website_news:2017040910

ពលរដ្ឋខ្មែរ១៥នាក់ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនស្វែងរកកិច្ចអន្តរាគមន៍

http://www.rfa.org/khmer/news/ ដោយ ប្រាជ្ញ ចេវ 2017-09-01

ក្រុមពលករខ្មែរ ១៥នាក់ ទៅធ្វើការសំណង់នៅប្រទេសថៃ ត្រូវប៉ូលិសថៃ ចាប់ខ្លួននៅពេលពួកគេរត់ពីកន្លែងធ្វើការនៅខេត្តសូរ៉ាតថានី (Surat Thani) ឆ្ពោះទៅក្រុងបាងកក ដើម្បីរកការងារថ្មី។ ចំណែកតំណាងក្រុមហ៊ុននាំពលករអះអាងថា ពេលនេះក្រុមហ៊ុនកំពុងទាក់ទងទៅមន្ត្រីកម្ពុជា និងអាជ្ញាធរថៃ ដើម្បីឲ្យមានការដោះលែងពលករទាំងនោះ។ ក្រុមពលករខ្មែរទៅធ្វើការផ្នែកសំណង់នៅប្រទេសថៃ ប្រាប់ថា មូលហេតុដែលពួកគេរត់ចេញពីកន្លែងការងារ ព្រោះពួកគេធ្វើការបានជាង ៥ខែមកនេះ មិនគ្រប់ចំនួននៃកិច្ចសន្យាការងារ។ ពួកគេថា ប្រាក់ដែលទទួលបាននោះទូទាត់នឹងថ្លៃហូបចុកពួកគេមិនបានសល់អ្វីឡើយ ដូច្នេះហើយទើបក្រុមពលរដ្ឋរត់ទៅកន្លែងថ្មីសង្ឃឹមថា នឹងបានប្រាក់ខែខ្ពស់ ប៉ុន្តែបែរជាត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីយប់ទី៣០ ខែសីហា។

ពលករម្នាក់ លោកស្រី ហួន សុខគិន ឲ្យអាស៊ីសេរី ដឹងតាមទូរស័ព្ទថា ក្រុមហ៊ុនឈ្មោះ ស៊ី.អេស.អូ (CSO) ដែលនាំក្រុមលោកស្រីទៅធ្វើការនៅថៃសន្យាថា ពួកគេនឹងទទួលបានប្រាក់ឈ្នួលមួយម៉ឺនពីរពាន់បាត ១២.០០០ ឬស្នើនឹងជាង ១,២លានរៀលក្នុងមួយខែ ប៉ុន្តែថៅកែផ្ដល់ប្រាក់ឈ្នួលប៉ុន្មានខែដំបូង ៦.០០០បាត ឬជាង ៦០ម៉ឺនរៀល ហើយជាងមួយខែចុងក្រោយ ពួកគាត់បានប្រាក់ឈ្នួលត្រឹមតែ ៣ពាន់បាតប៉ុណ្ណោះ ដូច្នេះហើយទើបក្រុមពលករនាំគ្នារត់ចេញទៅរកកន្លែងការងារថ្មី។ លោកស្រីឲ្យដឹងទៀតថា ថៅកែសំណង់ថៃ តែងព្រមានវាយធ្វើបាបពលករខ្មែរ ថែមទាំងមានបង្អួតកាំភ្លើងទៀតផងនៅពេលពលករទាមទារប្រាក់ឈ្នួលរបស់ខ្លួនឲ្យបានគ្រប់ចំនួនតាមកុងត្រាការងារ៖ «រត់ពីកន្លែងធ្វើការមកបេនឡាន ប្រុងជិះឡានទៅក្រុងថេប (ទីក្រុងបាងកក) តែតម្រួតគេកាក់ចាប់ ខ្ញុំបានហៅទូរស័ព្ទទៅក្រុមហ៊ុនហើយ ប៉ុន្តែក្រុមហ៊ុនអត់ទទួលខុសត្រូវ»។ លោកស្រី ហួន សុខគិន បន្តថា ទម្រាំបានមកធ្វើនៅប្រទេសថៃ ពួកគេត្រូវចំណាយលុយធ្វើលិខិតឆ្លងដែលជាងមួយម៉ឺនបាត គិតលុយខ្មែរជាងមួយលានរៀល និងត្រូវបង់លុយឲ្យថៅកែក្រុមហ៊ុននាំពលករម្នាក់ពីរម៉ឺនបាតទៀត ទើបពួកគេអាចមកធ្វើនៅប្រទេសថៃ បាន។ ប៉ុន្តែពេលពួកគេមានបញ្ហាត្រូវថៅកែធ្វើបាប ឬមិនបើកប្រាក់ខែមិនគ្រប់ចំនួន ក្រុមហ៊ុន CSO មិនបានអន្តរាគមន៍នោះទេ។

ទាក់ទងរឿងនេះ អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ នៅថ្ងៃទី៣១ ខែសីហា។ រីឯតំណាងក្រុមហ៊ុន CSO ដែលនាំពលករខ្មែរមកធ្វើការនៅប្រទេសថៃ លោក ឈាង សុខា ប្រាប់ថា លោកបានដឹងពីករណីនេះ គឺបណ្ដាលមកពីភាគីថៅកែបើកប្រាក់ឈ្នួលមិនគ្រប់ចំនួន។ លោកឲ្យដឹងទៀតថា នៅពេលនេះ ក្រុមហ៊ុនបានទាក់ទងទៅតំណាងស្ថានទូតខ្មែរនៅខេត្តសូរ៉ាតថានី របស់ថៃ និងសមត្ថកិច្ចនៅទីនោះ ហើយសមត្ថកិច្ចថៃ បានយល់ព្រមដោះលែងពលរដ្ឋវិញហើយ៖ «គាត់បានទៅដល់កន្លែងស្នាក់នៅវិញហើយ ខ្ញុំបានណាត់ទូត ណាត់ក្រសួងការងារថៃ ថ្ងៃច័ន្ទ ខ្ញុំនឹងចូលទៅដោយសារទូតគាត់ចូលទៅថ្ងៃសុក្រនេះអត់ទាន់»។

តំណាងក្រុមហ៊ុននេះអះអាងថា នៅពេលពលករទាំងនោះកំពុងសម្រាកនៅកន្លែងពួកគេកំពុងធ្វើការសំណង់ ហើយថ្ងៃទី៤ ខែកញ្ញា ក្រុមហ៊ុននឹងបញ្ជូនពលករមកកម្ពុជា វិញ តាមការចង់បានរបស់ពលករ។ ប៉ុន្តែក្រុមពលករថា ពួកគេមិនសូវមានជំនឿលើការសន្យារបស់តំណាងក្រុមហ៊ុន CSO ពេកនោះទេ ព្រោះមុនកាលពី ១០ថ្ងៃ ពួកគេសុំឲ្យក្រុមហ៊ុនជួយដែរ ប៉ុន្តែក្រុមហ៊ុនបានឆ្លើយតបនោះទេ៕

website_news/2017040910.txt · Last modified: 2017/09/04 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki