website_news:2017040709

ពលករបរទេសរាប់ម៉ឺននាក់ចាកចេញពីប្រទេសថៃ ដោយសារខ្លាចច្បាប់ការងារថ្មីរបស់ថៃ

http://www.v-o-a-news.html 04 កក្កដា 2017

បាងកក៖ ពលករចំណាកស្រុកធ្វើការក្នុងប្រទេសថៃរាប់ម៉ឺននាក់បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដូចជាប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដោយសារតែការភ័យខ្លាចថា អាចមានបញ្ហាកើតឡើងចំពោះពួកគេពាក់ព័ន្ធនឹងការអនុវត្តច្បាប់ការងារនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថៃ។ ការចាកចេញទៅកាន់ប្រទេសកំណើតរបស់ពលករចំណាកស្រុកទាំងនេះ ធ្វើឲ្យពួកគេផ្ទាល់ និងថៅកែរបស់ពួកគេប្រឈមនឹងបញ្ហាលំបាក។ ច្បាប់ការងារដែលចូលជាធរមានកាលពីថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនេះ អាចដាក់ទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ចំពោះពលករណាដែលគ្មានប័ណ្ណអនុញ្ញាតឲ្យធ្វើការ និងផាកពិន័យរហូតដល់ ៨ សែន បាត្រ (ប្រហែល ២ ម៉ឺន ៣ ពាន់ ៥ រយដុល្លារអាមេរិក) ចំពោះរោងចក្រ ឬសហគ្រាសណាដែលទទួលយកពលករខុសច្បាប់ឲ្យធ្វើការ។

មន្ត្រីរដ្ឋាភិបាល និងអ្នកការពារសិទ្ធិពលករនានា បានប៉ាន់ប្រមាណថា ពលករប្រហែល ៣ ម៉ឺននាក់ បានត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ចាប់តាំងពីច្បាប់ការងារថ្មីនេះចូលជាធរមានមក។ ដោយសារមានការស្នើសុំពីសហគ្រាសដែលជួលពលករខុសច្បាប់ធ្វើការ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បាននិយាយថា លោកនឹងពន្យារថ្ងៃផុតកំណត់នៃការចុះឈ្មោះពលករចំនួន ១២០ ថ្ងៃបន្ថែមទៀត។

នាពេលបច្ចុប្បន្ននេះ មានពលករបរទេសចំនួនប្រហែល ២ លាន ៦ សែននាក់ ធ្វើការនៅក្នុងប្រទេសថៃ ដែលភាគច្រើននៃអ្នកទាំងនោះ មកពីប្រទេសក្រីក្រក្បែរខាង គឺប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ គេប៉ាន់ប្រមាណថា ពលករបរទេសចំនួនពាក់កណ្ដាលនៃចំនួនពលករបរទេសសរុបធ្វើការក្នុងប្រទេសថៃ គឺជាពលករខុសច្បាប់៕

website_news/2017040709.txt · Last modified: 2017/07/04 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki