website_news:2017051203

រយៈពេល១សប្តាហ៍ចុងក្រោយយ៉ាងហោចណាស់មានពលករខ្មែរជិត១០០នាក់ត្រូវទាហានថៃបង្រ្កាបចាប់ខ្លួនពួកគេឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងប្រទេសថៃ

http://nokorwatnews.com/ ថ្តៃទី ០៤ ខែធ្នូ ឆ្នាំ២០១៧

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមការដកស្រង់ចេញពីកាសែតក្នុងថៃឱ្យដឹងថា យ៉ាងហោចណាស់មាន ពលករខ្មែរជិត១០០នាក់នោះហើយ បានរងការង្រ្កាប ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ពីសំណាក់ក្រុមទាហានថៃសហការ និងតម្រួតថៃ ខណៈដែលពួកគេ ត្រូវបានមេក្លោងរកស៊ីធ្វើជំនួញឈើគ្រញូងជនជាតិខ្មែរ និងមេខ្លោងជនជាតិថៃ សហការគ្នាដឹកនាំឆ្លងដែន និងលបលួចចូលទៅកាន់ឈើគ្រញូងតំបន់ ឧទ្យានជាតិហាមឃាត់ខុសច្បាប់ក្នុងប្រទេសថៃ។ ការបង្រ្កាបពលករខ្មែរចូលទៅកាប់ឈើគ្រញូងក្នុងដីថៃត្រូវបានសមត្ថកិច្ចថៃចេញប្រតិបត្តិការបង្រ្កាបចំនួន៣ករណីផ្សេងគ្នាឃាត់ខ្លួនពលករខ្មែរសរុប៩៥នាក់។

បើតាមប្រភពព័ត៌មានពីកាសែតថៃឱ្យដឹងទៀតថា ករណីទី១,ពលករខ្មែរ១១នាក់រងការបង្រ្កាបកាលពីយប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងឧទ្យានជាតិ ថាប់ឡាន ស្ថិតក្នុងស្រុកខនបុរី ខេត្តនគររាជសីម៉ាប្រទេសថៃ។ កម្លាំងចម្រុះបានដកហូតនូវវត្ថុតាងមួយចំនួនដូចជារណាយន្ត១គ្រឿង និងឈើគ្រញូងចំនួន ១៤ ដុំ ដែលមានតម្លៃសរុបប្រមាណ ជាង១សែនបាតពលករខ្មែរទាំង១១នាក់កំពុងត្រូវបាននាំខ្លួនយកទៅកាន់ រដ្ឋបាលព្រៃឈើ នៅក្នុងស្រុកខនបុរី ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើរបស់ប្រទេសថៃ។នៅចំពោះមុខសមត្ថកិច្ចថៃ ពលករខ្មែរទាំងនោះបានសារភាពថា ពួកគេទាំងអស់គ្នាមានចំនួនប្រមាណជិត ៩០ នាក់ ត្រូវបានជនជាតិខ្មែរ និងថៃ នាំឆ្លងដែន និងធ្វើដំណើរចូលទៅក្នុងតំបន់ឧទ្យានជាតិនេះប្រហែល ជាង១សប្តាហ៍ មកហើយ ដើម្បីធ្វើសកម្មភាពកាប់ឈើគ្រញូងនាំយកមកលក់ឱ្យឈ្មួញរកស៊ីឈើគ្រញូងជាជនជាតិខ្មែរ។

ករណីទី២,កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានការស្ទាក់ចាប់ពលករខ្មែរដែលបានលបលួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិថាប់ឡានស្ថិតក្នុង ស្រុកខនបុរី ខេត្តនគររាជសីមានោះផងដែរ។ ក្នុងកិច្ចប្រតិបត្តិការនោះសមត្ថកិច្ចថៃបាន ឃាត់ខ្លួនជនជាតិខ្មែរបានចំនួន៣៩នាក់ ព្រមទាំងបានដកហូតឈើគ្រញូងជាច្រើនដុំ។

ករណីទី៣,នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧កម្លាំងចម្រុះថៃ បានរុករក និងឈានដល់ការចាប់ខ្លួនជនជាតិខ្មែរ និងថៃ បន្ថែមទៀត៤៥នាក់ នៅក្នុងតំបន់ឧទ្យានជាតិថាប់ឡាននោះផងដែរ ។ ជនសង្ស័យទាំងអស់បានសារភាពថា ពួកគេសរុបប្រមាណជាង ១០០នាក់ ត្រូវបានមេក្លោងខ្មែរ និង ថៃ បាននាំលួចឆ្លងដែរតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ ឈម និងខេត្តបន្ទាយមានជ័យដោយបានបន្តដំណើរលបចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់ខាងលើ និងជញ្ជូនឈើទាំងនេះចេញមកខាងក្រៅ ដោយទទួលបានកម្រៃក្នុងឈើមួយគីឡូក្រាមចំនួនពី២ម៉ឺនរៀលទៅ៣ម៉ឺនរៀល។ សូមបញ្ជាក់ថា បញ្ហាធ្វើជំនួញឈើគ្រញូងឆ្លងដែនខុសច្បាប់ពីដីថៃចូលមកកម្ពុជាឆ្លងកាត់បន្ទាត់ព្រំដែនត្រូវគេមើលឃើញថាពលករខ្មែរកំពុងមានបញ្ហាប្រឈមគ្រោះថ្នាក់អាចរហូតបាត់បង់ជីវិត និងអាបណ្តាលឱ្យរងរបួសដោយរងការបាញ់ប្រហារពីទាហានថៃជាដើម។

សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីប៉ុន្មានខែកន្លងមុននេះមានពលករខ្មែរម្នាក់បានរងការបាញ់ប្រហារបង្កឱ្យរងបួសនៅក្នុងដីថៃស្ថិតនៅក្នុងស្រុកបររ៉ាយខេត្តត្រាត ប្រទេសថៃ ឈម និងស្រុកសំឡូតខេត្តបាត់ដំបង មិនតែប៉ុណ្ណោះនៅក្នុងតំបន់ឧទ្យានជាតិអភិរក្សខេត្តច័ន្ទបុរី ប្រទេសថៃឈម និងខេត្តប៉ៃលិនក៏ធ្លាប់កើតឡើងពលករខ្មែរមួយចំនួនចូលកាប់ឈើគ្រញូងនៅទីនោះ បានរងការបង្រ្កាបចាប់ខ្លួនផងដែរ។

បញ្ហាការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរចូលកាប់ឈើគ្រញូងក្នុងដីថៃត្រូវគេមើលឃើញថា មិនអាចដោះស្រាយបាននោះឡើយគ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា មានសមត្ថកិច្ចមួយចំនួនទាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃឈរជើងតាមបន្ទាត់ព្រំដែនត្រូវគេដាក់ការសង្ស័យជាប់ព័ន្ធ និងការរកស៊ីឈើគ្រញូងខុសច្បាប និងបើកផ្លូវឱ្យពលករទាំងនោះឆ្លងដែនចូលប្រទេសថៃ ៕ សំវិច្ឆិកា

website_news/2017051203.txt · Last modified: 2017/12/05 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki