website_news:2017051201

“មជ្ឈមណ្ឌលឱកាសការងារខ្ញុំ” ដកអត្តសញ្ញាណប័ណ្ណពលករទុក

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៧ ម៉ោង ២០:៥២ យន់ ស៊ីថា

រាជធានីភ្នំពេញ ៖ យុវជនចំនួន៤នាក់បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីឲ្យសមត្ថកិច្ចជួយដកយកអត្តសញ្ញាណប័ណ្ណរបស់ពួកគេដែលត្រូវបានក្រុមហ៊ុនមួយឈ្មោះថា “មជ្ឈមណ្ឌលឱកាសការងារខ្ញុំ” ដកទុក ហើយពេលពួកគេទាមទារយកវិញមិនព្រមប្រគល់ឲ្យវិញសោះ។ ប៉ុន្តែអ្វីដែលជារឿងហួសចិត្តនោះ គឺនៅពេលដែលពួកគេទៅពឹងពាក់នគរបាលប៉ុស្តិ៍ចោមចៅ១ម្នាក់ឈ្មោះ កែម ភក្ដី តែដូចជាទៅពឹង”ផ្កាយនៅលើមេឃ” ។ ទីបំផុតពួកគេមិនអាចយកអត្តសញ្ញាណប័ណ្ណពីក្រុមហ៊ុនបានឡើយ ដោយមិនដឹងថា មន្ត្រីនគរបាលខាងលើនោះរាយការណ៍សុំយោបល់ពីលោកនាយប៉ុស្តិ៍ឬអត់នោះទេ? ប៉ុន្តែពេលបានជួបមន្ត្រីនគរបាលម្នាក់នោះ មិនបាននាំពួកគេទៅជួបក្រុមហ៊ុននោះដើម្បីសុំយកអត្តសញ្ញាណប័ណ្ណវិញសាកមើលសិនទេ បែរជាហៅពួកគេទៅអង្គុយលើបង់ក្រោមដើមស្វាយ រួចទាញក្រដាសកិច្ចសន្យារវាងក្រុមហ៊ុន និងយុវជនទាំងនោះអានម្ដង១ចំណុចៗ ឲ្យពួកគេស្ដាប់រហូតដល់ចប់។

ហើយនៅចុងក្រោយនគរបាលម្នាក់នេះបាននិយាយប្រាប់យុវជនទាំង៤នាក់ខាងលើថា ” បងមិនអាចជួយប្អូនទាំអស់គ្នាបានទេ” ចំណែកយុវជនទាំងអស់គ្នាក្រោយទទួលបានចម្លើយនោះភ្លាមបានត្រឹមតែចាកចេញទៅវិញទាំងអស់សង្ឃឹមតែប៉ុណ្ណោះ។ យុវជនទាំង៤នាក់ខាងលើនោះ១,ឈ្មោះ នាក់ ឌី អាយុ២៣ឆ្នាំ ២,ឈ្មោះ ប៉ាក ពុំ អាយុ២៤ឆ្នាំ ៣,ឈ្មោះ ទាម ទី អាយុ២០ឆ្នាំ និង៤,ឈ្មោះ លាង មករា អាយុ២០ឆ្នាំ អ្នកទាំងបីនាក់មានទីលំនៅក្នុងភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ អ្នកទាំង៤នាក់បាននិយាយថា ពួកគេសុទ្ធតែមានជីវភាពទីទ័លក្រមិនមានមុខរបរ ឬការងារអ្វីនោះធ្វើដើម្បីបានលុយទេ ក្រោយមកបានស្ដាប់វិទ្យុមួយហើយបានឮ “មជ្ឈមណ្ឌលឱកាសការងារខ្ញុំ” ប្រកាសស្វែងរកបុគ្គលិកចូលបម្រើការងារ។ ក៏បាននាំគ្នាធ្វើដំណើរចាកចេញពីស្រុកកំណើតនៅឯខេត្តកំពតទៅកាន់ភ្នំពេញ ដើម្បីរកការងារធ្វើនៅ “មជ្ឈមណ្ឌលឱកាសការងារខ្ញុំ”នោះ។ ប៉ុន្តែមិនទាន់បានឃើញកន្លែងធ្វើការផងខាងក្រុមហ៊ុនបានឲ្យធ្វើកិច្ចសន្យា និងយកអត្តសញ្ញាណប័ណ្ណមុន ចំណែកពួកគេក៏មិនបានដឹងថា ក្រុមហ៊ុនមួយនោះមានលក្ខណៈបែបណាឡើយ ប៉ុន្តែនឹកឃើញថាក្រុមហ៊ុននោះធំ និងប្រកាសតាមវិទ្យុត្រឹមត្រូវទើបព្រមធ្វើកិច្ចសន្យាជាមុន។

លុះក្រោយពេលទៅដល់ក្រុមហ៊ុនស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយមើលទៅមិនអាចធ្វើការបានព្រោះជាការងារលីសែងលើកដាក់ធ្ងន់ៗពេកពួកខ្លួនបានសម្រេចចិត្តថាមិនធ្វើវិញ និងបានសុំយកអត្តសញ្ញាណប័ណ្ណមកវិញ។ ប៉ុន្តែខាងក្រុមហ៊ុនមួយនេះមិនព្រមឲ្យវិញទេ ទើបនាំគ្នារត់រកនគរបាលឲ្យជួយតែបែរជាដូចពឹងផ្កាយលើមេឃទៅវិញពិតជាអស់សង្ឃឹមខ្លាំងណាស់។ ប្រភពដដែលបានបន្តទៀតថា នគរបាលឈ្មោះ កែម ភក្ដី មិនបាននាំពួកគេទៅកាន់ក្រុមហ៊ុនមួយនោះ ដើម្បីជួយទំនាក់ទំនងសុំអត្តសញ្ញាណប័ណ្ណវិញទេ។ បែរជានាំពួកគេទៅអង្គុយលើបង់ក្រោមដើមស្វាយ រួចអានកិច្ចសន្យាដែលពួកគេធ្វើជាមួយក្រុមហ៊ុនតាំងពីដើមដល់ចប់។ បន្ទាប់មកបានប្រាប់ឲ្យពួកគេធ្វើការឲ្យចប់កុងត្រា៣ខែសិនទៅចាំយកអត្តសញ្ញាណប័ណ្ណនោះវិញ ហើយចុងក្រោយបានប្រាប់ពួកគេថា” បងមិនអាចជួយប្អូនទាំអស់គ្នាបានទេ”។

ដោយអស់សង្ឃឹមមិនដឹងថា ទៅរកនរណាជួយពួកគេបាននាំគ្នាចាកចេញពីប៉ុស្តិ៍នគរបាលទាំងហួសចិត្ត ហើយមិនដឹងធ្វើយ៉ាងដូចម្ដេចឡើយ ព្រោះអត្តសញ្ញាប័ណ្ណសំខាន់ខ្លាំងណាស់សម្រាប់ពួកគេដើម្បីស្វែងរកការងារធ្វើ។ មតិជាច្រើនបានលើកឡើងថា ក្រុមហ៊ុន “មជ្ឈមណ្ឌលឱកាសការងារខ្ញុំ” នោះគ្មានសិទ្ធិក្នុងការយកអត្តសញ្ញាណប័ណ្ណរបស់គេទៅទុកបែបនេះទេ ហើយក៏គ្មានសិទ្ធិបង្ខិតបង្ខំឲ្យគេធ្វើការដោយមិនពេញចិត្តបែបនេះដែរ។ ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ ឈ្មោះ កែម ភក្ដី គួរតែនាំពួកគេទៅជួបតំណាងក្រុមហ៊ុន សុំយកអត្តសញ្ញាណប័ណ្ណមកវិញសាកមើល ប្រសិនបើបានឲ្យដឹងថាបាន ហើយបើមិនបានក៏ឲ្យដឹងថាមិនបានទៅចុះ មិនគួរលើកហេតុផលច្រើនហើយមិនជួយគ្នាបែបនេះឡើយ ហើយរឿងនេះប្រហែលជាលោកនាយប៉ុស្ដិ៍ចោមចៅមិនបានដឹងឡើយ៕

website_news/2017051201.txt · Last modified: 2017/12/05 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki