website_news:2017050503

មេយោធាល្បាត ៥០៣ ឈ្មោះ ឃួន ជឿន កំពុងរងការរិះគន់ករណីបើកដៃឲ្យពលករឆ្លងដែនខុសច្បាប់

http://www./moneaksekar.html ថ្ងៃ May 3, 2017 ដោយ មនសិការខ្មែរ

ប្រជាពលរដ្ឋរស់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរាយការណ៍មកថា មានករណី ពលករខ្មែរឆ្លងដែនកាន់តែច្រើនឡើងៗតាំងពីក្រោយចូលឆ្នាំខ្មែររហូតដល់ដើមខែឧសភានេះ ដែលពលករទាំងនោះមានទាំងពលករក្នុងខេត្តបន្ទាយមានជ័យ និងមកពីបណ្តាខេត្តផ្សេងៗផងដែរ។ មេយោធាល្បាត៥០៣ ឈ្មោះ ឃួន ជឿន ដែលកំពុងរងការរិះគន់ករណីបើកដៃឲ្យពលករឆ្លងដែនខុសច្បាប់នោះ ត្រូវបានប្រជាពលដ្ឋមូលដ្ឋានបានបញ្ជាក់ថា គឺអ្នកនៅពីក្រោយយខ្នងករណីបើកដៃឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់។ ជាក់ស្តែងពលករជាច្រើននាក់បានបញ្ជាក់ថា ពួកគេបានបង់ប្រាក់ទៅឲ្យមន្រ្តីពាក់ព័ន្ធពិសេសបក្ខពួកលោក ឃួន ជឿន ដែលបានទទួលលុយពីពួកគេជាថ្នូរបើកដៃឲ្យឆ្លងដែនខុសច្បាប់។

ប្រជាពលរដ្ឋស្រុកអូរជ្រៅ បានបញ្ជាក់ថាពលករដែលឆ្លងដែននៅច្រករបៀងទំនប់ដាច់ ក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺមានទាំងស្របច្បាប់តែពលករទាំងនោះសុទ្ធតែតម្រូវឲ្យបង់លុយឲ្យមន្រ្តីជំនាញដែលប្រចាំការនៅតំបន់ខាងលើ តែពលករដែលខុសច្បាប់អាចនឹងបង់លុយច្រើនជាងពលករស្របច្បាប់ ដែលបញ្ហានេះកំពុងជំរុញឲ្យមានពលករឆ្លងដែនខុសច្បាប់កាន់តែច្រើនឡើងៗ។

ពលករឆ្លងដែនខុសច្បាប់ជាច្រើននាក់បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ត្រូវចំណាយប្រាក់ក្នុងខ្ទង់ពី២០ម៉ឺនទៅ៣០ម៉ឺនរៀលទៅឲ្យមេខ្យល់ ហើយមេខ្យល់ទាំងនោះក៏បានលុយមួយផ្នែកទៀតពីខាងភាគីថៅកែសៀម ឬមេខ្យល់ខាងសៀមដែលមានរថយន្តចាំទទួលពលករខ្មែរទៅធ្វើការខុសច្បាប់នៅសៀម ហើយពលករទាំងនោះមួយចំនួនក៏ត្រូវថៅកែសៀមកេងចំណេញកម្លាំងពលកម្មនិងប្រាក់កម្រៃផងដែរ។

ប្រភពខាងលើនេះបានបញ្ជាក់ថា ប្រាក់សូកប៉ាន់ខាងលើនេះទំនងជាបែងចែកមួយចំណែកឲ្យមន្រ្តីពុករលួយដើម្បីជួយសម្រួលដល់ពលករឆ្លងដែនខុសច្បាប់ ខណៈពលករឆ្លងដែនផ្ទាល់ខ្លួនឬដោយគ្មានមេខ្យល់ជួយជ្រោមជ្រែងនោះ គឺត្រូវសូកប្រាក់តាមដំណាក់កាលនិងកម្រិតមន្រ្តីដែលពួកគេបានឆ្លងកាត់។ ប្រជាពលរដ្ឋស្រុកអូរជ្រៅ បានស្នើដល់អាជ្ញាធរខេត្តបន្ទាយមានជ័យនិងមន្រ្តីរដ្ឋាភិបាលគប្បីស៊ើបអង្កេត និងដោះស្រាយបញ្ហាខាងលើនេះផង ព្រោះរឿងអត់ការងារធ្វើក្នុងស្រុកវាពិបាកមួយកម្រិតទៅហើយ ដូចនេះរដ្ឋាភិ បាលមិនគួរបណ្តែបណ្តោយឲ្យមានករណីពលករឆ្លងដែនខុសច្បាប់ដែលអាចនឹងរងគ្រោះថ្នាក់សព្វបែបយ៉ាងលើទឹកដីសៀមនោះទេ៕

website_news/2017050503.txt · Last modified: 2017/05/05 11:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki