website_news:2017051001

អន្តរសភាអាស៊ានផ្តោតលើសុខភាពស្រ្តីពលករចំណាកស្រុក

http://www.v-o-a-news.html 04 តុលា 2017 ម៉ែន គឹមសេង

វ៉ាស៊ីនតោន៖ បញ្ហាសុខភាពរបស់ស្រ្តីជាពលករចំណាកស្រុក ត្រូវបានក្រុមអ្នកតំណាងរាស្រ្តក្នុងបណ្តាប្រទេសអាស៊ានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង។ នៅក្នុងសម័យប្រជុំលើកទី៣៨របស់សមាគមអន្តរសភាអាស៊ាននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីខែកញ្ញា ក្រុមអ្នកតំណាងរាស្ត្រជាស្ត្រីមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ បានអនុម័តសេចក្តីសម្រេចមួយដែលស្នើឱ្យបង្កើតយន្តការមួយតាមដាននិងបង្កើនថវិការ ដើម្បីលើកកម្ពស់សុខភាពស្រ្តីជាពលការីនីចំណាកស្រុក។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិបានប្តេជ្ញាថា លោកស្រីនឹងជំរុញឱ្យរដ្ឋាភិបាលបង្កើនថវិកាជាតិលើផ្នែកសុខាភិបាលកាន់តែច្រើន។ លោកស្រី មូរ សុខហួរ បានបន្ថែមថា៖ «ថវិកានោះគឺឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យប្រទេសជាសមាជិកអាស៊ានទាំង១០នេះមានថវិកាគ្រប់គ្រាន់សម្រាប់សុខភាពប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យពលករចំណាកស្រុកនៅប្រទេសណាក៏ដោយ ក៏អាចទទួលបាននូវសេវាសម្រាប់សុខភាពរបស់ស្ត្រីយើងដែរ‍»។ ប្រទេសកម្ពុជាបានបង្កើនថវិកាជាតិរហូតដល់ជាង៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៧ ប៉ុន្តែនៅតែមានការចំណាយតិចលើផ្នែកសង្គមកិច្ច ដោយការចំណាយលើផ្នែកសុខាភិបាលស្ថិតនៅក្នុងរង្វង់តែ៦ភាគរយប៉ុណ្ណោះ។ លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ការចំណាយលើផ្នែកសុខាភិបាលនៅកម្ពុជា នៅមិនទាន់មានតុល្យភាពគ្នាជាមួយនឹងតម្រូវការនៅឡើយទេ ជាពិសេសលើសុខភាពស្ត្រី៖ «យើងមើលពលកររបស់យើងនៅប្រទេសយើង ទោះបីជាសព្វថ្ងៃហ្នឹងបានធូរដោយសារមានការបង់ប្រាក់ពីថៅកែក៏ដោយ ក៏យើងឃើញថាបានតែសម្រាប់ជំងឺតូចតាចទេតែបើសិនជាជំងឺប្រចាំកាយ ជំងឺដ៏ធ្ងន់ធ្ងរទោះបីជាការឆ្លងទន្លេក៏ដោយ ក៏មិនបានសេវាសុខភាពសម្រាប់ធានា និងការពារសុខភាពរបស់ស្ត្រីដើម្បីឱ្យស្រ្តីអាចប្រឈមមុខនឹងការងារ‍»។

អង្គការសហប្រជាជាតិបានរកឃើញថា ពលការិនីចំណាកស្រុកក្នុងតំបន់អាស៊ានទាំងមូល គឺមានជាង៣លាននាក់។ រីឯប្រទេសកម្ពុជាវិញ មានពលការិនីចំណាកស្រុកនៅក្នុងតំបន់សរុបជិត៧០០.០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ។

ពលការិនីខ្មែរម្នាក់ឈ្មោះ ដាំ ស្រីភៀន ដែលធ្វើការនៅក្នុងប្រទេសថៃ ដោយមិនមានឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមច្បាប់បានបញ្ជាក់ពីការលំបាកក្នុងការទទួលបានសេវាសុខាភិបាល ដោយអ្នកស្រីត្រូវបង់ថ្លៃសេវាពេទ្យឯកជនក្នុងតម្លៃខ្ពស់។ អ្នកស្រី ដាំ ស្រីភៀន បានបន្ថែមថា៖ «ក្នុងការព្យាបាលហ្នឹងគឺយើងសន្សំពីកម្លាំងរបស់យើងក្នុងការដែលយើងធ្វើការហ្នឹងតែម្តង។ …អីចឹងក្នុងការព្យាបាលរបស់នាងខ្ញុំ គឺមានការបង់ថ្លៃសេវាច្រើនព្រោះខ្ញុំអត់មានថៅកែត្រឹមត្រូវ គឺខ្ញុំចូលមកដោយខុសច្បាប់»។

ក្នុងខណៈពេលដែលពលការិនីម្នាក់ទៀត ដែលធ្វើការដោយស្របច្បាប់នៅក្នុងរោងចក្រនៅប្រទេសថៃ ទទួលបានសេវាព្យាបាល និងពិនិត្យសុខភាពយ៉ាងត្រឹមត្រូវនិងទៀងទាត់។ អ្នកស្រី ឃឹម ស្រីមុំ ពលការិនីរោងចក្រកាបូប បានបញ្ជាក់ថា៖ «នៅពេលដែលជួបបញ្ហាសុខភាពខ្ញុំមានពេទ្យមើលការខុសត្រូវ។ …. ក្នុងមួយខែជួនកាលត្រូវជួបពេទ្យពីរដងឬបីដងដែរ‍»។ ប៉ុន្តែពលការិនីចំណាកស្រុកខ្មែរលើកឡើងថា ពួកគេទទួលបានសេវាសុខភាពនៅទីនោះល្អជាងក្នុងប្រទេសកម្ពុជា៕

website_news/2017051001.txt · Last modified: 2017/10/05 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki