១៧ 16:43 ដោយ: គិរី ID:013

ភ្នំពេញ៖ បុរសជនជាតិចិន និងប្រពន្ធជនជាតិវៀតណាម ជាថៅកែហាងម៉ាស្សាយីហោឡុងឈាន បានត្រូវនគរបាល ការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនមកអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាកសួរករណីសញ្ចារកម្ម។ បច្ចុប្បន្នលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរថៅកែហាងម៉ាស្សា យីហោឡុងឈាននេះ។ បុរសជនជាតិចិនឈ្មោះ PETER TAM អាយុ៦២ឆ្នាំ និងប្រពន្ធជនជាតិវៀតណាម ឈ្មោះ ង្វៀង ធីគីមធី ហៅសូយ អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាល ការិយាល័យជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីម៉ោង៩យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅហាងម៉ាស្សាយីហោឡុងឈាន មានទីតាំងស្ថិតនៅផ្ទះលេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួន ស្ត្រីបម្រើសេវាម៉ាស្សា ១០នាក់ និងដកហូតស្រោមអនាម័យ ដែលប្រើរួច និងមិនទាន់ប្រើ មួយចំនួនទុកជាវត្ថុតាង។ ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រី ពាក់ព័ន្ធទាំង១២នាក់ សមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញ ស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី។ បន្ទាប់មកសមត្ថកិច្ច បានធ្វើការអប់រំ និងដោះលែងស្ត្រីបម្រើសេវាម៉ាស្សា ១០នាក់នេះ ឲ្យមានសេរីភាពវិញ ៕

website_news/2017040703.txt · Last modified: 2017/07/04 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki