website_news:2017040912

កាតព្វកិច្ចរបស់អាស៊ានចំពោះពលករចំណាកស្រុក

http://www.phnompenh-post-news.html Fri, 1 September 2017

កាលពីខែមិថុនាឆ្នាំ ២០១៤ រដ្ឋាភិបាលថៃបានសម្រេចភ្លាមៗបង្ក្រាបពលករចំណាកស្រុកដែលគ្មានឯកសារនៅក្នុងប្រទេសហើយជាលទ្ធផលបានធ្វើឲ្យមានការបញ្ជូនពលករកម្ពុជាប្រមាណ ២២ ម៉ឺននាក់មកប្រទេសកម្ពុជាវិញធ្វើឲ្យអាជ្ញាធរត្រូវដោះស្រាយការហូរចូលភ្លាមៗ និងមិនបានរំពឹងទុកនៃអ្នកដែលត្រូវការការងារ។ ៣ ឆ្នាំក្រោយមកនៅខែកក្កដាឆ្នាំនេះ វាបានកើតឡើងម្តងទៀតនៅពេលពលករចំណាកស្រុករាប់ពាន់នាក់ត្រូវបានដឹកឆ្លងព្រំដែនត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃបានចេញច្បាប់ផ្លាស់ប្តូរភ្លាមៗទៅលើគោលនយោបាយរបស់ខ្លួនស្តីពីពលករចំណាកស្រុក។ ទន្ទឹមនេះនៅប្រទេសម៉ាឡេស៊ី រដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការបង្ក្រាបទ្រង់ ទ្រាយធំទៅលើពលករគ្មានឯកសាររួមទាំងការចុះបង្ក្រាប ដែលឈានដល់ការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ហើយមនុស្សរាប់ពាន់នាក់ជាច្រើនទៀតកំពុងរស់នៅភ័យខ្លាចការចាប់ខ្លួន និងនិរទេស។

ព្រឹត្តិការណ៍កើតឡើងម្តងហើយម្តងទៀតទាំងនេះដែលប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋរាប់សែននាក់គឺជាការបង្ហាញអំពីបញ្ហាដែលកើតមានរីករាលដាលជាងមុនទូទាំងអាស៊ីអាគ្នេយ៍។ ពលករចំណាកស្រុកដែលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់ប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករខ្វះការការពារសំខាន់។ ដោយសារការរួមចំណែកដែលមិនអាចបដិសេធបានរបស់ពួកគេ រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះការលើកកម្ពស់សហគមន៍តំបន់ដែលផ្តោតទៅលើប្រជាជនអាស៊ានមានកាតព្វកិច្ចធ្វើការងារច្រើនជាងមុនដើម្បីការពារពលករទាំងនេះ។ នេះរួមមានការទទួលខុសត្រូវសម្រាប់ទាំងរដ្ឋាភិបាលជាតិ និងរដ្ឋាភិបាលតំបន់ទាំងមូល។

ក្នុងឆ្នាំ ២០០៧ អាស៊ានបានបោះជំហានសំខាន់ទីមួយឆ្ពោះទៅរកការបំពេញកាតព្វកិច្ចដោយអនុម័តសេចក្តីប្រកាសស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករចំណាកស្រុក។ ឯកសារនេះអំពាវនាវឲ្យប្រទេសបញ្ជូនពលករដូចជាកម្ពុជាអនុវត្តគោលនយោបាយការពារពលករចំណាកស្រុកនៅក្នុងដំណើរការជ្រើសរើសពលករ និងខណៈពួកគេកំពុងរស់នៅបរទេស។ គោលនយោបាយនេះក៏បានអំពាវនាវឲ្យប្រទេសទទួលពលករដូចជាប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីការពារសុខុមាលភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករចំណាកស្រុកដែលរស់នៅក្នុងព្រំដែនរបស់ពួកគេ។ សេចក្តីប្រកាសនេះក៏បានឲ្យរដ្ឋសមាជិកអាស៊ានអភិវឌ្ឍឧបករណ៍តំបន់ដើម្បីការពារពលករចំណាកស្រុកផងដែរ។ ចាប់តាំងពីឆ្នាំ ២០០៩ រដ្ឋាភិបាលអាស៊ានបាននិងកំពុងពិភាក្សាលើភាពជាក់លាក់នៃឧបករណ៍នេះ។ មនុស្សជាច្រើនសង្ឃឹមថាលទ្ធផលនឹងជាសន្ធិសញ្ញាជាប់កាតព្វកិច្ចផ្លូវច្បាប់ដើម្បីការពារពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេ។ សន្ធិសញ្ញាបែបនេះនឹងដាក់កាតព្វកិច្ចផ្លូវច្បាប់ទៅលើទាំងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករដើម្បីការពារសិទ្ធិមនុស្សរបស់ពលករ។ ប៉ុន្តែសន្ធិសញ្ញាជាប់កាតព្វកិច្ចផ្លូវច្បាប់គឺនៅឆ្ងាយពីការពិតនៅឡើយ។ អាស៊ានហាក់បីដូចជាមកដល់ចំណុចគាំងស្តីពីបញ្ហានេះហើយឥឡូវនេះមានការជជែកអំពីសន្ធិសញ្ញាដែលជាប់កាតព្វកិច្ចលក្ខណៈសីលធម៌។ ទោះបីយ៉ាងណាក្តីវាពិបាកស្រមៃរបៀបដែលកិច្ចព្រមព្រៀងចងកាតព្វកិច្ចលក្ខណៈសីលធម៌នឹងបង្ខំរដ្ឋាភិបាលឲ្យអនុវត្ត។ សេចក្តីប្រកាសដែលមានស្រាប់ស្តីពីពលករចំណាកស្រុកគឺខ្វះអំណាចដោយខកខានមិនបានរួមបញ្ចូលយន្តការអនុវត្តណាមួយដើម្បីធានាថារដ្ឋសមាជិកគោរពតាមសេចក្តីប្តេជ្ញាចិត្ត។ គ្មានអ្វីភ្ញាក់ផ្អើលក្នុងរយៈកាល ១០ ឆ្នាំចាប់តាំងពីការអនុវត្តសេចក្តីប្រកាសនេះករណីពលករចំណាកស្រុកត្រូវបានរំលោភបំពានធ្ងន់ធ្ងរនៅបរទេសបានបន្តកើតមានហើយរដ្ឋាភិបាលមិនបានចាត់វិធានការតឹងរ៉ឹងដើម្បីការពារពួកគេ។

អាស៊ានទើបតែបានប្រារព្ធខួបកំណើតទី ៥០ របស់ខ្លួន ហើយមិនមានការបដិសេធទេដែលថាអាស៊ានមានវឌ្ឍនភាពច្រើនចាប់តាំងពីការបង្កើត។ ប៉ុន្តែវាក៏ជាពេលវេលាសំខាន់ផងដែរដែលត្រូវគិតលក្ខណៈរិះគន់អំពីរបៀបដែលអាស៊ានឆ្ពោះទៅមុខអាចធ្វើឲ្យការការពារតំបន់មានលក្ខណៈទំនើបសម្រាប់ពលរដ្ឋទាំងអស់។ មើលទៅអនាគតអាស៊ានទាំងជារដ្ឋបុគ្គល និងជាស្ថាប័នតំបន់ត្រូវតែពិនិត្យទៅលើយន្តការការពាររបស់ខ្លួនដើម្បីធានាថាការប្តេជ្ញាត្រូវបានធ្វើឡើងនៅលើលទ្ធផលក្រដាសក្នុងការផ្លាស់ប្តូរនៅមូលដ្ឋានជាក់ស្តែងដែលនឹងធ្វើឲ្យអាស៊ានគោរពចក្ខុវិស័យរបស់ខ្លួននៃសុចរិតភាព និងសហគមន៍។ នេះគួរតែរួមបញ្ចូលការអនុម័តសន្ធិសញ្ញាជាប់កាតព្វកិច្ចផ្លូវការដែលការពារសិទ្ធិនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនារបស់ពលករចំណាកស្រុកទាំងអស់។ ការចំណាកស្រុកនៅក្នុងអាស៊ានគឺមិនមែនជាអ្វីមួយដែលនឹងធ្វើឲ្យយឺតដំណើរការសម្រាប់អនាគតដែលអាចព្យាករបាននោះទេ។ គម្លាតសំខាន់នៅក្នុងការងារ និងប្រាក់ចំណូលរវាងប្រទេសផ្សេងៗនៅក្នុងតំបន់ផ្តល់នូវគំនិតផ្តួចផ្តើមខ្លាំងមួយសម្រាប់ប្រជាពលរដ្ឋឆ្ពោះទៅរកការស្វែងរកឱកាសប្រសើរជាងមុនហើយដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ានគ្រាន់តែលើកទឹកចិត្តនិយោជក និងកម្មករច្រើនជាងមុនឲ្យឆ្លងព្រំដែន។ ប៉ុន្តែជាញឹកញាប់ពលករចំណាកស្រុកទាំងនេះបានទទួលរងការប្រព្រឹត្តមិនគប្បីដូចជាការគំរាមកំហែងសន្តិសុខជាជាងទទួលបានសេចក្តីថ្លៃថ្នូរ ភាពជាមនុស្ស និងជាអ្នករួមចំណែកដល់សេដ្ឋកិច្ច។ រដ្ឋាភិបាលមានតម្រូវការស្របច្បាប់ក្នុងការដោះស្រាយបញ្ហាពលករគ្មានឯកសារនៅក្នុងប្រទេសរបស់ពួកគេ។ ប៉ុន្តែការធ្វើដូច្នេះតាមរយៈការផ្តោតលើសន្តិសុខជាតិគឺមិនមែនជាការគិតវែងឆ្ងាយ ហើយនៅទីបំផុតនឹងមិនជោគជ័យ។ ផ្ទុយទៅវិញរដ្ឋាភិបាលនីមួយៗត្រូវតែផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើការធានាថាពលករចំណាកស្រុកគឺត្រូវបានការពារ និងមិនត្រូវបានប្រព្រឹត្តជារបស់ប្រើប្រាស់។

ពលករចំណាកស្រុកគឺសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងទាំងនៅក្នុងស្រុក និងនៅបរទេស។ ប៉ុន្តែពួកគេក៏ជាមនុស្សផងដែរ។ ពួកគេជាបុគ្គល និងមានសាច់រឿង និងហេតុផលផ្សេងៗគ្នាដែលធ្វើឲ្យពួកគេវេចបង្វេចទៅធ្វើការនៅក្រៅប្រទេស។ ពួកគេភាគច្រើនទុកកូនឲ្យមនុស្សចាស់មើលថែរក្សា។ លទ្ធផលនៃការបែកឆ្ងាយពីគ្រួសារអាចមានផលប៉ះពាល់ផ្លូវចិត្ត និងសង្គមអវិជ្ជមានរយៈពេលវែងទៅលើកុមារដែលគួរជាផ្នែកនៃការពិភាក្សាអំពីគោលនយោបាយ។

រដ្ឋាភិបាលអាស៊ាននឹងធ្វើបានល្អប្រសិនបើទុកក្នុងចិត្តនូវការឈឺចាប់របស់មនុស្សថាគោលនយោបាយដែលមានលក្ខណៈដាក់ទោសទៅលើពលករចំណាកស្រុក និងការបរាជ័យក្នុងការការពារសិទ្ធិរបស់ពួកគេអាចមាននៅពេលពិភាក្សា និងអនុវត្តគោលនយោបាយដែលប៉ះពាល់ពួកគេ៕

website_news/2017040912.txt · Last modified: 2017/09/04 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki