website_news:2017050406

សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែររាប់ពាន់នាក់ត្រឡប់មកស្រុកវិញតាមច្រកប៉ោយប៉ែត

http://www.rfa.org/khmer/news ដោយ ហ៊ុំ ចំរើន 2017-04-04

សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែររាប់ពាន់នាក់រយៈពេល ៤ថ្ងៃ អំឡុងដើមខែមេសា ត្រឡប់មកកម្ពុជា វិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រធានច្រកព្រំដែនប៉ោយប៉ែត អះអាងថា ភាគីថៃ បញ្ជូនពលករមកវិញនេះ គឺជារឿងធម្មតា ដោយសារជារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលពួកគេតែងតែនាំគ្នាត្រឡប់មកលេងស្រុកកំណើតជារៀងរាល់ឆ្នាំ ហើយពលករនឹងត្រឡប់ទៅធ្វើការនៅប្រទេសថៃ វិញ ក្រោយបុណ្យចូលឆ្នាំរួច។ សមត្ថកិច្ចប្រចាំច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លើកឡើងថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចូលមកដល់ខាងមុខនេះ ពលករដែលធ្វើការនៅប្រទេសថៃ នឹងត្រឡប់មកលេងស្រុកកំណើតកាន់តែច្រើនថែមទៀតតាមច្រកមួយនេះ។

ប្រធានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក វិច អូន មានប្រសាសន៍នៅថ្ងៃទី៤ ខែមេសា ថា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់រសៀលម៉ោង ១២ថ្ងៃត្រង់ ទី៤ ខែមេសា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកព្រំដែនប៉ោយប៉ែត ទាំងអស់ជិត ២ពាន់នាក់ (១,៩៤៥)។ លោកបន្ថែមថា ចំនួននេះខុសពីពេលមុនៗ ដែលសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករតាមច្រកមួយនេះប្រមាណជាង ១០០នាក់ក្នុងមួយថ្ងៃ៖ «តាមពិតថា ឆ្លងដែនខុសច្បាប់ក៏បាន មិនខុសច្បាប់ក៏បាន ដ្បិតអីពលករយើងខ្លះ គាត់ស្ម័គ្រចិត្តឲ្យថៃ ចាប់ ដើម្បីកុំពិបាកលុយប៉ូលិសអន្តោប្រវេសន្ត នេះជារឿងពិត។ ក៏ប៉ុន្តែចាប់ពីស្អែកទៅមិនដឹងច្រើនយ៉ាងមិចទេ ព្រោះដោយសារការយល់យោគ និងអនុសញ្ញានៃក្រសួងការងាររបស់ថៃ ដែលមានការយល់យោគឲ្យពលករឆ្លងដែនអត់មានការបង់ប្រាក់នឹងកម្រៃផ្សេងៗ ទាំងសមត្ថកិច្ចថៃ និងខ្មែរ»។ លោក វិច អូន អះអាងទៀតថា នៅអំឡុងពេលបុណ្យចូលឆ្នាំនេះ ភាគីថៃ ក៏បានអនុញ្ញាតឲ្យពលករខ្មែរ ឡាវ និងភូមា ដែលធ្វើការនៅប្រទេសថៃ ដែលមានប័ណ្ណធ្វើការងារពណ៌ស៊ីជម្ពូ បានវិលត្រឡប់មកលេងស្រុកកំណើតវិញ ដោយពុំបាច់សុំទិដ្ឋាការចេញចូលប្រទេសថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែមេសា។

ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ពលករខ្មែរដែលធ្វើការចំណាកស្រុកដែលត្រឡប់មកលេងបុណ្យចូលឆ្នាំ គួរតែរង់ចាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រួចរាល់សិនចាំត្រឡប់ទៅប្រទេសថៃ វិញជាការល្អ៖ «ព្រោះថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការចាំបាច់បំផុត ដែលតួនាទីគាត់ជាម្ចាស់ឆ្នោត និងជាម្ចាស់វាសនានៃប្រទេសជាតិ។ អ៊ីចឹងគាត់គួរតែនៅជ្រើសរើសអ្នកណាដែលធ្វើការងារបម្រើរាស្ត្រ និងចេះអភិវឌ្ឍន៍តាមតម្រូវការរបស់ពលរដ្ឋ។ ប្រសិនបើគាត់មិនបាននៅបោះឆ្នោតទេ ពួកគាត់នឹងខាតបង់ធំ ព្រោះនេះជាពេលវេលាដ៏មានតម្លៃសម្រាប់ពួកគាត់»។

គេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា មានពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្នុងមួយថ្ងៃជាច្រើនពាន់នាក់ ដើម្បីមកលេងបុណ្យចូលឆ្នាំខ្មែរតាមច្រករបៀងបន្ទាត់ព្រំដែន នៅក្នុងខេត្តបន្ទាយមានជ័យ មានជាអាទិ៍ច្រកនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្វាយចេក និងស្រុកថ្មពួក។ គេហទំព័រដដែលឲ្យដឹងទៀតថា ពលករចំណាកស្រុកទាំងអស់នោះ ឆ្លងកាត់ព្រំដែនមកកម្ពុជា តាមរយៈមេខ្យល់ខុសច្បាប់ដោយបង់លុយឲ្យសមត្ថកិច្ចឈរជើងនៅតាមព្រំដែនម្នាក់ ប្រមាណ ៥ម៉ឺនរៀល (៥០.០០០)។

របាយការណ៍របស់មន្ត្រីទទួលបន្ទុកពលករចំណាកស្រុកក្រសួងមហាផ្ទៃ ឲ្យដឹងថា នៅឆ្នាំ២០១៦ មានពលករកំពុងបំពេញការងារនៅប្រទេសថៃ ប្រមាណជាង ១លាននាក់ ក្នុងនោះមាន ៣៦ម៉ឺននាក់ ពុំមានឯកសារច្បាប់ត្រឹមត្រូវ៕

website_news/2017050406.txt · Last modified: 2017/04/05 16:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki