website_news:2017050506

សិក្ខាកាមខ្លះព្រមទទួលសំណង ក្រោយពីប្តឹងមិនបានទៅធ្វើការនៅ ជប៉ុន

http://www./phnompenhpost.html Fri, 5 May 2017 សែន ដាវីត

ភ្នំពេញៈ តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំ កម្ពុជា-ជប៉ុន បានរកដំណោះស្រាយដល់សិក្ខាកាមជាបន្តបន្ទាប់ហើយ ក្រោយពីសិក្ខាកាមបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ និងតុលាការ នាពេលកន្លងមកក្រោយពីមជ្ឈមណ្ឌលធានាឲ្យទៅធ្វើការនៅប្រទេសជប៉ុន តែមិនបានចេញទៅ។ កាលពីខែ មីនា កន្លងមក ពលរដ្ឋដែលជាសិក្ខាកាមចំនួន ៥៨ នាក់មកពីខេត្តចំនួន ៨ បានដាក់ពាក្យបណ្តឹងនៅក្រសួង មហាផ្ទៃ និងតុលាការ ដើម្បីទាមទារលុយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយដែលបានយកលុយពួកគេក្នុងម្នាក់ៗ ៤០០០ ដុល្លារជាថ្នូរនឹងការធានាឲ្យបានទៅធ្វើការនៅប្រទេស ជប៉ុន តែទីបំផុតមិនបានគោរពតាមការសន្យា។

លោក មុំ ម៉ៅ តំណាងឲ្យសិក្ខាកាមបានឲ្យដឹងថា ក្រុមហ៊ុនបានដោះស្រាយជូនសិក្ខាកាមដោយអ្នកខ្លះទទួលបាន ២ ០០០ ឬ ២ ៥០០ ដុល្លារ តែ ២៥ នាក់ផ្សេងទៀតមិនទាន់ទទួលបាននោះទេ។ លោកថា «ក្រោយពីដាក់ប្តឹងទៅក្រសួងមហាផ្ទៃ ក្រុមហ៊ុនមកដោះស្រាយហើយ ដោយអ្នកខ្លះទទួលបាន ២ ០០០ ដុល្លារទៅ ២ ៥០០ ដុល្លារ នៅតែ ២៥ នាក់ទៀត»។

លោកស្រី អ៊ូទូច តំណាងពលរដ្ឋមកពីខេត្តកំពង់ចាម ដែលមិនទាន់ទទួលយកប្រាក់សំណងបានឲ្យដឹងថា ពលរដ្ឋផ្សេងទៀតដែលមិនព្រមទទួលយក ដោយសារក្រុមហ៊ុនសងត្រឹមតែ ២ ៥០០ ដុល្លារ ខណៈដែលពួកគេត្រូវចាញ់បោកក្រុមហ៊ុនអស់ជាង ៤០០០ ដុល្លារ។ តំណាងសិក្ខាកាម រូបនោះនិយាយថា «ក្មួយៗខ្ញុំ និង អ្នកឯទៀតអត់ព្រមយកសំណងទេ បើគេសង ២ ៥០០ ដុល្លារហ្នឹង ហើយពួកគេបង់ទៅក្រុមហ៊ុនអស់ជាង ៤០០០ ដុល្លារ»។

លោក ឡា សុភិន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំ កម្ពុជា-ជប៉ុន បានអះអាងថា មជ្ឈមមណ្ឌលបានដោះស្រាយជូនពួកគាត់ហើយ។ លោកថា «យើងបានដោះស្រាយជូនគាត់ហើយ ហើយនឹងដោះស្រាយជាបន្តបន្ទាប់ទៀត»។

សិក្ខាកាម បានអះអាងថា ក្រុមហ៊ុនបានសន្យាផ្តល់ការងារឲ្យគាត់ធ្វើជាអ្នកអ៊ុតផ្លូវនៅប្រទេសជប៉ុន ដែលនឹងទទួលបានប្រាក់ឈ្នួលពី ១ ៥០០ ដុល្លារទៅ ២ ០០០ ដុល្លារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនបានប្រាប់ពីមូលហេតុនោះទេ៕

website_news/2017050506.txt · Last modified: 2017/05/05 13:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki