website_news:2017050409

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមជួយពលករ-ពលការិនីខ្មែរចំនួន៥នាក់

http://www.rasmeinews.com/local ដោយ ៖វាសនា ថ្ងៃទី 5 មេសា 2017 ម៉ោង 12:15:PM

(ភ្នំពេញ)៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៥នាក់ ដូចខាងក្រោម៖ (១) ពលការិនី ប.ដ.ន អាយុ២៦ឆ្នាំ មកពីស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំនិង(២) ពលការិនី ច.ស អាយុ២៩ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពលការិនីទាំង២នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃទៅម៉ាឡេស៊ី ធ្វើការងារតាមផ្ទះកាលពីឆ្នាំ២០១៥។ ដោយការងារលំបាក និងនិយោជកមិនព្រមបើកប្រាក់ខែ ពលការិនីទាំងពីរបានទាក់ទងមកក្រុមគ្រួសារនៅកម្ពុជា ដើម្បីជួយពួកគេត្រឡប់មកកម្ពុជាវិញ។

បន្ទាប់ពីទទួលបានសំណូមពរពីក្រុមគ្រួសាររបស់ពលការិនីទាំងពីរ ស្ថានទូតបានអន្តរាគម ហើយ និយោជករបស់ពលការិនីទាំង២នាក់ បានយល់ព្រមនាំពលការិនីមកស្ថានទូត និងប្រគល់លិខិតឆ្លងដែនប្រាក់ខែដែលនៅសល់ និងសំបុត្រយន្តហោះជូនដល់អ្នកទាំងពីរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

(៣) ពលករ ល.ឡ អាយុ២៤ឆ្នាំ មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (៤) ពលការិនី ឆ.យ អាយុ៣៧ឆ្នាំ មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់និង(៥) ពលការិនី ភ.ភ អាយុ១៨ឆ្នាំ មកពីស្រុកបាកាន ខេត្តពោធិ៍សាត់។

ពលករ-ពលការិនីទាំង៣នាក់ ត្រូវបានមេខ្យល់ នាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃទៅម៉ាឡេស៊ី ធ្វើការជាអ្នកលក់ដូរកាលពីខែកក្កដា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៧ ។ ស្ថានទូតបានសម្របសម្រួលជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ពលករ-ពលការិនីទាំង៥នាក់ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ៕

website_news/2017050409.txt · Last modified: 2017/04/05 16:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki