website_news:2017041002

បុគ្គលិកជាប់កិច្ចសន្យា៣នាក់ ជាប់អន្ទាក់សមត្ថកិច្ច រឿងអ្នកសុំទាន

https://kohsantepheapdaily.com.kh ដោយ ៖ ឃឹម ប៊ុនណាក់ ថ្ងៃអង្គារ (03-10-2017 17:49)

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្ម កុមារមនុស្សចាស់ជរា និងញុះញង់អនិតិជនឲ្យដើរសុំទានទៅតុលាការនៅថ្ងៃទី ០៣ ខែតុលា ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យទាំង៣នាក់នេះរួមមាន ១.ឈ្មោះ ឃុត នឹម ហៅ តាលឹម អាយុ៥៥ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យាមន្ទីរសង្គមកិច្ចរាជធានី ២.ឈ្មោះ ហឹង សារុំ ហៅ តារុំ អាយុ៤២ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យា នៃមន្ទីរសង្គមកិច្ចរាជធានី និង ៣.ឈ្មោះ សាន សិត ភេទប្រុស អាយុ៤១ឆ្នាំ អតីតជាអ្នកសុំទាន នឹងពេលនេះជាអ្នកដើរប្រមូលលុយ ពីអ្នកសុំ ទានតាមភ្លើងស្តុប នឹងតាមសួនច្បារមាត់ទន្លេរវិញ ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងចម្លើយអះអាងរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពប្រមូលលុយពីអ្នកសុំទានរៀងរាល់ថ្ងៃ នៅតាមភ្លើងស្តុប នឹងតាមសួនច្បារ ដោយអ្នកសុំទានម្នាក់ត្រូវបង់១ម៉ឺន ទៅ១ម៉ឺន២ពាន់រៀលក្នុង១ថ្ងៃ ហើយ១សប្តាហ៍ ទើបឈ្មោះ សាន សិត យកលុយប្រគល់ឲ្យ តាលឹម និងតារុំ តែម្តង ដោយតាលឹម យកចំណែកអ្នកដើរសុំនៅស្តុបអាងទឹក ស្តុបពេទ្យចិន ស្តុបផ្សារដើមគោ និងភូមិសាស្ត្រក្បែរគ្នា រីឯតារុំ យកចំណែកអ្នកដើរសុំនៅស្តុបកាណាឌីយ៉ា ស្តុបបូកគោ និងសួនមាត់ទន្លេ ។

ការយកលុយរបស់តាលឹម និងតារុំ ពីអ្នកសុំទាននេះ ជាថ្នូរជាមួយនឹងការផ្តល់ព័ត៌មាននៅពេលណាដែលមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះបោសសំអាតប្រមូលអ្នកសុំទាន អ្នកញៀនថ្នាំ និងក្មេងអានាថាតាមដងផ្លូវ តែបើពួកអ្នកសុំទានទាំងនោះ មិនព្រមបង់លុយឲ្យ ឈ្មោះ សាន សិត គំរាមថា នឹងរាយការណ៍ឲ្យខាងមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះចាប់ពួកគេ ក្នុងនោះក៏មានអ្នកសុំទានជាច្រើនពិតជាត្រូវបានឈ្មោះ សាន សិត រាយការណ៍ឲ្យតាលឹម និងតារុំ នាំក្រុមការងារសង្គមកិច្ចចុះបង្ក្រាបមែន ពេលដែលពួកគេមិនព្រមបង់លុយតាមការទាមទារ ៕

website_news/2017041002.txt · Last modified: 2017/10/04 11:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki