website_news:2017040708

ពលករខ្មែរដែលថៃចាប់បញ្ជូន ភាគីច្រើនស្ម័គ្រចិត្តមកដោយខ្លួនឯង ដើម្បីធ្វើឯកសារស្របច្បាប់ត្រឡប់ទៅថៃវិញ

http://www.a-n-n-news.html ដោយ: សម្បត្តិ សីហាថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧

បន្ទាយមានជ័យ៖ ក្រោយអាជ្ញាធរថៃអនុវត្តន៍ច្បាប់អន្តោរប្រវេសន៍ លើជនជាតិថៃណាដែលទទួលពលករខុសច្បាប់ឲ្យធ្វើការនៅកន្លែងរបស់ខ្លួន មានពលករខ្មែរជាច្រើននាក់ ត្រូវបានថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ ដែលការត្រឡប់នេះត្រូវបានសមត្ថកិច្ចប្រចាំការ និងក្រុមពលករអះអាងថា ពួកគាត់ស្ម័គ្រចិត្តមកដោយខ្លួនឯង ដើម្បីធ្វើឯកសារស្របច្បាប់ត្រឡប់ទៅថៃវិញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅនឹងកន្លែងប្រមូលផ្តុំពលករខ្មែរ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលករដែលថៃចាប់បញ្ជូនមក គឺភាគច្រើនមិនមែនសមត្ថកិច្ចចាប់នោះទេ គឺដោយសារតែមានការភ័យខ្លាច និងមានការសម្របសម្រួលពីថៅកែ ឬម្ចាស់ក្រុមហ៊ុន ឲ្យពួកគាត់វិលត្រឡប់មកស្រុកវិញ ដើម្បីធ្វើឯកសារស្របច្បាប់ត្រឡប់ទៅវិញ ទើបពួកគាត់បង្ហាញខ្លួនឲ្យសមត្ថកិច្ចថៃចាប់បញ្ជូនមក ជៀសវាងការចំណាយប្រាក់ឲ្យមេខ្យល់ ដើម្បីបានវិលមកវិញ។ ពលករទាំងនោះ បានបញ្ជាក់ទៀតថា ពិតជាមានកន្លែងមួយចំនួនមានការចាប់ពលករខ្មែរពិតមែន ហើយការចាប់ទាំងនោះមិនមានការធ្វើទារុណកម្ម ឬហឹង្សាអ្វីឡើយ។

លោក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរ ដែលមានស្នាក់ការនៅទល់មុខនឹងកន្លែងប្រមូលផ្តុំពលករក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការណគរបាលខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់ ប្រឆាំងការជួញដូរមនុស្ស ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ លោកតែងតែចាំទទួល និងណែនាំពន្យល់ដល់ពលករដែលថៃចាប់បញ្ជូនមក ពីបញ្ហាផ្លូវច្បាប់ និងការចំណាកស្រុកដោយខុសច្បាប់។

ជាមួយគ្នានោះ ក៏បានធ្វើការសម្របសម្រួលទទួលបណ្តឹង ដោះស្រាយជូនដល់ពួកគាត់បានជាច្រើនករណី ដោយឡែកចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដែលថៃប្រកាសឲ្យប្រើព្រះរាជក្រឹត្យកែសម្រួលថ្មី ស្តីពីការគ្រប់គ្រង ការធ្វើការរបស់ពលករបរទេស នៅប្រទេសថៃ ឆ្នាំ២០១៧ ដែលមានចំនូន៨ចំណុច ផ្តោតទៅលើ ការដាក់ទោសដល់និយោជក ដែលប្រើប្រាស់ពលករបរទេសមិនស្របច្បាប់ និងក្រុមហ៊ុននាំពលករមកធ្វើការនៅក្នុងប្រទេសថៃ គឺមានពលករខ្មែរដែលថៃចាប់បញ្ជូនមានការកើនឡើងថ្វេរដងខុសធម្មតា សរុបមកគិតមកដល់ពេលនេះ មានចំនួនរហូតទៅដល់ជិត៥ពាន់នាក់។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការចំណាកស្រុកខុសច្បាប់ អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅ បានប្រកាសមិនឲ្យមានការបើកច្រករបៀង ដើម្បីជៀសវាងការចំណាកស្រុកខុសច្បាប់ និងការនាំចូកទំនិញគេចពន្ធ។ ក្នុងនោះឃើញថា សមត្ថកិច្ចតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងស្រុកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន បានបិតច្រកមិនឲ្យមានការឆ្លងដែន មិនថាពលករទៅព្រឹកវិលល្ងាច ដែលតែងចេញចូលជាប្រចាំ ក៏មិនឲ្យឆ្លងដែនដែរ៕

website_news/2017040708.txt · Last modified: 2017/07/04 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki