website_news:2017051002

ផលប៉ះពាល់ពីការធ្វើចំណាកស្រុកទៅលើកុមារ

http://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2017-10-04

មូលនិធិសហប្រជាជាតិដើម្បីកុមារហៅកាត់ថា អង្គការយូនីសហ្វ (UNICEF) បានចេញរបាយការណ៍សិក្សាស្រាវជ្រាវសង្ខេបមួយ ស្ដីពីផលប៉ះពាល់លើកុមារនៃការធ្វើចំណាកស្រុកក្នុងរាជធានីខេត្ត គោលដៅនៃប្រទេសកម្ពុជា។ របាយការណ៍នោះគឺជាការសិក្សាជំហានដំបូង ពីផលប៉ះពាល់ទៅលើកុមារ ទាំងកុមារដែលត្រូវឪពុកម្ដាយទុកចោលនៅផ្ទះ និងកុមារដែលធ្វើចំណាកស្រុកទៅជាមួយពួកគេ។ អង្គការយូនីសហ្វក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមួយចំនួន ដើម្បីកែលម្អផលប៉ះពាល់ទាំងនោះ។ របាយការណ៍សង្ខេបកម្រាស់២០ទំព័រចេញផ្សាយកាលពីថ្ងៃទី២ ខែ តុលារបស់អង្គការយូនីសេហ្វ រកឃើញថា មានផលប៉ះពាល់ដោយប្រយោលពីការធ្វើចំណាកស្រុករបស់ឪពុកម្ដាយ ទៅលើកុមារ ក្នុងនោះរួមមាន ផលប៉ះពាល់លើផ្នែកការរស់នៅ ការអប់រំ កិច្ចការពារកុមារសុខុមាលភាព ផ្លូវអារម្មណ៍ និងផ្លូវចិត្តកុមារ។

ក្នុងរបាយការណ៍នោះបង្ហាញដែរថា ដោយសារមានការកើនឡើងនូវចំណាកស្រុកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទើបយូនីសេហ្វ បានរៀបចំអោយមានការសិក្សានេះឡើង ដើម្បីវាយតម្លៃលើផលប៉ះពាល់លើកុមារ។ ការប្រមូលទិន្នន័យធ្វើឡើងតាមរយៈការពិភាក្សាក្រុមគោលដៅចំនួន២៩ មានអ្នកចូលរួមចំនួន ២៥១នាក់ (មនុស្សពេញវ័យ ជាឪពុកម្ដាយ អាណាព្យាបាល និងជីដូនជីតា ចំនួន៦២នាក់ និងកុមារ១៨៩នាក់ទាំងកុមារធ្វើចំណាកស្រុកជាមួយឪពុកម្ដាយ និងត្រូវទុកចោលតាមភូមិ) ដោយបានធ្វើនៅរាជធានីភ្នំពេញ និងខេត្តគោលដៅ មានបាត់ដំបង ប៉ោយប៉ែត បន្ទាយមានជ័យ ព្រៃវែង និងសៀមរាប។

ការសិក្សានេះបានរកឃើញជាថ្មីម្ដងទៀត ដែលបញ្ជាក់អោយកាន់តែច្បាស់ថា ហេតុផលធំជាងគេដែលនាំអោយគ្រួសារធ្វើចំណាកស្រុកគឺហេតុផលហិរញ្ញវត្ថុគ្រួសារ។ ក្នុងចំណោមករណីសិក្សាចំនួន៧ គឺមានចំនួន៦ ដែលមានបញ្ហាស្រដៀងៗគ្នា ក្នុងនោះគឺមានសមាជិកគ្រួសារម្នាក់ធ្លាក់ខ្លួនឈឺ ហើយប្រើប្រាស់ដីជាវត្ថុបញ្ចាំ ដើម្បីខ្ចីលុយមករ៉ាប់រងថ្លៃព្យាបាល។ ជារឿយៗ ពួកគេក៏បានខ្ចីពីម្ចាស់បំណុលមួយយកទៅសងម្ចាស់បំណុលមួយទៀត។ ក្នុងនោះពួកគេបានជំពាក់បំណុលចន្លោះពី ១ពាន់ (១.០០០) ទៅ១ម៉ឺន (១០.០០០) ដុល្លារ។

របាយការណ៍ដដែលរកឃើញថា កម្ពុជាជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារដែលមាត្រា១២ ចែងថា គួរមានការពិចារណាពីទស្សនៈរបស់កុមារពាក់ព័ន្ធនឹងការសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវិត និងសុខុមាលភាពរបស់ពួកគេ។ ប៉ុន្តែកុមារភាគច្រើនក្នុងចំណោម ១៨៩នាក់ ដែលបានសាកសួរបញ្ជាក់ថាពុំមានការពិគ្រោះយោបល់ជាមួយកុមារឡើយនៅពេល ដែលឪពុកម្ដាយរបស់ពួកគេសម្រេចចិត្តធ្វើចំណាកស្រុក។ ក្នុងនោះមានតែកុមារ២នាក់ត្រូវបានសាកសួរថាតើពួកគេចង់ទៅជាមួយឪពុកម្ដាយរបស់គេឬអត់។ កុមារតូចៗជាច្រើនត្រូវបានទុកចោលអោយនៅជាមួយជីដូនជីតា ឬសាច់ញាតិខណៈកុមារអាយុលើស១៥ ឆ្នាំច្រើនតែធ្វើដំណើរទៅតាមឪពុកម្ដាយ ឬសាច់ញាតិ ជាទូទៅពួកគេទៅធ្វើការដែរ។

ចំពោះកុមារដែលត្រូវទុកចោលច្រើនតែបោះបង់ការសិក្សា ជាពិសេសកុមារី ដោយហេតុថាពួកគេត្រូវរួមចំណែកធ្វើការងារផ្ទះ និងរកចំណូលជួយគ្រួសារ ឬមានចំណាប់អារម្មណ៍តិចតួច លើការរៀនសូត្រ។ ប៉ុន្តែក៏មានការអះអាងពីលទ្ធផលនៃការសិក្សាកាន់តែល្អរបស់កុមារដែរ ដោយសារជីវភាពពួកគេកើនឡើង។ ជាញឹកញយកុមារជួបប្រទះនឹងការគំរាមកំហែងចំពោះសុវត្ថិភាព ការបំពារបំពានផ្លូវភេទ និងផ្លូវកាយនៅពេលទុកអោយនៅជាមួយសាច់ញាតិ។ កុមារតូចៗរហូតដល់អាយុ២ឆ្នាំធ្លាប់ត្រូវទុកចោលអោយនៅតែឯងយូរអាចជាច្រើនថ្ងៃ ច្រើនសប្ដាហ៍ ទាំងដឹងថាអាចមានគ្រោះថ្នាក់សម្រាប់ពួកគេ ប៉ុន្តែត្រូវពន្យល់ថាគឺដោយសារពុំអាចរកអ្នកណាអោយជួយមើលបាន។ ពួកគេក៏ទទួលរងផលប៉ះពាល់អវិជ្ជមានជាច្រើនខាងផ្លូវអារម្មណ៍ និងផ្លូវចិត្តដូចជាការរំខានទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនជាដើម។

ត្រង់ចំណុចនេះ ចំពោះអ្នកសិក្សាការអភិវឌ្ឍសង្គមជាពិសេស លោក បណ្ឌិត កែម ឡី កាលលោកនៅមានជីវិតធ្លាប់បានលើកឡើងថា ភូមិដែលមានអ្នកចំណាកស្រុកច្រើនគឺជាភូមិយាយចាស់មានកូនខ្ចី ពោលគឺបន្ទុកថែទាំកុមារត្រូវធ្លាក់ទៅលើជីដូនជីតាវ័យចាស់ និងមានជំងឺប្រចាំកាយ៖ «ភាគច្រើនយុវជនគាត់ចំណាកស្រុកគាត់ទុកកូនៗនៅស្រុកឲ្យយាយៗ តាៗជួយមើល ជាបន្ទុកមួយ។ បើកូននោះផ្ញើលុយមកមិនអីទេ ប៉ុន្តែបើកូនខ្លះគាត់អត់មានលទ្ធភាពផ្ញើលុយមកទេ យាយតានោះលំបាកជាមួយចៅហើយ ដែលនេះហើយទាក់ទងការអប់រំ»។

ចំណែកកុមារទៅតាមឪពុកម្ដាយរបាយការណ៍របស់អង្គការយូនីសេហ្វដដែលបង្ហាញថា បញ្ហាធំរបស់ពួកគេគឺការសិក្សា បញ្ហាការពារកុមារ និង ពលកម្មកុមារ។ កុមារដែលចំណាកស្រុកមកកាន់ទីក្រុង ជួបការលំបាកក្នុងការចុះឈ្មោះចូលរៀនឡើងវិញដោយសារបញ្ហាសំបុត្រកំណើត និងកម្រៃសេវាក្រៅផ្លូវការ។ នៅពេលបានចូលរៀនកុមារក្នុងគ្រួសារក្រីក្រជួបការលំបាកដោយសារចំណាយខ្ពស់ក្នុងការបង់ថ្លៃសាលារៀនក្រៅផ្លូវការ។ ការសិក្សាក្នុងឆ្នាំ២០១២ បានបង្ហាញថា កុមារពុំមានលទ្ធភាពបង់ថ្លៃសាលានឹងត្រូវគេធ្វើអោយអាម៉ាស់មុខ ហាមឃាត់មិនអោយចូលរួមពេញលេញក្នុងថ្នាក់រៀន ឬអាចប្រឡងមិនជាប់ដើម្បីបានឡើងថ្នាក់។

ចំណែកកុមារដែលចំណាកស្រុកទៅប្រទេសថៃជួបប្រទះនឹងបញ្ហាមួយចំនួនក្នុងការទទួលបានការអប់រំដែរ បញ្ហាទាំងនោះរួមមានខ្វះខាតឯកសារត្រឹមត្រូវ ភាពចាំបាច់ក្នុងការរកប្រាក់ចំណូល និងការប្រែប្រួលនៃ រយៈពេលស្នាក់នៅ និងភាពមិនស្របច្បាប់។ កុមារដែលមានអាយុពី១៥ ដល់១៨ឆ្នាំពិបាកនឹងបានបន្តការសិក្សា នៅពេលដែលវ័យរបស់ពួកគេសមស្របនឹងធ្វើការងារពេញម៉ោង។

ករណីខ្លះទៀតកុមារដែលសម្រេចចិត្តធ្វើចំណាកស្រុកតែឯងគឺកាន់តែប្រឈមនឹងការកេងប្រវ័ញ្ច និងគ្រោះថ្នាក់ផ្សេងៗ។ ជាមួយគ្នានេះកុមារមានអាយុច្រើនត្រូវទៅធ្វើការងារសំណង់ដែលត្រូវចាត់ទុកថាជាការងារប្រឈមនឹងគ្រោះថ្នាក់។ កុមារដែលទៅធ្វើការនៅប្រទេសថៃ ជួបប្រទះបញ្ហាមួយចំនួនទៀតដូចជាការបង្ខំអោយសុំទាន ធ្វើការងារដោយគ្មានច្បាប់ត្រូវតម្រួតថៃចាប់ខ្លួន បញ្ជូនមកវិញ ដោយបែកខ្ញែកពីឪពុកម្ដាយ កុមារខ្លះត្រូវបញ្ជូនមកវិញភ្លាមខ្លះទៀតត្រូវ ឃុំក្នុងមណ្ឌល ពី៨ខែទៅជាង១ឆ្នាំ។

ក្នុងមណ្ឌលទាំងនោះមានលាយឡំដោយមនុស្សអនាថាដែលពេញវ័យ ហើយបុគ្គលិកក្នុងមណ្ឌលត្រូវចាត់ទុកជាអ្នកត្រួតពិនិត្យកុមារ មិនមែនអ្នកថែទាំកុមារឡើយ ដែលពេលខ្លះក៏មានករណីរំលោភបំពានផ្លូវកាយ និងផ្លូវភេទកុមារកើតឡើង។ កុមារជាច្រើនត្រូវបញ្ជូនមកកម្ពុជាវិញ ហើយត្រូវបានគេនាំទៅស្នាក់នៅមណ្ឌលសំចតនៅប៉ោយប៉ែត ដែលទីនោះមានការខិតខំជួយស្វែងរកឪពុកម្ដាយ។

ទាក់ទិននឹងផលប៉ះពាល់ពីការធ្វើចំណាកស្រុកមកលើកុមារនេះនៅមិនទាន់មានលើកឡើងណាមួយពីមន្ត្រីរដ្ឋាភិបាលនៅឡើយទេ។

កន្លងទៅទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធគឺតែងលើកឡើងពីអត្ថប្រយោជន៍នៃការធ្វើចំណាកស្រុករបស់ពលករខ្មែរ ជាពិសេសចំណាកស្រុកទៅក្រៅប្រទេសខណៈការងារក្នុងស្រុកខ្វះខាត និងប្រាក់ខែទាប។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង ធ្លាប់លើកឡើងថា ការគ្រប់គ្រងចំណាកស្រុកបានល្អគឺជាអត្ថប្រយោជន៍៖ «ចំណាកស្រុកមិនមែនជាចំណុចអវិជ្ជមានទេ បើគ្រប់គ្រងបានល្អហើយពេលនេះប្រទេសក្នុងតំបន់ជាច្រើនកំពុងប្រកួតគ្នាដើម្បីមានការផ្លាស់ប្ដូរកម្លាំងពលកម្ម»។ សម្រាប់អង្គការយូនីសេហ្វដែលបង្ហាញអោយឃើញពីផលប៉ះពាល់ចំពោះកុមារនេះក៏បានលើកឡើងពីសេវាកម្មមួយចំនួនដែលអង្គការសង្គមស៊ីវិលបានផ្ដល់កុមាររងគ្រោះ ដែលរួមមានសេវាមណ្ឌលសំចត ការប្រឹងប្រែងអោយពលករចំណាកស្រុកបានច្បាប់អនុញ្ញាតបំពេញការងារ និងការជួយសង្គ្រោះកុមារជាដើម។ លើសពីនេះរបាយការណ៍ដដែលក៏បានលើកស្នើនូវអនុសាសន៍មួយចំនួនទាក់ទិននឹងការគ្រប់គ្រងចំណាកស្រុករួមមានរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធគួរផ្ដល់អាទិភាពប្រមូលនិងវិភាគទិន្នន័យពីជនចំណាកស្រុក និងកូនៗរបស់ពួកគេនៅពេលដែលពុំមានតួលេខច្បាស់លាស់ពីពួកគេនៅឡើយ ពន្លឿនវិសាលភាពកិច្ចគាំពារសង្គម ដោយផ្ដោតលើគ្រួសារក្រីក្រ ដើម្បីកាត់បន្ថយការជាប់បំណុលដោយសារការចំណាយខ្ពស់លើសេវាសុខភាព ពិនិត្យ និងរៀបចំ ឡើងវិញពីនីតិវិធីកំណត់គ្រួសារក្រីក្រ បង្កើនចំនួនមន្ត្រីសង្គមកិច្ច តាមស្រុក និងឃុំ ដើម្បីកំណត់កុមារងាយរងគ្រោះ និងពិនិត្យលទ្ធភាពផ្ដល់សេវាទារកដ្ឋានបម្រើដល់គ្រួសារចំណាកស្រុក។

ស្របគ្នានេះក្រសួងអប់រំគួរធានាផ្ដល់ព័ត៌មានពិតពីបែបបទក្នុងការចុះឈ្មោះសិស្ស និងត្រូវបត់បែនជួយអោយកុមារចំណាកស្រុកអាចចុះឈ្មោះចូលរៀន ពង្រឹងប្រព័ន្ធតាមដានទីតាំងសិស្ស ពង្រឹងសេវាពិសេសអប់រំយ៉ាងហោចកម្រិតអប់រំមូលដ្ឋានសម្រាប់កុមារចំណាកស្រុកអាយុពី១៥ ដល់ ១៨ឆ្នាំ និងទទួលស្គាល់សាលារៀនសហគមន៍នៅតាមតំបន់របស់ជនចំណាកស្រុក។ ចំពោះទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលវិញគឺគួរគាំទ្រគំនិតផ្ដួចផ្ដើម ស្រាវជ្រាវថ្មីៗ ដើម្បីបំពេញភាពខ្វះខាតចំណេះដឹងពីផលប៉ះពាល់លើកុមារចំណាកស្រុក គាំទ្រក្រុមប្រឹក្សាឃុំកំណត់រកកុមារងាយរងគ្រោះ ពិនិត្យតាមដានសុខុមាលភាពរបស់ពួកគេដូចជាផ្ដល់ជំនួយសង្គម និងការពារកុមារ កសាងសមត្ថភាព ក្រសួងសង្គមកិច្ច ដើម្បីផ្ដល់សេវាសុខុមាលភាពសង្គមនៅមូលដ្ឋាន៕

website_news/2017051002.txt · Last modified: 2017/10/05 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki