website_news:2017050704

សង្គមស៊ីវិលថា ការបិទច្រករបៀងនៅបន្ទាយមានជ័យមានទាំងគុណសម្បត្តិ និងវិបត្តិ

http://www.r-f-i-news.html ដោយ អេង គីមហុង04/07/2017

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបិទច្រករបៀងចំនួន ៤៣កន្លែងនៅបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ពលករចំណាកស្រុក និងទំនិញគេចពន្ធ ។ តែមូលហេតុនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលប្រចាំនៅទីនោះមើលឃើញថា មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

គុណវិបត្តិនៃការបិទច្រករបៀងនេះ គឺធ្វើឲ្យប៉ះពាល់ដល់ពលករខ្មែរដែលទៅធ្វើការ នៅថៃចំពោះអ្នកទៅព្រឹកវិលល្ងាច។ ហើយបើតាមសេចក្ដីរាយការណ៍ពីខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤កក្កដានេះ បានកើតមានភាពប្រទូស្តរាយគ្នា រវាងទាហានសឹករង និងពលរដ្ឋរួចទៅហើយដោយសារករណីបិទច្រករបៀងបឹងបេង ដែលស្ថិតនៅឃុំបឹងបេង ស្រុកម៉ាឡៃ។ បន្ថែមពីលើនេះទៀតបានប៉ះពាល់ដល់ការដោះដូរទំនិញរវាងពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា ថៃ ។ ចំណែកគុណសម្បត្តិវិញ គឺបានទប់ស្កាត់ទំនិញគេចពន្ធរួមមានៈ ប្រភេទសត្វខូចគុណភាពស្ទើរតែគ្រប់មុខ និងបញ្ចៀសការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ុម ចាន់គា មន្ត្រីអាដហុកប្រចាំខេត្តបន្ទាយមានជ័យ។

តែយ៉ាងណាក៏ដោយ លោក ស៊ុម ចាន់គា បានចាត់ទុកការបិទច្រករបៀងនៅពេលនេះគឺជាវិធានការណ៍មួយអនុវត្តស្ទើរតែហួសពេលទៅហើយ។ ហួសពេលដោយសារលោកមើលឃើញថា មន្ត្រីប៉ូលីសមួយចំនួននៅតាមព្រំដែនពួកគេបានក្លាយជាអ្នកមានរួចទៅហើយតាមរយៈការទទួលសំណូកពុករលួយពីទំនិញគេចពន្ធនេះ។ ម្យ៉ាងទៀត លោក ស៊ុម ចាន់គា មើលឃើញថា ការបិទច្រករបៀងនេះគ្មានប្រសិទ្ធភាពប៉ុន្មានទេព្រោះលំហូរនៃការឆ្លងទៅឆ្លងមកនៅតែកើតមានដដែល។ ដូច្នេះលោកផ្ដល់យោបល់ថា រដ្ឋាភិបាលគួរតែបង្កើតការនៅស្រុកវិញប្រសើរជាង។

គួររម្លឹកថា ច្រករបៀងខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា-ថៃ មានប្រមាណជាង១០០គីឡូម៉ែត្រ ហើយមានច្រករបៀងខុសច្បាប់ជាង៤០កន្លែង ។ តាមរយៈច្រករបៀងខុសច្បាប់នេះ នាំឲ្យកើតមានពលរដ្ឋខ្មែរចំណាកស្រុកឆ្លងដែនខុសតាមរយៈមេខ្យល់ទៅរកការងារធ្វើ និងមានរថយន្តចង្កូតស្តាំគេចពន្ធ ម៉ូតូគេចពន្ធ ជាដើម។ នេះបើតាមការបញ្ជាក់របស់ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ការបញ្ជាឲ្យបិទច្រករបៀងពីសំណាក់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលនេះស្របពេលដែល រដ្ឋាភិបាលថៃបានបញ្ជូនពលករខ្មែរដែលធ្វើការមិនស្របច្បាប់ត្រឡប់មកវិញច្រើនជាងរាល់ដង ព្រោះថៃផ្អែកលើព្រះរាជក្រឹត្យកែសម្រួលថ្មីស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបទេស ឆ្នាំ២០១៧៕

website_news/2017050704.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki