website_news:2017040802

កម្ពុជាស្នើឲ្យប្រទេស CLMVT រួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ការងារខុសច្បាប់

http://www.thmey-thmey-news.html 03, Aug 2017 , 9:19 pm ដោយ: មឿន ឌីណា

លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ បានឲ្យប្រទេសឡាវ មីយ៉ានម៉ា វៀតណាម និងថៃ រួមទាំងកម្ពុជាខ្លួនឯងផង រួមគ្នា ប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ការងារខុសច្បាប់។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី២ ដែលបានរៀបចំធ្វើនៅប្រទេសវៀតណាម កាលពីថ្ងៃទី១ និងទី២ ខែសីហា។ បើតាម រដ្ឋលេខាធិការក្រសួងការងារការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ជារឿងចាំបាច់ ដើម្បីបំបាត់ការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់។ សន្និសីទថ្នាក់រដ្ឋមន្ត្រីក្រសួងការងារលើកទី២នៃប្រទេស កម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម និងថៃ(CLMVT) បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១ និងទី២ ខែសីហា នៅក្រុងដាណាង ប្រទេសវៀតណាម។ សន្និសីទនេះ រៀបចំក្រោមប្រធានបទ«ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍»។ នេះបើតាតាមទំព័រហ្វេសប៊ុកក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារដែលបានចូលរួមក្នុងសន្និសីទលើកទី២ នេះ បានគូសបញ្ជាក់ពីសារសំខាន់ដែលពលករទេសន្តប្រវេសន៍ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយទាំង ប្រទេសបញ្ជូន និងប្រទេសទទួលពលករទេសន្តប្រវេសន៍ សុទ្ធតែទទួលបានផលប្រយោជន៍ ។ រដ្ឋលេខាធិការក្រសួងការងារ ក៏បានលើកពីពិសោធន៍របស់កម្ពុជា ក្នុងការគ្រប់គ្រងការបញ្ជូនពលករទេសន្តប្រវេសន៍ ទៅ ធ្វើការប្រទេសថៃ ម៉ាឡេស៊ី សាធារណៈរដ្ឋកូរ៉េ សិង្ហបុរី និងជប៉ុនផងដែរ។ បើតាម លោក ម៉ម វណ្ណៈ កម្ពុជាបានផ្តោតលើគោលនយោបាយ ច្បាប់ និងបទដ្ឋាននានា នីតិវិធី និងយន្តការសម្រាប់ផ្តល់ការគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តប្រវេសន៍។

រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្ត ក្នុងការធានាការពារពលករទេសន្តរប្រវេសន៍កម្ពុជា ទាំងប្រសិទ្ធភាពនៃការជ្រើសរើសពលករ កម្មវិធីតម្រង់ទិសមុនចេញដំណើរ និងក្រោយការត្រឡប់មកវិញ។ យន្តការទាំងនោះក៏រួមទាំងកិច្ចសហប្រតិបត្តការក្នុងការអភិវឌ្ឍជំនាញ និងបញ្ហាវិស័យការងារផ្សេងៗទៀត មានការងារបន្ត និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោក ម៉ម វណ្ណៈ បានស្នើឲ្យប្រទេសទាំង៥ ខិតខំថែមទៀត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ ការងារដោយខុសច្បាប់ ពិសេសប្រទេសបញ្ជូន និងប្រទេសទទួលពលករ។ ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងចំពោះមេខ្យល់ និងនិយោជក ដែលជ្រើសរើស បញ្ជូន និងប្រើប្រាស់ កម្លាំងពលកម្មខុសច្បាប់ គឺជាការចាំបាច់។ នេះបើតាមរដ្ឋលេខាធិការក្រសួងការងារ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីក្រសួងការ CLMVT រៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ កម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៩ ៕

website_news/2017040802.txt · Last modified: 2017/09/07 16:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki