website_news:2017040706

ពលករជួបគ្រោះថ្នាក់ចរាចរណ៍លើទឹកដីថៃបញ្ជូនដល់កម្ពុជាហើយ

http://www.kaoh-santiphap-news.html ៖ ម៉ុត សារុន ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១០:១៥

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃហើយជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍លើទឹកដីថៃនៅស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ កាលពីម៉ោង១១ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានភាគីថៃបញ្ជូនតាមរថយន្តទ្រុងមកដល់កម្ពុជាវិញហើយនៅម៉ោងជាង៦ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ។ ពលកររងគ្រោះទាំងអស់មានចំនួន១៥នាក់ ស្រី៦ និងកុមារីម្នាក់ ។ ក្នុងចំណោម១៥នាក់រងរបួសសរុប៧នាក់ ។

តាមប្រភពពីបុរសឈ្មោះ យ៉ាង ហ៊ីន អាយុ៥៦ឆ្នាំ ជាកម្មករសំណង់នៅខេត្តឈុនបូរី ប្រទេសថៃ និងមានទីលំនៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់កោះសន្តិភាពនៅទីតាំងទទួលពលករបញ្ជូនពីថៃនៅក្រុងប៉ោយប៉ែតថា ពលកររួមដំណើរទាំងអស់១៥នាក់រួមទាំងកុមារីម្នាក់ហើយពលករទាំងនេះ៣នាក់មកពីខេត្តសារ៉ាក់បូរី ធ្វើការនៅរោងចក្រសាច់មាន់១២នាក់មកពីខេត្តឈុនបូរី សុទ្ធតែជាកម្មករសំណង់ ។ ពលកររូបនេះបន្តថា ដំបូងពួកគាត់ជិះរថយន្តបំណងមកធ្វើលិខិតឆ្លងដែនការងារ លុះដល់ចំណុចស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ សង្ស័យអ្នកបើកបររថយន្តថៃងកមួយភាំងក៏រ៉េចង្កូតទៅបុកជាមួយរថយន្តបញ្ច្រាសទិសគឺម៉ាកទួរីសបណ្តាលឲ្យក្រឡាប់ចូលស្នាមភ្លោះរងរបួសតែម្តង ។

ពលកររងគ្រោះទាំងអស់ក្រោយគេបញ្ជូនដល់ទីតាំងទទួលពលករត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាអង្គការដៃគូរយកចិត្តទុកដាក់លាងរបួស និងសួរនាំដើម្បីធ្វើកំណត់ហេតុមុនឲ្យបន្តដំណើរទៅលំនៅឋានរបស់ពួកគេ ៕

website_news/2017040706.txt · Last modified: 2017/08/24 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki