website_news:2017040707

ពលករខ្មែរ ៤ នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ

http://www.phnompenh-post-news.html Tue, 4 July 2017 ឃុត សុភចរិយា

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានពលករខ្មែរចំណាកស្រុកចំនួន ៤ នាក់ និងអ្នកបើកបរជនជាតិថៃម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃអាទិត្យដោយសាររថយន្តរបស់ពួកគេត្រូវបានរថយន្តមួយគ្រឿងទៀតបុកត្រូវផ្នែកចំហៀងខាងក្រោយធ្វើឲ្យរេចង្កូតធ្លាក់ចូលក្នុងប្រឡាយ ហើយបោកទៅនឹងបង្គោលភ្លើង ខណៈពួកគេកំពុងធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍ក្នុងស្រុករបស់ថៃកាលពីព្រឹកម្សិលមិញ។

ប្រភពពីបណ្ដាញទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកបើកបររថយន្តជនជាតិថៃម្នាក់ឈ្មោះ នេត្រ សែងច័ន្ទ អាយុ ៤៤ ឆ្នាំ ដែលបានអះអាងថារថយន្តរបស់គាត់ម៉ាក Vane ពាក់ស្លាកលេខ បាងកក ៤៣២៥ ត្រូវបានពលករចំណាកស្រុកជនជាតិខ្មែរ ២០ នាក់ជួលផ្ដាច់ឲ្យដឹកពួកគេពីក្រុងបាងកកមកកាន់ផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ គ្រាដែលសមត្ថកិច្ចនៅក្នុងប្រទេសថៃកំពុងធ្វើការរឹតបន្តឹង និងបានចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញទៅលើជនអន្តោប្រវេសន៍ខុសច្បាប់។ លោក សែងច័ន្ទ បាននិយាយថាខណៈដែលលោកកំពុងបើករថយន្តដឹកពលករខ្មែរលើកំណាត់ផ្លូវ សុវណ្ណនគរ មកដល់ចំណុចភូមិ៣ ឃុំវឌ្ឍនានគរ ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវក៏ស្រាប់តែមានរថយន្តតូយ៉ូតាវីហ្គោ មួយគ្រឿង ពាក់ស្លាកលេខស្រះកែវ ៥៩២០ បើកមកបុករថយន្តរបស់លោកពីចំហៀង បណ្តាលឲ្យរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងបង្គោលភ្លើងតែម្តង។ លោក សែងច័ន្ទ បានបញ្ជាក់ថា៖ «ក្នុងហេតុការណ៍នេះពលករខ្មែរ ៩ នាក់ក្នុងចំណោម ២០ នាក់បានរងរបួសធ្ងន់ហើយ ១១ នាក់ទៀតមិនមានរងរបួសទេ។ បន្ទាប់មកក្រុមតម្រួតបានមកដល់ហើយជួយអន្តរាគមន៍ដឹកជនរងគ្រោះខ្មែរទាំង ៩ នាក់ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិត»។

ជុំវិញករណីនេះលោក យ៉ាល់ ប៊ុនពៅ មន្ត្រីនគរបាលទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជាថៃប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបាននិយាយថាយោងតាមព័ត៌មានពីបណ្ដាញផ្សព្វផ្សាយថៃកាលពីម្សិលមិញបានរាយការណ៍ថាពលករខ្មែររងគ្រោះទាំង ៩ នាក់បានស្លាប់ចំនួន ៤ នាក់ និង ៥ នាក់ទៀតកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ខណៈអ្នកបើកបររថយន្តតូយ៉ូតាវីហ្គោជនជាតិថៃ ឈ្មោះ សុបិន ផែតផាន់ អាយុ ៣០ ឆ្នាំដែលជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ក៏បានស្លាប់ផងដែរ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក ប៊ុនពៅ បានថ្លែងទៀតថា៖ «យ៉ាងណាក៏ដោយនៅពេលនេះសមត្ថកិច្ចយើងនៅមិនទាន់ទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយពីខាងភាគីថៃនៅឡើយទេ ជុំវិញករណីនេះ»។ ក្នុងពេលជាងមួយសប្តាហ៍កន្លងមកនេះថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់រាប់ម៉ឺននាក់ត្រឡប់មកវិញ៕

website_news/2017040707.txt · Last modified: 2017/07/04 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki