website_news:2017050708

ពលករខ្មែរដែលថៃ ចាប់បញ្ជូនមកវិញសម្រុកធ្វើលិខិតឆ្លងដែន ដើម្បីឆាប់បានទៅធ្វើការវិញ

http://www.phnompenh-post-news.html Wed, 5 July 2017 វង្ស សុខេង

ភ្នំពេញ: ប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់បានសម្រុកទៅធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញរយៈពេលពីរថ្ងៃកន្លងមកនេះនៅក្នុងកាលៈទេសៈដែលប្រទេសថៃកំពុងរឹតបន្តឹងនូវការអនុវត្តច្បាប់ប្រឆាំងទៅនឹងពលករបរទេសខុសច្បាប់ក្នុងរយៈពេលជាងមួយអាទិត្យកន្លងមកនេះដែលពលករខ្មែររាប់រយនាក់ត្រូវបានចាប់បញ្ជូនមកជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋខ្មែរប្រមាណជាង ៥ ០០០ នាក់បានទៅធ្វើលិខិតឆ្លងដែនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះហើយបើតាមការប៉ាន់ស្មានរបស់មន្ត្រីផ្ដល់លិខិតឆ្លងដែនបានឲ្យដឹងថា ៧០ ភាគរយនៃពលរដ្ឋខ្មែរដែលមកធ្វើលិខិតឆ្លងដែននេះគឺជាពលករខ្មែរដែលថៃបានចាប់បញ្ជូនមកវិញ។

លោក សុខ សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃបានថ្លែងកាលពីថ្ងៃម្សិលមិញថា៖ «កាលពីថ្ងៃចន្ទយើងទទួលធ្វើលិខិតឆ្លងដែនបានប្រហែលជាង ២៥០០ នាក់ និងថ្ងៃនេះប្រហែលជាង ៣០០០ នាក់ហើយប្រមាណជា ៧០ ភាគរយនៃចំនួននេះគឺពលករខ្មែរដែលថៃបញ្ជូនមកវិញ»។

លោក លឹម គា អាយុ ២៦ ឆ្នាំពលករខ្មែរម្នាក់មកពីស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលទើបត្រូវបានថៃចាប់បញ្ជូនមកវិញកាលពីអំឡុងសប្ដាហ៍មុននេះហ៊ានចំណាយ ២២០ ដុល្លារសម្រាប់ធ្វើលិខិតឆ្លងដែនឲ្យបានលឿននឹងឆាប់បានវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។ លោក គា ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំមានតែប័ណ្ណពណ៌ស៊ីជម្ពូតែប៉ុណ្ណោះដែលអាចធ្វើការបានតែនៅក្នុងខេត្តមួយនៃប្រទេសថៃ អ៊ីចឹង ខ្ញុំចំណាយ ២២០ ដុល្លារដើម្បីធ្វើលិខិតឆ្លងដែនថ្ងៃនេះហើយថ្ងៃស្អែកបានទទួល។ រួមទាំងទិដ្ឋាការ និងលិខិតបញ្ជាក់ការងារ ខ្ញុំត្រូវចំណាយឲ្យមេខ្យល់ថៃរត់ការឲ្យដោយត្រូវចំណាយ ១៧ ០០០ បាតគឺប្រហែល ៥៥០ ដុល្លារបន្ថែមទៀត»។

ប្រមុខកងទ័ពលោក ChalermchaI Sitthisart បានឲ្យដឹងកាលពីថ្ងៃអង្គារថាក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) នឹងពិនិត្យមើលលើផ្នែកទី ៤៤ នៃច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់ ដើម្បីពន្យារពេលដល់ការដាក់ទណ្ឌកម្មថ្មីសម្រាប់ពលករបរទេស ដែលធ្វើការដោយគ្មានលិខិតអនុញ្ញាតការងារត្រឹមត្រូវរហូតដល់ចុងឆ្នាំនេះ។ ច្បាប់គ្រប់គ្រងពលករបរទេសថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ។ ច្បាប់ថ្មីនេះបានដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅដល់ក្រុមហ៊ុនណាដែលបានជួលពលករបរទេសធ្វើការដោយខុសច្បាប់គឺក្នុងមួយករណីត្រូវពិន័យចាប់ពី ៤០០ ០០០ ទៅ ៨០០ ០០០ បាត។ ការអនុវត្តច្បាប់ថ្មីនេះបានជំរុញឱ្យមានពលករបរទេសខុសច្បាប់ប្រមាណ ៣០០០០ នាក់វិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញដោយសារតែនិយោជកឈប់ទទួលខុសត្រូវពួកគេភ្លាមៗនៅពេលច្បាប់នេះត្រូវបានគេអនុវត្ត។

លោកឧត្តមសេនីយ៍ Chalermchai និងជាអគ្គលេខាធិការរបស់ NCPO ផងដែរនោះបានថ្លែងថាច្បាប់ថ្មីនេះបានធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភដោយសារតែពួកគេត្រូវបានគេផ្តល់ពេលវេលាឲ្យតិចតួចពេកដើម្បីធ្វើការកែតម្រូវលើករណីចាំបាច់សំខាន់ៗ។ លោកប្រមុខកងទ័ពបញ្ជាក់ទៀតថាដូច្នេះហើយការដាក់ពិន័យនៅក្នុងផ្នែកទី ១០១,១០២,១១៩ និង ១២២ នៃច្បាប់ថ្មីនេះនឹងត្រូវពន្យារពេលចំនួន ១៨០ ថ្ងៃគឺរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៧ ដោយប្រើប្រាស់ផ្នែកទី ៤៤។ ផ្នែកទី ១០១ បានចែងអំពីការដាក់ទណ្ឌកម្មចំពោះពលករបរទេសណាដែលធ្វើការដោយខុសច្បាប់ផ្នែកទី ១០២ បានចែងអំពីការដាក់ទណ្ឌកម្មចំពោះនិយោជកណាដែលជួលពលករបរទេសឲ្យធ្វើការលើមុខតំណែងណាដែលដាក់កំហិត ផ្នែកទី ១១៩ ផាកពិន័យលើការជួលពលករបរទេសឲ្យធ្វើការដោយមិនបានរាយការណ៍ហើយផ្នែក ១២២ គឺផាកពិន័យដល់ការជួលពលករដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ Chalermchai បានថ្លែងថាក្រឹត្យថ្មីនេះមានអត្ថប្រយោជន៍ច្រើនពីព្រោះវានឹងជួយរៀបចំការងាររបស់ពលករបរទេសឲ្យមានសណ្តាប់ធ្នាប់ និងលើកកម្ពស់សន្តិសុខជាតិ។ លោកឧត្តមសេនីយ៍ Chalermchai បន្តថាច្បាប់គ្រប់គ្រងពលករបរទេសត្រូវបានធ្វើសេរីភាវូបនីយកម្មហើយមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនពលករបរទេសដែលកំពុងធ្វើការនៅទីនេះទេ។

សហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ផលិតផលទំនិញរបស់ថៃបានឃ្លាំមើលយ៉ាងដិតដល់លើបញ្ហាពលករបរទេសនៅក្នុងប្រទេសថៃ ដូច្នេះហើយការត្រួតពិនិត្យគឺជារឿងចាំបាច់មួយដែលថៃត្រូវធ្វើ។ ការពិន័យជាប្រាក់ដ៏ធ្ងន់ធ្ងរដោយក្រឹត្យថ្មីនេះគឺដូចគ្នាទៅនឹងច្បាប់ការងារដែលពាក់ព័ន្ធផ្សេងទៀតដែរហើយវានឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិទាំងមូល។

អ្នកនាំពាក្យ NCPO លោក Winthai Suvaree បានថ្លែងថាក្រឹត្យនេះបានធ្វើឱ្យកម្មករអន្តោប្រវេសន៍ជាច្រើនធ្វើដំណើរចាកចេញភ្លាមៗដោយមិនបានគ្រោងទុកជាមុន ដូច្នេះហើយរដ្ឋាភិបាលត្រូវចាត់វិធានការដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយលោកស្រី កាត់ស៊ូដា ណុងគុលសាត (Katsuda Nongaolcsart) មន្ត្រីនៅក្នុងនាយកដ្ឋានក្រសួងនយោបាយមុខងារថៃបានថ្លែងថាមិនទាន់បានទទួលដំណឹងជាផ្លូវការនៅឡើយទេពីក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ (NCPO)។ លោកស្រី កាត់ស៊ូដា ថ្លែងថា៖ «យើងបានឮពីដំណឹងនេះដែរតែមិនទាន់មានការប្រកាសជាផ្លូវការទេ»។

លោកស្រី ស៊ិន ណាំយៀង នគរបាលប៉ុស្តិ៍ព្រំដែនកម្ពុជា-ថៃ ផ្នែកទទួលពលករខ្មែរពីថៃបានឲ្យដឹងពីម្សិលមិញថារថយន្តនគរបាលថៃ ៩ គ្រឿងបានដឹកពលករខ្មែរប្រមាណជាង ៤០០ នាក់មកវិញកាលពីវេលាម៉ោង ៤ រសៀល ហើយពលករនៅតែបន្តសម្រុកមកវិញរហូតដល់ម៉ោង ៩ យប់។ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចបិទ និងបន្តបិទរហូតមកដល់ថ្ងៃម្សិលមិញនេះនៅច្រករបៀងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃចំនួន ៤៣ ច្រកនៅខេត្តបន្ទាយមានជ័យ និងពី ២០ ទៅ ៣០ ច្រកក្នុងខេត្តបាត់ដំបងដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរមិនឲ្យលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ចាប់តាំងពីអាជ្ញាធរមានសមត្ថកិច្ចថៃបានចាត់វិធានការបង្ក្រាបលើពលករបរទេសខុសច្បាប់នៅក្នុងប្រទេសគេ៕ NS/រាយការណ៍បន្ថែមដោយ Bangkok Post

website_news/2017050708.txt · Last modified: 2017/07/05 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki