website_news:2017040801

ជីវិតផ្សងព្រេងរបស់បុរសម្នាក់នៅខេត្តពោធិ៍សាត់លួចចូលទឹកដីថៃកាប់ឈើគ្រញូង

http://www.rfa.org/khmer/news/ ដោយ ជិន ជេដ្ឋា 2017-08-03

ពលរដ្ឋខ្មែរជាច្រើននាក់បានស្លាប់ និងរបួសដោយសារលួចចូលទឹកដីថៃ រកឈើគ្រញូង ហើយត្រូវទាហានថៃ បាញ់ស្លាប់។ តើអ្នកឡើងរកឈើគ្រញូងនៅដីថៃ ប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាខ្លះ?

នៅក្នុងផ្ទះបាំងជញ្ជាំងក្ដារ ប្រក់ស័ង្កសីតូចល្មមមួយខ្នង ឋិតនៅភូមិដីក្រហម ស្រុកវាលវែង គឺជាទីលំនៅយ៉ាងស្ងប់ស្ងាត់របស់លោក ដោក សុខ និងកូនស្រីតូចៗពីរនាក់ ក្រោយប្រពន្ធទៅធ្វើការនៅប្រទេសថៃ ជាមួយប្ដីក្រោយ។ បច្ចុប្បន្នលោក ដោក សុខ រស់នៅដោយពឹងផ្អែកលើមុខរបរធ្វើចម្ការទំហំបីហិកតារ និងចូលព្រៃស៊ីឈ្នួលអារឈើឲ្យគេ បន្ទាប់ពីរាងចាលលែងហ៊ានចូលដីថៃ រកឈើគ្រញូង។ លោក ដោក សុខ មានប្រសាសន៍ថា លោកមានស្រុកកំណើតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តែមានប្រពន្ធនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាច្រើនឆ្នាំហើយ ដោយមានកូនស្រីពីរជាចំណងដៃមុនបែកគ្នា។ គ្រួសារលោកមានជីវភាពទីទ័លក្រខ្លាំងនៅអំឡុងឆ្នាំ២០០៤ ទើបលោក និងអ្នកស្រុកចំណូលថ្មីចំនួន ៤នាក់ផ្សេងទៀត នាំគ្នាវេចអង្ករ និងចានឆ្នាំងចូលព្រៃរកឈើក្នុងដីថៃ តាមច្រករបៀង៖ «អត់តាមរយៈទេ ទៅចិត្តខ្លួនឯងទៅរកមួយជើងពីរជើងទៅ! ទៅប្រហែលជាម៉ោង ៧កន្លះឆ្លងតាមច្រកសូផាន់ហ៊ីន ដើរតាមព្រៃ ដល់ផ្លូវក្រោម ផ្លូវក្រហមរបស់វាហ្នឹង។ ដើរយប់ព្រលប់មូសខាំ ទាកក៏ខាំ ហើយមេឃក៏ភ្លៀង តែជីវភាពខ្វះខាត ហើយចេះតែទៅៗពេកហើយ»។

លោកថា ចម្ងាយផ្លូវពីផ្ទះលោកទៅព្រំដែនថៃ ប្រហែល ៧០គីឡូម៉ែត្រ។ ក្រុមលោកត្រូវជិះម៉ូតូទៅជិតដល់ព្រំដែនសិន រួចបន្តដំណើរដោយថ្មើរជើងចាប់ពីម៉ោង ៧កន្លះ រហូតដល់ម៉ោង៣ ឬ៤ទៀបភ្លឺ ទើបត្រឡប់មកវិញ ក្រោយពីរកឈើគ្រញូងបានម្នាក់មួយដុំ។ ឈើគ្រញូងដែលរកបាននោះ បានច្រៀកវាជាឈើឡាំង មានទំហំមុខកាត់ជិត ២តឹក និងប្រវែង ១ម៉ែត្រ ឬជិត ២ម៉ែត្រតាមកម្លាំងដែលអាចលីរួច៖ «ក្នុងម្នាក់បានមួយដុំ ប្រហែល ១៧ ប្រវែងកន្លះម៉ែត្រ ឬ១ម៉ែត្រ។ យកឲ្យគេខាងណោះទៅគេអ្នកលក់ យើងចាំតែយកលុយ។ ខ្ញុំអត់ស្គាល់ដែរហ្នឹង ឃើញតែម្ដងៗ ពេលមកដល់កន្លែងព្រំដែនទៅគេលក់បាត់ទៅមិនដឹងម៉ូយណាទិញ»។

នៅលើកទី៦ ដែលលោកចូលព្រៃកាប់ឈើគ្រញូងក្នុងទឹកដីថៃ មានមិត្តភ័ក្ដិលោកម្នាក់ឈ្មោះ យ៉ា ត្រូវកងទាហានថៃ បាញ់ ១គ្រាប់ចំពីក្រោយខ្នង បណ្ដាលឲ្យរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ពេលសែងចេញពីព្រៃជិតដល់ទឹកដីខ្មែរវិញ។ ពេលបាញ់ត្រូវក្រុមទាហានថៃ បានហៅលោក និងអ្នកចូលទៅរកឈើជាមួយគ្នាដែលរត់ក្រាបពួននៅព្រៃក្បែរៗនោះ ឲ្យសែងខ្មោច និងឈើគ្រញូងមកទឹកដីខ្មែរ៖ «ទៅដំបូងឲ្យគ្នាពីរនាក់ចាំផ្លូវ ពេលចាំផ្លូវវាឡើយដេក ហើយថៃ ចាប់អាពីរនាក់ហ្នឹងហើយ អាគ្នាឯងហ្នឹងវាប្រាប់ឲ្យថៃចាំត្រង់ហ្នឹង ដល់ពេលយើងចេញមកប៉ះជាមួយវាបណ្ដោយ។ កំពុងលីឈើ ដល់ពេលត្រូវទៅធ្លាក់ឈើពីស្មា ដល់ពេលឃើញគ្នាឯងម្នាក់ត្រូវគ្រាប់ហើយមានគិតយ៉ាងម៉េចទៀតមានយកមកផ្ទះ។ ពេលយកមកផ្ទះហ្នឹងដាក់ស្នែងសែង គេថា ឲ្យយកសព និងឈើមកផ្ទះផង វាក៏ទៅបាត់ទៅ យើងក៏ចូលមកយកសពមក ហើយឈើចោលទៅ»។ ក្រៅពីប្រឈមនឹងទាហានថៃ បាញ់សម្លាប់ អ្នកឡើងរកឈើគ្រញូងក្នុងទឹកដីថៃ ក៏ប្រឈមនឹងការដើរជាន់មីន ពស់ចឹក និងសត្វកំណាចខាំដែរ។ នៅអំឡុងពេលដើររកគ្រញូងក្នុងព្រៃទាំងយប់នោះ គឺពួកគេពុំមានអ្វីក្រៅពីពិលបំភ្លឺរកឈើម្នាក់មួយ រណាដៃ ឬពូថៅ និងភួយមួយសម្រាប់ទ្រាប់ខ្នងលីឈើប៉ុណ្ណោះ។ ប៉ុន្តែកម្រៃបានមកពីការលក់ឈើ មិនសមនឹងការនឿយហត់ និងការប្រឈមនេះឡើយ។

លោក ដោក សុខ ជឿថា សមត្ថកិច្ចប្រចាំព្រំដែនខ្មែរ-ថៃ ខ្លះបើកដៃឲ្យមានបទល្មើសនេះ ព្រោះពេលពលរដ្ឋចូលព្រៃរកឈើបានមកដល់ព្រំដែនភ្លាម មិនពិបាកលក់ឡើយ ដោយមានឈ្មួញមិនស្គាល់មុខ និងសមត្ថកិច្ចខ្លះបន្លំខ្លួនទិញឈើទាំងនោះដែរ។ ក្នុង១យប់ លោកអាចរកឈើបាន១ដុំ ហើយលក់បានចន្លោះពី ៣០ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ៖ «យើងឈឺចាប់ខ្លាំង តែគិតមិនដល់ធ្វើអីវាមិនកើត ធ្វើម៉េចបើយើងចូលទឹកដីគេ។ តែបើយើងអត់រកអាហ្នឹងក៏វាពិបាកដាច់បាយដាច់ទឹកកូនចៅ។ ខ្ញុំមិនដែលបានទៅរកថ្ងៃក្រោយទៀតផង ឈប់បណ្ដោយខ្លាចមានឧបទ្ទវហេតុអត់ដឹង»។ លោកខកចិត្តនឹងទង្វើអមនុស្សធម៌របស់ក្រុមទាហានថៃ ដែលបាញ់មិត្តលោកឲ្យស្លាប់ ហើយហៅឲ្យលីទាំងគ្រញូង និងខ្មោចមកស្រុកវិញ។ លោកអំពាវនាវឲ្យពលរដ្ឋឈប់ទៅរកគ្រញូងក្នុងដីថៃ បន្តទៀត។ សព្វថ្ងៃលោក ដោក សុខ រីករាយនឹងមុខរបរធ្វើចម្ការ និងស៊ីឈ្នួលអារឈើឲ្យគេម្ដងម្កាលដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយមិនចាំបាច់ប្ដូរជីវិតទៅរកគ្រញូងនៅលើទឹកដីថៃទៀតឡើយ៕

website_news/2017040801.txt · Last modified: 2017/09/07 16:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki