website_news:2017041001

ចាប់មេខ្យល់ដែលនាំពលករខ្មែរចូលកាប់ឈើក្នុងទឹកដីថៃ

https://kohsantepheapdaily.com.kh ដោយ ៖ ប៊ុន ធឿន ថ្ងៃអង្គារ (03-10-2017 16:55)

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន មេខ្យល់ប្រមូលកម្មករស៊ីឈ្នួលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ គឹម ណារុន ហៅកុង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ លោកបានបញ្ជាក់ថា ៖ នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកាលពីអំឡុងថ្ងៃទី១៥ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចថៃបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៨នាក់ ក្នុងចំណោម២៧នាក់ ដែលលួចចូលកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិថាប់ទីបីខ្លងម៉ាន់ ប្រទេសថៃ បានរត់គេចខ្លួនរួច ពីការចាប់ខ្លួនពីសមត្ថកិច្ចថៃ ។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានបញ្ជាក់ថា ៖ ក្រោយពេលសមត្ថកិច្ចថៃចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៨នាក់ ដែលចោទប្រកាន់លួចចូលកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យាជាតិ ប្រទេសថៃ ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្រាវជ្រាវរកឃើញមានប្រជាពលរដ្ឋខ្មែរ២នាក់ ដែលរត់គេចខ្លួន ពីការចាប់ខ្លួនមាន ទី១.ឈ្មោះ ហ៊ើល ភឿន ភេទប្រុស អាយុ២៤ឆ្នាំ និងទី២.ឈ្មោះ រ៉ន រ៉ាំ ភេទប្រុស អាយុ២៧ឆ្នាំ ទាំង២នាក់រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

លោកបានប្រាប់ថា ៖ ពួកគាត់ទៅស៊ីឈ្នួលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បាន១៨នាក់ ក្នុងចំណោម២៧នាក់ ដែលពួកគាត់ទៅតាមរយៈមេខ្យល់ឈ្មោះ គឹម ណារ៉ុន ហៅកុង ក្រោយពេលទទួលព័ត៌មានហើយ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនឈ្មោះ គឹម ណារ៉ុន ហៅកុង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានបញ្ជាក់ថា ៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយ ដោយយោងតាមការសារភាព និងចម្លើយជនរងគ្រោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ៕

website_news/2017041001.txt · Last modified: 2017/10/04 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki