website_news:2017040806

ឧទ្ធរណ៍ជម្រះស្ត្រីជួញដូរនារី ២ នាក់ទៅម៉ាឡេស៊ី

http://www.phnompenh-post-news.html Fri, 4 August 2017 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានជំនុំជម្រះស្ត្រីជាប់ចោទខ្មែរអ៊ិស្លាមម្នាក់ពាក់ព័ន្ធនឹងរឿងនាំស្ត្រីខ្មែរអ៊ិស្លាមម្នាក់យកទៅលក់ឲ្យបុរសជនជាតិចិនរួមភេទនៅប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតឲ្យទៅស៊ីឈ្នួលគេតាមផ្ទះនៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៤ ខណៈស្ត្រីរូបនេះត្រូវបានសាលាដំបូងខេត្តកំពង់ចាមផ្តន្ទាទោសដាក់ពន្ធនាគា៧ឆ្នាំ។

បើយោងទៅតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ចាមបានឲ្យដឹងថាស្ត្រីជាប់ចោទឈ្មោះ អ៊ែល ឡោះរីយ៉ាស អាយុ ៣២ ឆ្នាំ ឯនារីរងគ្រោះឈ្មោះ សេន ម៉ារី អាយុ ២៥ ឆ្នាំ និងនារីឈ្មោះ អ៊ែល សាលី ១៦ ឆ្នាំ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ត្រូវស្ត្រីជាប់ចោទនាំពួកនាងមកធ្វើលិខិតឆ្លងដែននៅរាជធានីភ្នំពេញដោយម្តាយពួកគេឲ្យលុយ ១ ពាន់ដុល្លារទៅស្ត្រីជាប់ចោទ។ ប៉ុន្តែនៅពេលនោះធ្វើលិខិតឆ្លងដែនបានតែម្នាក់ទេ ឯឈ្មោះ សាលី មិនទាន់គ្រប់អាយុ។

របាយការណ៍បានឲ្យដឹងទៀតថាឈ្មោះ សាលី ត្រូវម្តាយនាងនាំត្រឡប់ទៅស្រុកវិញ ហើយកែអាយុក្នុងសៀវភៅគ្រួសារហើយក្រោយមកក៏នាំមកធ្វើលិខិតឆ្លងដែនបានសម្រេច ហើយស្ត្រីជាប់ចោទបាននាំពួកគេជិះរថយន្តក្រុងទៅប្រទេសម៉ាឡេស៊ី។

បើតាមចម្លើយរបស់នារីរងគ្រោះឈ្មោះ សេន ម៉ារី បានឆ្លើយនៅតុលាការខេត្តកំពង់ចាមថានៅពេលទៅដល់ប្រទេសម៉ាឡេស៊ី ស្ត្រីជាប់ចោទបាននាំនាងទៅប្រគល់ឲ្យបុរសជនជាតិចិនម្នាក់ហើយជននោះបានចាប់នាងរំលោភបាន ២ ដង និងថ្ងៃបន្ទាប់មកបាន ២ ដងទៀតក៏ប្រគល់នាងឲ្យស្ត្រីជាប់ចោទវិញ។ ក្រោយមកស្ត្រីជាប់ចោទបានប្រគល់នាងទៅឲ្យម្ចាស់ហាងកាត់ដេរម្នាក់ដែលពេលនោះនាងឃើញគេហុចលុយឲ្យ ៥០០ រីងហ្គីត ស្មើ ១៥០ ដុល្លារ។ ប៉ុន្តែក្រោយមកបាន ៦ ខែនារីរងគ្រោះក៏នាំគ្នាត្រឡប់មកកម្ពុជាវិញ ហើយបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនស្ត្រីជាប់ចោទតែម្តង។ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តកំពង់ចាមផ្តន្ទាទោសស្ត្រីជាប់ចោទដាក់គុក ៧ ឆ្នាំចោទពីបទ «ការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ» និងបង្គាប់ឲ្យសងប្រាក់ទៅនារីរងគ្រោះ ២ នាក់ម្នាក់ ៨ លានរៀល។

ស្ត្រីជាប់ចោទបាននិយាយក្នុងសវនាការកាលពីម្សិលមិញថាគាត់មិនបាននាំនារីរងគ្រោះទៅប្រទេសម៉ាឡេស៊ីដូចការចោទទេ តែម្តាយពួកគេមកទាក់ទងគាត់ឲ្យជួយរត់ការនាំកូនពួកគាត់ទៅធ្វើការនៅទីនោះ។ ឯលុយដែលឈ្មោះ សេន ម៉ារីថា ឃើញគេឲ្យគាត់នោះជាលុយសេវាឡានតាក់ស៊ីទេ។ «ពួកគេនាំគ្នាទៅដោយស្ម័គ្រចិត្តទេសូមតុលាការជួយបន្ធូរបន្ថយទោសខ្ញុំផងព្រោះខ្ញុំមានកូនតូច ៥ នាក់នៅជាមួយជីដូន»។

លោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត តំណាងមហាអយ្យការសន្និដ្ឋានថាផ្អែកលើអង្គហេតុលោកយល់ថាតុលាការថ្នាក់ក្រោមបានដាក់ទោសស្ត្រីជាប់ចោទគឺត្រឹមត្រូវហើយ ព្រោះចម្លើយជនជាប់ចោទ និងជនរងគ្រោះប្រហាក់ប្រហែលគ្នា។ «ដូច្នេះខ្ញុំសូមតម្កល់សាលក្រមរបស់តុលាការខេត្តនៅដដែល»។ លោក ជា សុភី មេធាវីការពារសិទ្ធិនារីរងគ្រោះសន្និដ្ឋានថា៖«រឿងនេះនៅតុលាការខេត្តកូនក្តីលោកទារសំណង១២០ លានរៀលក្នុងម្នាក់ តែតុលាការឲ្យសងតែ ៨ លានរៀលវិញ។ ខ្ញុំសូមតម្កល់សាលក្រមទុកដដែល»។

ទោះយ៉ាងណាលោក គិន វិបុល មេធាវីការពារសិទ្ធិស្ត្រីជាប់ចោទបានសន្និដ្ឋានថាសំណុំរឿងនេះម្តាយនារីរងគ្រោះបានពឹងពាក់កូនក្តីលោកទេ ព្រោះពេលមកធ្វើលិខិតឆ្លងដែន គេមិនយកព្រោះមិនគ្រប់អាយុហើយម្តាយគេក៏នាំកូនទៅកែអាយុ។ រឿងនេះគ្មានសាក្សីណាបញ្ជាក់ច្បាស់លាស់ផងទេ។ សូមតុលាការឲ្យកូនក្តីខ្ញុំរួចពីបទចោទ»។ ក្រោយជំនុំជម្រះប្រមាណកន្លះម៉ោងលោកចៅក្រម យន់ ណារ៉ុង ថ្លែងថាសាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ១៨ ខែសីហាខាងមុខ៕

website_news/2017040806.txt · Last modified: 2017/09/07 16:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki