website_news:2017050403

ការទប់ស្កាត់ បង្រ្កាបបទល្មើសជួញដូរមនុស្សមិនអាចមានតែសមត្ថកិច្ចទេ

http://police.gov.kh/blog 11:49 am 5 មេសា 2017 62

ភ្នំពេញ៖ ការបង្ក្រាបបទល្មើសជួញដូរមិនអាចមានតែសមត្ថកិច្ចទេ ត្រូវមានការសហការចូលរួមដៃគូរ សហការ អង្គការនានា និងស្ថាប័នដែលពាក់ព័ន្ធ នេះជាប្រសាសន៍របស់លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។

លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា បានប្រសាសន៍ដែរថា ការចូលរួមសហការពីសំណាក់ដៃគូរសហការ អង្គការនានា ស្ថាប័នពាក់ព័ន្ធទើបធ្វើឲ្យបទល្មើសការជួញដូរមនុស្សមានការថយចុះក្នុងឆ្នាំ២០១៦នេះ ។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងក្នុងសហការរបស់ដៃគូ អង្គការ ដែលតែងតែចូលរួមទាំងកម្លាំងកាយចិត្ត សម្ភារ និងថវិកា ក្នុងការសហការ និងជាពិសេសជួយដល់ជនរងគ្រោះនៅពេលដែលសមត្ថកិច្ចសង្គ្រោះបាន ទាំងការថែទាំ សម្ភារ មធ្យោបាយ ថវិកា យ៉ាងយកចិត្តទុកដាក់ ។

ក្នុងនោះដែរ ជំនួសមុខឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណដល់ដៃគូរសហការ អង្គការនានា ស្ថាប័នពាក់ព័ន្ធ ក្នុងការបណ្ដុះបណ្ដាលដល់មន្រ្តីនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងការសហការបង្រ្កាបបទល្មើសនាពេលកន្លងមកនេះ ជាពិសេសត្រូវរួមគ្នាបន្តការសហការនេះបន្តទៅទៀតដើម្បីឲ្យបទល្មើសការជួញដូរមនុស្សនេះកាន់មានការថយចុះ ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៦ នេះប្រតិបត្តិការបង្រ្កាបបទល្មើសជួញដូរមាន ៩២ករណី លើ ១០៥ករណី (ចាប់ខ្លួន ១១៣នាក់ ជនបរទេស ៨នាក់, សង្គ្រោះ ២៩៨នាក់) ក្នុងនោះករណីជួញដូរមនុស្ស ២៦ករណី ឃាត់ជនសង្ស័យ ៣៨នាក់ ស្រី ២១នាក់ បរទេស ២នាក់ (ប៉ាគីស្ថាន ម្នាក់ និងថៃ ម្នាក់) ជនរងគ្រោះ ១០៣នាក់ អនីតិជន ២២នាក់, ករណីសញ្ចារកម្ម ២៧ ករណី ឃាត់ជនសង្ស័យ ៣៦នាក់ ស្រី២៥នាក់ ជនបរទេស ២នាក់ (អូស្រ្តាលី ម្នាក់ និងវៀតណាម ម្នាក់) ជនរងគ្រោះ ១៤៧នាក់ អនីតិជន ២១នាក់, ករណីទិញរួមភេទ និងអំពើអាសលើអនីតិជន ៣៩ករណី ឃាត់ជនសង្ស័យ ៣៩នាក់ បរទេស ៤នាក់ (ឥណ្ឌា ម្នាក់, ហូឡង់ ២នាក់ និងកូរ៉េ ម្នាក់) ជនរងគ្រោះ ៤៨នាក់ អនីតិជន ៤៨នាក់ ៕

website_news/2017050403.txt · Last modified: 2017/04/05 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki