website_news:2017040905

ចៅក្រមសម្រេចឃុំខ្លួនស្រី្តម្នាក់ ពាក់ព័ន្ធជួញដូរមនុស្សខុសច្បាប់

https://kohsantepheapdaily.com.kh/ ដោយ ៖ ឃឹម ប៊ុនណាក់ ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ២១:៣២

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ កញ្ញា នេះ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ នាំមនុស្សចេញទៅក្រៅប្រទេសដោយខុសច្បាប់។ ស្ត្រីរូបនេះឈ្មោះ អ៊ុក រ៉ាឌី ហៅម៉ាដាម ហៅជូលី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៣០ សីហា ២០១៧ នៅរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ។

ប្រភពព័ត៌មានបានឲ្យដឹងថា បានជាសមត្ថកិច្ចធ្វើការឃាត់ស្ត្រីរូបនេះ គឺដោយមានការស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា ជនសង្ស័យមានជាប់ពាក់ព័ន្ធករណីជួញដូរមនុស្ស ដោយខុសច្បាប់ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងធ្លាប់បាននាំស្ត្រីខ្មែរជាង២០នាក់ហើយ ដែលម្នាក់គេទទួលបានប្រាក់ពី១ ៣០០ទៅ១ ៥០០ ដុល្លារអាមេរិក។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីតាមនីតិវិធី៕

website_news/2017040905.txt · Last modified: 2017/09/04 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki