website_news:2017050701

ក្រសួងមហាផ្ទៃ បញ្ជាអាជ្ញាធរ ខេត្តជាប់ព្រំដែន ប្រជុំបន្ទាន់ ជុំវិញបញ្ហាថៃ បញ្ជូនពលករខ្មែរមកវិញ

http://www.daem-ampil-news.html ថ្ងៃពុធ, 05 កក្កដា ២០១៧ 14:17 ដោយ: ញិល សុខសាន ID:012

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបើកកិច្ចប្រជុំជាបន្ទាន់ ចំពោះអាជ្ញាធរខេត្ត ជាប់បណ្ដាព្រំដែន ពាក់ព័ន្ធករណីពលករខ្មែរ ពុំមានឯកសារគ្រប់គ្រាន់ សម្រាប់ស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដែលអាជ្ញាធរថៃ បានចាប់បញ្ជូន ត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ជាបន្តបន្ទាប់ ខណៈមានការពង្រឹងអនុវត្តច្បាប់ នៅថៃរឹតបន្ដឹង។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ដើម្បីបន្តដោះស្រាយបញ្ហា ដែលកំពុងកើតមាន ក្រសួងបានណែនាំដល់ អភិបាលរាជធានី-ខេត្ត ក្នុងនាមជា ប្រធានគណៈមេបញ្ជាការ ឯកភាពរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការចាំបាច់មួយចំនួន។

វិធានការទាំងនោះរួមមាន ខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ត្រូវជួបប្រជុំជាបន្ទាន់ ជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ដែលមានព្រំប្រទល់គ្នា ដើម្បីបង្កើនកិច្ចសហការផ្លាស់ប្ដូរ ព័ត៌មានអំពីការបញ្ជូនពលករខ្មែរ ឲ្យវិលត្រឡប់មកកម្ពុជាវិញ និងស្នើភាគីថៃយកចិត្តទុកដាក់លើការដឹកជញ្ជូន ការគោរពសិទ្ធិពលរដ្ឋ សុវត្ថិភាព សុខភាព និងស្បៀងអាហារឲ្យបានសមស្រប។

លិខិតបន្តថា ត្រូវកោះប្រជុំជាបន្ទាន់គណៈមេបញ្ជាការ ឯកភាពខេត្ត រួមជាមួយប្រធានអង្គភាព ប្រចាំទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារនានា តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវប្រគល់ភារកិច្ចដល់ប្រធានទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វាព្រំដែន ឲ្យសហការទទួលខុសត្រូវដោយផ្ទាល់ ក្នុងការសម្របសម្រួលទទួលពលករខ្មែរ ដែលភាគីថៃ បញ្ជូនមកកម្ពុជាវិញ ត្រូវណែនាំឲ្យប្រធានមន្ទីរស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន និងអង្គភាពនានា ដែល ឈរជើង តាមបណ្ដោយព្រំដែន រាយការណ៍ជាប្រចាំមកគណៈបញ្ជាការ ឯកភាពខេត្ត អំពីពលករខ្មែរដែលភាគីថៃ បញ្ជូនមក។

ប្រភពបន្តថា ត្រូវណែនាំដល់មន្ទីរ អង្គភាពជំនាញនានា ឲ្យសហការជាមួយប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែន ក្នុងការទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ។ អំពាវនាវដល់សប្បុរជន ឲ្យជួយឧបត្ថម្ភ ដោយស្ម័គ្រចិត្តនូវថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ទីជម្រកបណ្ដោះអាសន្ន និងមធ្យោបាយ ដឹកជញ្ជូន ដើម្បីចូលរួមចំណែកដោះស្រាយ ការលំបាកនានា របស់ពលករខ្មែរ។

បន្ថែមពីនេះក្រសួងក៏បានបញ្ជាក់ផងដែរថា រាជធានីខេត្តដទៃទៀត ត្រូវទំនាក់ទំនង និងចូលរួមសហការ ជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បី ជួយឧបត្ថម្ភ និងដោះស្រាយការដឹកជញ្ជូន ពលករខ្មែរ ដែល មានទីលំនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីព្រំដែនទៅកាន់លំនៅដ្ឋាន ។ លើសពីនេះអាជ្ញាធរជាប់ព្រំដែន ជាមួយប្រទេសថៃត្រូវធ្វើសេចក្ដីរាយការណ៍ ប្រចាំថ្ងៃអំពីសភាពការណ៍នានាជុំវិញ ការបញ្ជូនពលករខ្មែរ ពិប្រទេសថៃ មកក្រសួងមហាផ្ទៃ តាមអាស័យដ្ឋានអ៊ីម៉ែល cpmo.office@gmail.com៕

website_news/2017050701.txt · Last modified: 2017/07/05 16:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki