website_news:2017050712

កុំអាលភ័យឆោឡោ!ច្បាប់ការងារបរទេសថ្មីត្រូវពន្យារពេលអនុវត្តរហូតដល់ទៅ ៦ ខែឯណោះ!

http://www.rasmei-kampuchea-news.html ដោយ ៖កញ្ញាដាលីស ថ្ងៃទី 4 កក្កដា 2017 ម៉ោង 04:27:PM

អាជ្ញាធរថៃឥឡូវនិយាយថា ពួកគេនឹងទុកពេល ៦ ខែទៀតដល់និយោជក និង ពលករបរទេស ដែលត្រូវការពេលវេលាដើម្បីសម្របខ្លួនទៅនឹងច្បាប់ការងារបរទេសថ្មីនេះ។ មាត្រាចំនួន ៤ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងពលកម្មបរទេស ត្រូវបានពន្យារពេលអនុវត្តរហូតដល់ចុងឆ្នាំនេះ។ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក ចាឡឺមចៃ សិទ្ធីសាត និយាយនៅថ្ងៃអង្គារទី ៤ កក្កដានេះថា មាត្រាទាំង ៤ ដែលចែងថា ដាក់ពិន័យធ្ងន់ធ្ងរប្រឆាំងនឹងនិយោជកល្មើសច្បាប់ និងកម្មករខុសច្បាប់នោះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ២០១៨ ជំនួសវិញ។ មាត្រាទាំង ៤ នោះរួមមាន៖

មាត្រាទី ១០១ ចែងថា ដាក់គុក ៥ ឆ្នាំ និង/ឬ ផាកពិន័យរហូតដល់ ១០០.០០០ បាតដល់ជនបរទេសណា ដែលធ្វើការដោយគ្មានការអនុញ្ញាត ឬ ស្ថិតនៅក្រៅទីតាំងដែលបានកំណត់របស់ពួកគេ។

មាត្រាទី ១០២ ចែងថា ផាកពិន័យ ៤០០.០០០ ទៅ ៨០០.០០០ បាតសម្រាប់និយោជក ក្នុងកម្មករខុសច្បាប់ម្នាក់។

មាត្រាទី ១១៩ ចែងថា ផាកពិន័យ ២០.០០០ ទៅ ១០០.០០០ បាតសម្រាប់ពលករបរទេស ដែលមិនបានជូនដំណឹងដល់អ្នកធ្វើអត្រានុកូលដ្ឋានអំពីការងារពួកគេ។

មាត្រាទី ១២២ ចែងថា ផាកពិន័យ ៤០០.០០០ ទៅ ៨០០.០០០ បាត សម្រាប់និយោជក ដែលជួលពលករបរទេស ដែលចុះឈ្មោះជានិយោជិតរបស់អង្គភាពឬបុគ្គលផ្សេង៕

website_news/2017050712.txt · Last modified: 2017/07/05 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki