website_news:20170506003

ថៃចាប់ពលករខ្មែរ១៤នាក់បញ្ជូនទៅដាក់គុកធំខេត្តស្រះកែវ

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 05/06/2017

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ពលករខ្មែរប្រុសស្រីចំនួន១៦នាក់ ដែលចូលទៅធ្វើការព្រឹកវិលល្ងាច តាមច្រកបឹងត្រកួនទៅក្នុងទឹកដីថៃ ត្រូវបានសមត្ថកិច្ចថៃស្រុកតាប្រាយ៉ាចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០១៧។ ក្រោយចាប់ខ្លួនពលករខ្មែរទាំង១៦នាក់នោះ សមត្ថកិច្ចស្រុកតាប្រាយ៉ា បានចាត់បញ្ជូនភ្លាមៗទៅកាន់ខេត្តស្រះកែវ ដើម្បីដាក់ឃុំក្នុងពន្ធនាគារ ហើយមានតែក្មេង២នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងឲ្យវិលត្រឡប់មកផ្ទះសម្បែងខ្លួនវិញ ដោយលេសថា មិនទាន់គ្រប់អាយុ។ យោងតាមសម្តីសមត្ថកិច្ចប្រចាំនៅច្រកបឹងត្រកួននៃស្រុកថ្មពួកបានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចោទប្រកាន់ទៅលើពលករខ្មែរទាំង១៤នាក់ថា បានធ្វើការខុសច្បាប់ក្នុងទឹកដីខ្លួនហើយកំពុងដាក់សំណុំរឿងឲ្យទៅតុលាការជំនុំជម្រះ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះ សមត្ថកិច្ចចម្រុះឈរជើងនៅចំណុចច្រកបឹងត្រកួនរួមទាំងអាជ្ញាធរឃុំគោករមៀតបានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចស្រុកតាប្រាយ៉ា ដើម្បីសុំឲ្យមានការដោះលែងពលករខ្មែរទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដោយអនុវត្តទៅតាមកិច្ចព្រមព្រៀងទ្វេភាគីតែភាគីថៃបានលើកឡើងថា សម្រេចលើតុលាការខេត្តស្រះកែវ ព្រោះបានបញ្ជូនដល់ដៃតុលាការហើយ។ដោយការចរចារមិនអាចដោះស្រាយបាន នៅរសៀលថ្ងៃទី៣ ខែមិថុនានេះ មានក្រុមរថយន្តជាច្រើនគ្រឿង ដែលជាបងប្អូនសាច់ញាតិរបស់ពលករជាប់ឃុំបាននាំគ្នាមកឈប់ចតបិទមាត់ច្រកបឹងត្រកួន ដើម្បីមិនឲ្យរថយន្តធំៗរបស់ពលរដ្ឋថៃ ដែលចូលមកទិញ នឹងដឹកដំឡូងក្នុងភូមិសាស្ត្របឹងត្រកួនអាចវិលត្រឡប់ចូលទៅទឹកដីខ្លួនវិញបានទេ។ ការបិទនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងបងប្អូនជាពលករទាំងអស់នោះមកវិញ ៕

website_news/20170506003.txt · Last modified: 2017/08/24 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki