website_news:2017050703

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យសប្បុរជនជួយឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីដោះស្រាយការលំបាករបស់ពលករខ្មែរ ដែលអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញ

http://www.freshnewsasia.com/index.php/en/localnews/ 2017-07-05

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវសប្បុរជនឲ្យជួយឧបត្ថម្ភដោយស័្មគ្រចិត្តនូវថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ទីជម្រកបណ្ដោះអាសន្ន និងមធ្យោបាយដឹកជញ្ជូន ដើម្បីចូលរួមចំណែកដោះស្រាយការលំបាកនានារបស់ពលរដ្ឋខ្មែរ។

នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ រឿងពលករខ្មែរ ដែលអាជ្ញាធរថៃបានចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវប្រជុំជាមួយសមត្ថកិច្ចថៃដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីបង្កើនកិច្ចសហការផ្លាស់ប្ដូរព័ត៌មាន អំពីការបញ្ជូនពលករខ្មែរឲ្យត្រឡប់មកកម្ពុជាវិញ ដោយស្នើឲ្យភាគីថៃយកចិត្តទុកដាក់លើការដឹកជញ្ជូន ការគោរសិទ្ធិពលរដ្ឋ សុវត្ថិភាព សុខភាព និងស្បៀងអាហារឲ្យបានសមស្រប។

បន្ថែមពីនេះ សម្ដេច ស ខេង បានប្រាប់ឲ្យមន្ទីរ អង្គភាពជំនាញនានាត្រូវសហការរៀបចំជម្រកបណ្ដោះអាសន្ន ថ្នាំពេទ្យ គ្រូពេទ្យសង្គ្រោះបន្ទាន់ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្រ្ដីមានផ្ទៃពោះ ចាស់ជរា និងអ្នកមានជំងឺ ព្រមទាំងសហការជាមួយរាជធានី ខេត្តពាក់ព័ន្ធ ចាត់ចែង និងសម្របសម្រួលការដឹកជញ្ជូនពលករខ្មែរ ពីព្រំដែនទៅកាន់ទីលំនៅឋានរៀងៗខ្លួន ប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយល្អ៕

website_news/2017050703.txt · Last modified: 2017/07/05 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki